ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសដាច់អហង្ការចំពោះទង្វើហិង្សាព្រៃផ្សៃមកលើពលរដ្ឋខ្មែរបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ
តាមរយៈសេចក្ដីថ្លែងការណ៍គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជា រួមទាំងព្រះសង្ឃ រងរបួសធ្ងន់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសកម្មភាពនេះ ជាសកម្មភាពបំពានសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់អំពើរំលោភអធិបតេយ្យភាព និងសិទ្ធិពលរដ្ឋកម្ពុជា និងត្រូវគោរពចំពោះកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។

សកម្មភាពបង្កហេតុនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាន និងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើ សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជា រដ្ឋភាគី។

កម្ពុជា បានប្តេជ្ញាចិត្តនិងបានអនុវត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយ សន្តិវិធី និងតាមផ្លូវការទូត។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថា កិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់អន្តរជាតិ គឺជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពបំផុតសម្រាប់រក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដោយទទូចដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពកម្ពុជា និងសិទ្ធិសេរីភាពរបស់ប្រជាជន កម្ពុជា ហើយត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិនិងតំបន់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យមានការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមយន្តការការទូតនិងលិខិតបទដ្ឋានតំបន់និងអន្តរជាតិពាក់ព័ន្ធ ផ្អែកលើស្មារតីនៃធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហ ប្រជាជាតិ។
ទន្ទឹមនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ស្នើដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់និងច្បាប់អន្តរជាតិជាធរមាន ព្រមទាំងគាំទ្រឱ្យមានការដោះលែង ជាបន្ទាន់និងគ្មានលក្ខខណ្ឌចំពោះកងទ័ពកម្ពុជាទាំង១៨នាក់ ដែលត្រូវយោធាថៃឃុំខ្លួន។

អំពើហិង្សាបង្កដោយភាគីថៃ មកលើពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យគ្រោះថ្នាក់ដល់កងទ័ព ព្រះសង្ឃ និងពលរដ្ឋកម្ពុជាប្រមាណ២៩នាក់។ នេះបើតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរលិខិតសុំការគាំទ្រពីប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជំរុញការអនុវត្តន៍បទឈប់បាញ់ នឹងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និងបន្តថា យោងតាមប្រភពដែលអាចទុកចិត្តបាន កងទ័ពថៃ មានគម្រោងប្រើប្រាស់កម្លាំង ដណ្ដើមយកទីតាំងចំនួន១៧ទីតាំងផ្សេងទៀត ចាប់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុងប្រទេសកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


