Connect with us

ព័ត៌មានជាតិ

ស៊ុយអែត​ផ្តល់​ថវិកា​ប្រមាណ​២,៥ លាន​ដុល្លារ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​

បានផុស

នៅ

​ប្រទេស​ស៊ុយអែត និង​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​ទៅ​០៨ ខែមេសា ឆ្នាំ​២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​មាន​ឈ្មោះថា “​ការពង្រឹង​កិច្ច​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​” ដែល​ត្រូវអនុវត្ត​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ហើយ​គម្រោង​នេះ ប្រទេស​ស៊ុយអែត នឹង​ផ្តល់​ថវិកា​ចំនួន​២៣ លាន​ក្រោ​ន (​ប្រមាណ​ជា ២,៥ លាន​ដុល្លារ​អាមេរិក​) ដល់​អង្គការ​យូណេស្កូ​សម្រាប់​ការអនុវត្ត​គ្រោង​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​ចំនួន​៣​ឆ្នាំនេះ មាន​គោលបំណង​ជំរុញ​ឲ្យ​មាន​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​សុវត្ថិភាព សេរី ពហុ​និយម និង​ឯករាជ្យ ដែល​នឹង​ជួយ​ធ្វើឱ្យមាន​ភាព​ប្រសើរឡើង នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ទទួលបាន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ការងារ​របស់​អង្គការ​យូណេស្កូ នឹង​ផ្តោតលើ​ការពង្រឹង​ក្របខ័ណ្ឌ​ច្បាប់ និង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​លើ​តម្រូវការ​បន្ទាន់​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូ​វីដ​-១៩​នេះ​។ ក្នុងនោះ​រួមបញ្ចូល​ទាំង​ការធានា​ឲ្យ​បាន​នូវ​ការទទួលបាន​ព័ត៌មាន​សំខាន់ៗ ការតស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ស្តង់ដារ​ខ្ពស់​ ក្នុងការ​រាយការណ៍​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​វិជ្ជាជីវៈ​សារព័ត៌មាន​ដើម្បី​ប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​លោក ប្យ៊​ន ហេ​ក​ម៉ាក ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្ហាញថា “​ការគាំទ្រ​នេះ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ជាមួយ​ប្រទេស​កម្ពុជា ដែល​ផ្តោតលើ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ យើង​រីករាយ​ដែល​ធ្វើការ​ជា​ដៃគូ​ជាមួយ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស កម្ពុជា ដើម្បី​កសាង​សមត្ថភាព​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​លើកកម្ពស់​ស្តង់ដារ​វិជ្ជាជីវៈ​សារព័ត៌​មាន និង​បង្កើត​យន្តការ​សម្រាប់​សុវត្ថិភាព​អ្នកសារព័ត៌មាន​។ ការយកចិត្តទុកដាក់​ពិសេស នឹង​ត្រូវបាន​ផ្តល់ជូន​អ្នកសារព័ត៌មាន​ជា​ស្ត្រី ដែល​ងាយ​ទទួលរង​គ្រោះ​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​ខ្វះ​ឱកាស​ស្មើភាព​គ្នា​ក្នុង​ការទទួល​បានការ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់ខ្លួន​នៅក្នុង​វិស័យ​សារពត៌មាន​នេះ​”​។​

​ការទទួលយក​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​និង​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់ ជាពិសេស​ក្នុងចំណោម​យុវជន បានផ្តល់​ឱកាស​សម្រាប់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម សកម្មភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​។​

​ទោះជា​យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​ទាំងនេះ ក៏​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​ការរីក​សាយភាយ​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បញ្ហា​ឯកជន​ភាព និង​ហានិភ័យ​នៃ​ការ​ទុកចោល​អ្នក​ដែល​ខ្វះ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ និង​ការប្រើប្រាស់​អ៊ីនធឺណិត ឱ្យនៅ​ពីក្រោយ​។ អង្គការ​យូណេស្កូ នឹង​ផ្តោតលើ​ការលើកកម្ពស់​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន និង​ផ្តល់ជូន​សាធារណជន ជាពិសេស​យុវជន នូវ​ជំនាញ និង​ចំណេះដឹង​ដែល​ចាំបាច់ ដើម្បី​ធ្វើ​អន្តរ​កម្ម​នៅក្នុង​ពិភព​អន​ឡាញ ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​

​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម បាន​លើកឡើងថា “​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ពង្រឹង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការទទួលបាន​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជាតា​មរយៈ ការតស៊ូ​មតិ​ឱ្យ​ទទួលបាន​ក្របខ័ណ្ឌ​ច្បាប់​ដែលមាន​លក្ខណៈ​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការផ្តល់​វេទិកា​សម្រាប់​ការសន្ទនា និង​កិច្ចពិភាក្សា​ជា​សាធារណៈ និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកបដោយ​ភាពរស់រវើក ដែល​នឹង​លើកកម្ពស់​តម្លៃ​ប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ។​

​ដោយ​ផ្តោតលើ​សសរស្តម្ភ ដើម្បី​សន្តិភាព យុត្តិធម៌ និង​បរិ​យាប​ន្ន នៃ​របៀបវារៈ ឆ្នាំ​២០៣០ គម្រោង​នេះ បាន​ចូលរួមចំណែក​ដោយផ្ទាល់ ដោយ​ឆ្ពោះទៅរក​ការសម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦ ដែល​ផ្តោតលើ​ការជំរុញ​ឲ្យ​មាន​គណនេយ្យ​ភាព​របស់​រដ្ឋាភិបាល ការកសាង​នីតិរដ្ឋ និង​ការរក្សា​សន្តិភាព និង​ជាពិសេស គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៦ ចំណុច​១០ ដែលមាន​គោលបំណង “​ធានាឲ្យ​មាន​នូវ​ការទទួលបាន​ព័ត៌មាន​ជា​សាធារណៈ និង​ការពារ​សេរីភាព​មូលដ្ឋាន ដោយ​ស្របតាម​ច្បាប់​ជាតិ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​” ៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ឧបត្ថម្ភ​ប្រាក់ចំនួន១០លានរៀលដល់មន្ត្រីនគរបាល​ការពារ​​​នៅធនាគារ ABA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម