Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ ១៩ កំពុង​សម្លាប់​វិស័យ​ទេសចរណ៍​វៀតណាម ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ជាង ២៣ពាន់​លានដុល្លារ

បានផុស

នៅ

ជំងឺរាតត្បាត​កូវីដ ១៩ កំពុងធ្វើឲ្យវៀតណាម បាត់បង់ចំណូល​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​ពី​វិស័យទេសចរណ៍។ នេះ​បើ​តាម​ការ​លើកឡើង​របស់ក្រសួង​ទេសចរណ៍​វៀតណាម។

ថ្លែង​ក្នុង​អង្គ​ប្រជុំ​សភា កាល​ពី​ដើម​សប្តាហ៍នេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា បាន​អះអាង​ថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ កំពុង​រងគ្រោះ​ដោយ​រលក​រាតត្បាតកូវីដ ១៩ ដោយ​អាច​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ពី​វិស័យនេះប្រមាណ ២៣ពាន់លានដុល្លារ ស្មើប្រមាណ ៧៥% នៃ​ចំណូល​ប្រចាំឆ្នាំ​របស់​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា មក​ទល់​នឹង​ពេល​នេះ ចំនួន​ភ្ញៀវ​ទេសចរមក​កម្សាន្ត​ក្នុង​ប្រទេស​ខ្លួន ធ្លាក់​ចុះ​ដល់ទៅ ៨០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៩។

កាល​ពីឆ្នាំ ២០១៩ វិស័យ​ទេសចរណ៍​វៀតណាម បាន​ឡើងដល់​ចំណុច​កំពូល​ខ្ពស់​បំផុត គឺមាន​ភ្ញៀវទេសចរណ៍​សរុប ១៨លាននាក់ នាំឲ្យ​ចំណូល​ទទួល​បាន​ពី​វិស័យ​នេះប្រមាណ ៣០,៨ពាន់​លាន​ដុល្លារ ខណៈឆ្នាំ២០២០ រដ្ឋាភិបាល​វៀតណាម ធ្លាប់​រំពឹង​ថា កំណើន​ភ្ញៀវទេសចរអាច​នឹង​កើន​ដល់ ២០លាននាក់ ហើយ​ចំណូល​រំពឹង​ទុក​ គឺ​ប្រមាណ ៣៥ពាន់​លានដុល្លារឯណោះ។

ប៉ុន្តែដោយ​សារ​ការផ្ទុះ​ឡើង​ជំងឺ​រាតត្បាត​កូវីដ ១៩ ចាប់​តាំង​ពី​ខែមករា ឆ្នាំ២០២០ មក ចំនួន​ភ្ញៀវ​ទេសចរមក​លេងប្រទេសវៀតណាម គិតមក​ទល់​នឹង​ពេល​នេះ មាន​ត្រឹម​ ៣,៨លាននាក់ ស្មើ​ប្រមាណ ២១% ធៀប​ទៅ​នឹង​ឆ្នាំ ២០១៩។

ទោះ​ជាវិស័យ​ទេសចរណ៍​ខ្លួន​ធ្លាក់​ចុះ​ខ្លាំង​ក្តី ក្នុង​អង្គប្រជុំ​សភាជាតិ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​បញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​សម្រេច​ចិត្ត​បន្ត​បិទ​ទ្វារ​ប្រទេសចំពោះ​ភ្ញៀវទេសចរ​បរទេស បើទោះ​ជា​មាន​ការ​ជំទាស់​ខ្លួន​ពី​សមាជិក​សភា​ជាច្រើន​ក៏ដោយ។

គិត​មក​ទល់​នឹង​ពេល​នេះ វៀតណាម មានករណី​ឆ្លង​ក្នុង​សហគមន៍ និង​នាំ​ចូល​សរុប ១២១៦ករណី ក្នុង​នោះស្លាប់ ៣៥នាក់ និង​ជាសះស្បើយ ១០៩០នាក់៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម