Connect with us

ព័ត៌មានជាតិ

ផ្ទុះ​កូវីដ​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ អ្នក​ឆ្លង​ជាង ១០០ នាក់ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត

បានផុស

នៅ

ទីតាំង​ចំនួន​ពីរ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ មាន​ការ​ប្រកាស​ផ្ទុះ​កូវីដ​យ៉ាង​ធ្ងន់ធ្ងរ​មានអ្នក​ឆ្លង​ជាង ១០០ នាក់ ហើយ​មាន​ការ​ព្រួយ​បារម្ភ​អាច​ប៉ះពាល់​មនុស្ស​រាប់​ពាន់​នាក់​ទៀត។

ការ​ឆ្លង​បន្ត​គ្នា​លើ​អាជីវករ​នៅ​ផ្សារ​អូរឫស្សី​គិត​ត្រឹម​ម្សិលមិញ​នេះ កើន​ដល់ ៦០ នាក់​ហើយ​។ ផ្សារ​លក់​ដូរ​ដ៏​ធំ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ មាន​អាជីវករ​លក់​ដូរ​ជិត ៧០០០ នាក់ ហើយ​មនុស្ស​ចេញ​ចូល​រាប់ពាន់​នាក់ជា​រៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ​ផ្សារ​អូរឫស្សី បាន​ប្រកាស​ដល់​បងប្អូន​អាជីវករ និង​អតិថិជន​ទាំងអស់​ដែល​ចេញ-ចូល និង​លក់ដូរ​ក្នុង​ផ្សារ​អូរឫស្សី ត្រូវ​តែ​ទៅ​តេស្ត​យក​សំណាក និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ជា​បន្ទាន់។

មាន​ការ​បារម្ភ​ថា ចំនួន​អ្នក​ឆ្លង​នឹង​កើន​ឡើង​បន្ថែម​ទៀត ខណៈ​ការ​ធ្វើ​តេស្ត​សំណាក​លើ​អាជីវករ​នៅ​តែ​បន្ត​នៅ​ឡើយ។

ដោយ​ឡែក​នៅ​​រោងចក្រ​ឌីនហាន់ មាន​សេចក្តី​រាយការណ៍​ ជំងឺ​កូវីដ​ ១៩ បាន​​ឆ្លង​លើ​កម្មករ​កម្មការិនី​ជាង ៥០ នាក់។ រោងចក្រកាត់ដេរ ឌីន ហាន់​ ដែល​មាន​ទីតាំងតាមបណ្តោយផ្លូវឧកញ៉ា​ឌួង ងៀប​ ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មាន​កម្មករ​ចំនួន ២៥៦២នាក់។ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បានចុះទៅយក​សំណាកពីកម្មករកាត់ដេរ នៅក្នុងរោងចក្រ ឌីន ហាន ទាំងយប់ នៅយប់ថ្ងៃទី៧ ខែ មេសា នេះ។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់​បងប្អូនសាច់ញាតិ ឬមិត្តភក្តិ​របស់កម្មករទាំងអស់ ត្រូវ​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើមិនមកធ្វើតេស្ត រកមេរោគកូវីដ១៩ ឬក៏​មិនបានចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវទេ នឹងត្រូវ​ទទួលទោសពិន័យ​តាមច្បាប់​ ជាក់ជាមិនខានឡើយ។

រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​កូវីដ ១៩។ មួយ​រយៈ​ចុងក្រោយ​នេះ រាជធានី​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នេះ មាន​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​រាល់​ថ្ងៃ ខណៈ​ដែល​អាជ្ញាធរ​ក៏​បាន​ចាត់​វិធានការ​ដោយ​ដាក់​បម្រាម​គោចរ​ចាប់​ពី​ម៉ោង៨យប់ ដល់ ៥​ព្រឹក ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ-១៩​ នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ​

ជាមួយ​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ដែរ​ថា បើ​ស្ថានភាព​ការ​ឆ្លង​មិន​ថមថយ​នោះ​ទេ នឹង​រៀបចំ​ក្រុម​ប្រតិបត្តិ ដើម្បី​ដាក់​អ្នក​ជំងឺ​កូវីដ​ព្យាបាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​។

រដ្ឋាភិបាល ក៏​​ជំរុញ​ដល់​យុទ្ធនាការ​ចាក់​​វ៉ាក់សាំង​ជា​កាតព្វកិច្ច​ចាំបាច់ ដើម្បី​កាត់ផ្តាច់​ខ្សែ​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់ និង​បន្ថយ​អត្រា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​ឆ្លង​កូវីដ១៩៕

អត្ថបទ៖ ប៊ុុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម