Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ -១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួង

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២១បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិក មន្ត្រីរាជការរបស់ក្រសួងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការចាក់វ៉ាក់សាំងនេះរៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងនេះដែរ លោកបណ្ឌិត អ៊ិត សំហេងមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សដែលជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

លោករដ្ឋមន្ត្រីបានបន្តថាវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួនអ្នក ការពារក្រុមគ្រួសារអ្នក និងការពារសហគមន៍យើង ដើម្បីកុំឲ្យវីរុសកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងផ្ទះរបស់យើង និងចូលក្នុងសង្គមរបស់យើង ដែលធ្វើឲ្យមានមហន្តរាយសុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា« ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវចងចាំថា ត្រូវតែបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងនៃជំងឺកូវីដ-១៩ កាត់បន្ថយលើផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

នៅក្នុងយុទ្ធនាការនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានត្រៀមចាក់វ៉ាក់សាំងដល់ក្រុមអាទិភាព ៧៤៥០០០នាក់ សម្រាប់ដូសទី១នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើមនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ដោយឡែកសម្រាប់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម