Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន​៖ “​រួម​គ្នា​ទិញ និង​ប្រើប្រាស់​ផលិត​ផល​ខ្មែរ គឺ​រួមគ្នា​លើកកម្ពស់​កិត្យានុភាព​ជាតិ​”

បានផុស

នៅ

​នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ នៅក្នុង​សារលិខិត​អបអរសាទរ​ទិវា​ជាតិ លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ ៩ មេសា លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​រួមគ្នា​ទិញ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺ​រួមគ្នា​លើកកម្ពស់​កិត្យានុភាព​ជាតិ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំនេះ​ជា​ឆ្នាំ​ទី​៤ ដែល​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្នុងនាម​ជា​សេនាធិការ ជូន​រាជរដ្ឋាភិបាល​បានរៀបចំ​ទិវា​ជាតិ​លើកកម្ពស់​ផលិតផល​ខ្មែរ អម​ជាមួយនឹង​ព្រឹត្តិការណ៍ យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ រដូវ​កាល​ទី​៦ របស់​ក្រសួងពាណិជ្ជកម្ម​។ សម្តេច​បន្តថា ថ្វីត្បិតតែ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ មិនអាច​រៀបចំ​បាន​ដោយផ្ទាល់​នៅតាម​ទីសាធារណៈ ដើម្បី​បំផុស​ការចូលរួម​ពី​ប្រជាជន​យើង​នៅក្នុង​កាលៈទេសៈ នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ប៉ុន្តែ​សកម្មភាព នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងពីរ​នាពេល​កន្លងមក បាន​ដើរតួនាទី​ដ៏​សំខាន់​ជួយ​ដល់​ផលិតករ​ក្នុងស្រុក​ឱ្យ​គិតគូរ​លើកកម្ពស់​គុណ​ត​ម្លៃ​បន្ថែម នៃ​ផលិតផល​របស់ខ្លួន តាមរយៈ​ការពង្រឹង​គុណភាព សុវត្ថិភាព​ផលិតផល ការ​វេច​ខ្ចប់​ប្រកបដោយ​សោភ័ណភាព និង​តម្លៃ​សមស្រប ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។​


​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង​ទៀតថា ក្នុង​រយៈពេល​២៣​ឆ្នាំ​កន្លងមកនេះ ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ក្របខ័ណ្ឌ​សង្គមជាតិ​ទាំងមូល មាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង ក្រោម​ម្លប់​នៃ​សុខសន្តិភាព ដោយ​យើងទាំងអស់គ្នា​បានរួម​គ្នា​ស្តារ និង​កសាង​ប្រទេស​នាំ​ឆ្ពោះទៅរក​ការអភិវឌ្ឍ បានប្រែក្លាយ​ខ្លួន​ពី​ប្រទេស ដែលមាន​សេដ្ឋកិច្ច​អន់ថយ​និង​មាន​អត្រា​ភាព ក្រីក្រ​ខ្ពស់​ក្លាយទៅជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច អត្រា​នៃ​ភាពក្រីក្រ​ធ្លាក់​ទាប ដែល​បាន​នាំ​កម្ពុជា ចាក​ចេញពី​ចំណាត់ថ្នាក់​ប្រទេស​មាន​ចំណូល​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កំណើន​ទាំងនេះ​ត្រូវបាន​ជំរុញ​ដោយ​ស្ថិរភាព​នយោបាយ​ដែលជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ការផ្តល់​ទំនុកចិត្ត ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ព្រមទាំង​ជំរុញ ឱ្យមាន​ការកើនឡើង​នូវ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​ពាណិជ្ជកម្ម​អន្តរជាតិ​។​


​រាជរដ្ឋាភិបាល​ពិត​ជាមាន​មោទនភាព​ចំពោះ​ការខិតខំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​រាជធានី​-​ខេត្ត​ទាំង​២៥ ក្រសួងពាណិជ្ជកម្ម និង​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​សហការគ្នា​បំផុស​ចលនា​ការទិញ និង​ប្រើប្រាស់ ផលិតផល​ខ្មែរ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​ឱកាស​នៃ​ជំងឺ​រាតត្បាត​មេរោគ​កូ​វីដ​-១៩ ដែល​យើង​ត្រូវ​ពង្រឹង និង​ពង្រីក​ផលិតផល​ក្នុងស្រុក ទាំង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​សេវាកម្ម​។ សម្តេច​សូមឱ្យ​ការអបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៤ គឺជា​ការ​ទូងស្គរ​ដាស់​ស្មារតី​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប នាំគ្នា​លើកកម្ពស់​ការប្រើប្រាស់ និង​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។


​ជាមួយគ្នា​នោះ ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​ចំណុច​ចំនួន​៥ រួមមាន​៖
​ទី​១, គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​បន្ត​កិច្ចសហការ និង​សម្របសម្រួល​ជាមួយគ្នា​ឱ្យបាន​រលូន​បន្តទៀត ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ ការយល់ដឹង​ឱ្យបាន​ទូលំទូលាយ ពី​គុណភាព​នៃ​ផលិតផល​ខ្មែរ ដោយ​នាំគ្នា​ផ្តល់​ជំនាញ​នានា ដល់​ផលិតករ​លើ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម ការពង្រឹង​គុណភាព សុវត្ថិភាព​ផលិតផល ការកែច្នៃ និង​ការ​វេច​ខ្ចប់​។​


​ទី​២, គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ គណៈកម្មាធិការ​ជំរុញ​ចលនា ភូមិ​មួយ​ផលិតផល​មួយ​រាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ នឹង​វិស័យ​ឯកជន ចំ​ទីផ្សារ​តាម​បច្ចេកវិទ្យា​អន​ឡាញ ជួយ​ផលិតផល​ខ្មែរ​ក្នុង​ការលក់​និង​ដាក់​បង្ហាញ​ក្នុង ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស និង​តាម​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​។​


​ទី​៣, គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ និង​ក្រសួងពាណិជ្ជកម្ម ត្រូវ​រួមគ្នា បង្កើត​ផែនទី​ចង្អុល​ផ្លូវ​នៃ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​ក្នុង​គោលបំណង​ធានា​និរន្តរភាព​នៃ​ភាព​ពិសេស ដែល​ផលិតឡើង​ដោយ​ប្រជាជន​តាម​ភូមិឋាន​មួយ​ឬ​ច្រើន ជា​ផលិតផល​ឆ្លុះបញ្ចាំង​ពី​លក្ខណៈ​វប្បធម៌​ប្រពៃណី ទាំង​បែប​បុរាណ និង​តាមបែប​សម័យ​។​
​ទី​៤, គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​បន្ត​សហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​រៀបចំ​ចងក្រង​ផលិតផល​ក្នុងស្រុក​ដែលមាន​សក្តានុពល​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​បញ្ចូល​ជា​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការងារ​ជួយ​ដល់​ផលិតផល​ក្នុងស្រុក​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ និង​កៀរគរ​ការវិនិយោគ​នានា លើ​ផលិតផល​ក្នុងស្រុក ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​


​ទី​៥, ប្រជាជន​កម្ពុជា​គ្រប់រូប​ត្រូវ​ចូលរួម​គាំទ្រ​លើកកម្ពស់​ផលិតផល​ខ្មែរ តាម​ពាក្យស្លោក ប្រជាជន​ម្នាក់​ទិញ​ផលិតផល​ខ្មែរ​យ៉ាងតិច​មួយ​មុខ និង​សូមឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំង ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ត្រូវ​សហការ​ជាមួយនឹង​អង្គការ​ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន សហគ្រាស​ធុន​តូច និង​មធ្យម​សហគមន៍ សមាគម ។​ល​។ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ជំរុញ អភិវឌ្ឍ និង​ចូលរួម​សហការគ្នា​យ៉ាង សកម្ម និង​ជិតស្និទ្ធ ក្រោម​កិច្ចសម្របសម្រួល​របស់​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​ប្រធានបទ​ស្តីពី “​រួមគ្នា​ទិញ និង​ប្រើប្រាស់​ផលិតផល​ខ្មែរ គឺ​រួមគ្នា លើកកម្ពស់​កិត្យានុភាព​ជាតិ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម