Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​កម្ពុជា លើកទឹកចិត្ត​ឲ្យ​អាស៊ាន និង​ចក្រភព​អង់គ្លេស រិះរក​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

បានផុស

នៅ

ការ​លើកទឹកចិត្ត​ឲ្យ​អាស៊ាន និង​ចក្រភព​អង់គ្លេស រិះរក​លទ្ធភាព​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ច​សន្ទនា​ត្រីភាគី បើក​ចំហរ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស លើក​ទី​២ តាម​ប្រព័ន្ធ​វីដេអូ នា​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ទើប​ទទួលបាន​មុន​នេះ​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​បាន​ពិភាក្សា​អំពី​ការ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចក្រភព​អង់គ្លេស នៅលើ​វិស័យ​ជាច្រើន​ដែលជា​ចំណាប់អារម្មណ៍​រួម និង​ផលប្រយោជន៍​ទៅវិញទៅមក​។ កិច្ច​ប្រជុំ​បាន​ផ្លាស់​ប្តូរ​យោបល់​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​គ្រោះអាសន្ន​សុខភាព​សាធារណៈ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​បម្រែបម្រួល​អាកាសធាតុ ក៏ដូចជា​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ក្តីបារម្ភ និង​ផលប្រយោជន៍​រួម​។

កិច្ច​ប្រជុំ​បាន​អះអាង​ជាថ្មី អំពី​សារសំខាន់​នៃ​ពហុភាគី​និយម​សម្រាប់​ការឆ្លើយតប​រួមគ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ឆ្ពោះទៅរក​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត ប្រកបដោយ​ចីរភាព។

លោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស​នៃ​ចក្រភព​អង់គ្លេស បាន​ជម្រាប ជូន​អង្គប្រជុំ​ដោយ​សង្ខេប​អំពី​គំនិត​ផ្តួចផ្តើម​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ រាតត្បាត និង​ការ​ចូលរួម​ចំណែក​រប​ស់​ចក្រភព​អង់គ្លេស​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ទប់ស្កាត់​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។ លោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ អំពី​ភាពចាំបាច់ ដើម្បី​ធានាថា វិថី​ឆ្ពោះ​ទៅ​រក​ការស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​-​សង្គម មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ភពផែនដី​ឡើយ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ក៏បាន​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​អាទិភាព​របស់​ចក្រភព​អង់គ្លេស​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ ស្តី​ពី​ការប្រែប្រួល អាកាសធាតុ​លើក​ទី​២៦ (COP26) ផងដែរ​។

អាស៊ាន​បាន​លើកទឹកចិត្ត​ចក្រភព​អង់គ្លេស​ឱ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​អាស៊ាន និង​ប្រទេស​ជា​សមាជិក​របស់ខ្លួន ព្រមទាំង​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការចូលរួម​វិភាគទាន​របស់​ចក្រភព​អង់គ្លេស​ចំនួន​១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។ អាស៊ាន​ក៏បាន​ស្វែងរក​ការគាំទ្រ​បន្ថែមទៀត​ផងដែរ ពី​ចក្រភព​អង់គ្លេស​ដល់​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទៀត​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ រួមមាន ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន (ACRF) និង​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ និង​ជំងឺ​កើត​ថ្មី (ACPHEED) នៅពេលណា​ដែល​គំនិត​ផ្ដួចផ្ដើម​នេះ ត្រូវបាន​បង្កើតឡើង ហើយ​អង្គប្រជុំ ក៏បាន​កត់សម្គាល់​ផងដែរ ពី​សំណើ​របស់​ចក្រភព​អង់គ្លេស​សុំ​បង្កើត​ភាពជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​។

ក្នុង​អំឡុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការ​កោតសរសើរ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​ចូលរួម​វិភាគទាន​ដ៏​សប្បុរស​ដល់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ដែល​ក្នុងនោះ ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់ ដែល​បានទទួល​វ៉ាក់សាំង​អា​ស្ដ្រា​ហ្សេ​នី​កា (AstraZeneca) ចំនួន​៣២៤.០០០​ដូ​ស​។

​សម្រាប់​វិស័យ​ពាណិជ្ជកម្ម លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​អាស៊ាន និង​ចក្រភព​អង់គ្លេស​ឱ្យ​រិះរក​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស (ASEAN-UK FTA) ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​ឌីជីថល ដើម្បី​គាំទ្រ​កំណើន​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs)​។

សូម​បញ្ជាក់​ថា កិច្ច​សន្ទនា នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ សមាសភាព​ត្រីភាគី រួមមាន ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម ដែល​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំក្រោយ និង​អគ្គលេខាធិការ​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត និង​តំណាង ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៣ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម