Connect with us

ព័ត៌មានជាតិ

មន្ត្រីចាត់ទុករបាយការណ៍សិទ្ធិមនុស្ស របស់អាមេរិកធ្វើហួសព្រំដែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកថារបាយការណ៍ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ទាក់ទងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺធ្វើឡើងខ្វះភាពសត្យានុម័ត និងជាទិន្នន័យបំប៉ោងព័ត៌មាន។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យបានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទាក់ទងស្ថានភាពសិទ្ធិមនុស្សនៅតាបបណ្តាប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ។ ហើយអាមេរិកគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃនោះទេ ប៉ុន្តែសហរដ្ឋ អាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគី និងតាមអំពើចិត្ត លើស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា របាយការណ៍របស់អាមេរិក ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន ដោយហេតុផលថា ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិក ដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការអាមេរិកបានជំពាក់កម្ពុជា និងពលរដ្ឋដ៍ស្លូតត្រង់ ដែលបានទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

ម្យ៉ាងទៀត សហរដ្ឋអាមេរិកខ្លួនឯងមិនបានធ្វើជាគំរូភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិមនុស្ស។ អ្វីដែលគួរឱ្យហួសចិត្តនោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រា ស្តីពីសិទ្ធិមនុស្សរបស់ខ្លួនឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ទៀតថា របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំងបដិសេធ លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៍ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុងដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស ហើយចុងក្រោយ ខ្លឹមសារ និងពាក្យពេជន៍ នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្តូរខុសប្លែកពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធ ឬលក្ខណៈយុទ្ធសាស្ត្របែបណា ដែលប្រទេសនិមួយៗមានជាមួយអាមេរិក។ 
អ្នកនាំពាក្យលើកឡើងទៀតថា ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិមនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយ ដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញ និងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។

ដូចដែល លោក អានតូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការ សហប្រជាជាតិ ធ្លាប់បានលើកឡើង “សិទ្ធិមនុស្ស ដាច់ខាត់មិនមែនជាយានសំរាប់ស្តង់ដារទ្វេ ឬមធ្យោបាយ ដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ”។
ជាមួយគ្នានោះ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និងការ គោរពសេរីភាព​ជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម