ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជា ជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ
ហេតុការណ៍ដែលកងទ័ពថៃបានចូលមកជាន់មីនផ្ទុះក្នុងតំបន់ព្រំដែនតំបន់មុំ៣ ខេត្តព្រះវិហារ ដែលយោងតាមរបាយការណ៍ក្រសួងការពារជាតិ បានបង្ហាញថា ទីតាំងផ្ទុះនោះ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយបណ្ដាលឱ្យទាហានថៃ៣នាក់រងរបួស និងបើតាមប្រភពព័ត៌មានខ្លះ មានទាហានថៃម្នាក់បានស្លាប់ថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានអះអាងថា ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជានេះ គឺជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជានេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះថៃពិតជាបានដឹងថា ផ្អែកលើផែនទីអន្តរជាតិ បារាំង-សៀម ទីតាំងកើតហេតុ គឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងជាតំបន់មានមីនស្រាប់ ព្រោះនៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ទាហានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទាហានរដ្ឋាភិបាលត្រីភាគី បានដាក់ពង្រាយមីនជាច្រើនប្រឆាំងគ្នា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ (ព្រោះក្រុមរដ្ឋាភិបាលត្រីភាគីស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ)។ នេះមានន័យថា ទីតាំងដែលមានមីនចាស់ស្ថិតនៅពាសពេញនោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា។
លោកបណ្ឌិតបានបន្តថា បើយោងតាមការពិភាក្សា និងព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យទាហានថៃដើរល្បាតចូលមកក្នុងតំបន់នេះឡើយ។ ដូច្នេះ ករណីទាហានថៃបានរំលោភលើកិច្ចព្រមព្រៀង និងចូលមកក្នុងតំបន់ហាមឃាត់ គឺជាចេតនារបស់ថៃដែលមានបំណងទាញកម្ពុជាឱ្យធ្លាក់ចូលអន្ទាក់ច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ស្ដីពី ការចៀសវាងប្រើប្រាស់មីនប្រឆាំងមនុស្ស ខណៈមីនទាំងនេះ គឺជាមីនចាស់ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាប៉ុណ្ណោះ។ ទោះជាយ៉ាងណា ល្បិចរបស់ថៃនេះ គឺជាការទាញដៃកម្ពុជា ប៉ុន្តែ ថៃខ្លួនឯងទៅវិញទេដែលជាអ្នកធ្លាក់ចូលអន្ទាក់ដែលខ្លួនបានរៀបចំ។

បើតាមលោកបណ្ឌិត យង់ ពៅ ថៃបានដើរទាន់ជាន់កែងខ្លួនឯងនៅត្រង់ថា កម្ពុជាបានបបួលថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែថៃមិនព្រមទៅដើម្បីអនុវត្តច្បាប់អន្តរជាតិទេ ប៉ុន្តែ ថៃបែរជាលង់ភ្លេចខ្លួនចង់នាំកម្ពុជាទៅប្ដឹងនៅអង្គការសហប្រជាជាតិទៅវិញ។ នៅត្រង់ចំណុចនេះ មានន័យថា ថៃខ្លួនឯង គឺជាអ្នករៀបចំសេនារីយ៉ូដើម្បីចោទប្រកាន់កម្ពុជាថាបានរំលោភសន្ធិសញ្ញាអន្តរជាតិ នៅក្នុងករណីវិវាទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ហេតុនេះ តុលាការអន្តរជាតិ ដែលជាស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិ ពិតជាត្រូវពិនិត្យមើលទៅលើអង្គហេតុ និងអង្គច្បាប់ ដើម្បីកាត់សេចក្ដីលើសំណុំរឿងនេះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិដែលពាក់ព័ន្ធ។ មានន័យថា ថៃដែលតែងតែគេចវេសមិនចង់ចូលខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ តែបែរជាលើកឡើងអំពីការប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ដែលនឹងមិនអាចចៀសវាងផុតពីការលើកសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដែលស្ថិតនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រសិនបើសំណុំរឿងនេះទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ នោះតុលាការនឹងលើកយកសន្ធិសញ្ញាព្រំដែនបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិ ធ្វើជាមូលដ្ឋាននៅក្នុងការកាត់សេចក្ដីថា តើទីតាំងភូមិសាស្ត្រតំបន់ដែលផ្ទុះមីន ស្ថិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសណា ហើយតើភូមិសាស្ត្រនោះមានបន្សល់មីនចាស់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែរ ឬយ៉ាងណា? ពោល គឺមិនមែនជាព្រំដែនដែលថៃគូសជាឯកតោភាគីនោះឡើយ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នេះ ជាទង្វើទុច្ចរិតរបស់ថៃចំពោះប្រទេសកម្ពុជា ប៉ុន្តែ ចុងក្រោយនឹងហុចផ្លែដាវទៅចាក់ថៃទៅវិញនោះទេ ព្រោះកម្ពុជាមិនមានភាពចាំបាច់ទៅដាក់បង្កប់មីននៅលើទឹកដីថៃ ឬដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃឡើយ។
សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា មិនមានអ្វីជាការព្រួយបារម្ភនោះទេ ព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពិតជាយល់ច្បាស់អំពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនដោយពួកគាត់នឹងមិនចូលទៅកាន់តំបន់កងទ័ពហាមឃាត់ ដែលគ្មានតម្រាយផ្លូវពីកងទ័ពកម្ពុជា និងដែលបច្ចុប្បន្នកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ ដែលថៃកំពុងមានមហិច្ឆតាឈ្លានពានកម្ពុជា។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានអះអាងថា ពលរដ្ឋកម្ពុជាយល់ច្បាស់ពីភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាពជាតិ ហើយពួកគាត់ពិតយល់ច្បាស់ពីមរតកដែលបន្សល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា។

សម្រាប់លោកបណ្ឌិត យង់ ពៅ ករណីទាហានថៃបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថៃចោទប្រកាន់មកលើកម្ពុជាថាបានបង្កប់មីនថ្មី និងប្រកាសប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិខាងលើនេះ បានបង្ហាញថា ជារៀងដរាបមក ថៃពិតជាមិនបោះបង់ចោលមហិច្ឆតាឈ្លានពាន និងមួលបង្កាច់មកលើកម្ពុជានោះឡើយ ពិសេសចាប់តាំងពីករណីទាហានថៃបានលបចូលមកបាញ់ប្រហារលើកងទ័ពកម្ពុជាដែលបានបណ្ដាលឱ្យយោធិនកម្ពុជាមួយរូបបាត់បង់ជីវិត។
ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្ធូរបន្ថយភាពតានតឹង ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវតែដោះស្រាយបញ្ហាព្រំដែន ដោយប្រើប្រាស់ច្បាប់អន្តរជាតិដែលរួមមានសន្ធិសញ្ញានិ ងផែនទីព្រំដែនបារាំង-សៀម រួមទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ចៀសវាងការប្រើប្រាស់ផែនទីជាឯកតោភាគីដែលថៃបានគូសដោយខ្លួនឯង ដែលជាហេតុនាំឱ្យថៃមានបញ្ហាព្រំដែនមិនចេះចប់ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


