គ​.​ជ​.​ប នឹង​យក​មេរៀន និង​បទពិសោធន៍ ពី​វេទិកា​អន្តរជាតិ នាទី​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គ​.​ជ​.​ប នឹង​យក​មេរៀន និង​បទពិសោធន៍ ពី​វេទិកា​អន្តរជាតិ នាទី​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ

បានផុស

នៅ

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលជា​សមាជិក​មួយ​នៃ​សមាគម​ស្ថាប័ន​បោះឆ្នោត​ពិភពលោក (A-WEB) ក្នុងចំណោម​សមាជិក​សរុប​១១៤ មកពី​១០៦ ប្រទេស ទទួលបាន​ការអញ្ជើញ​ពី​លេខាធិការដ្ឋាន A-WEB ឱ្យ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ នៅ​ក្រុង​សេ​អ៊ូ​ល លើក​ទី​៧ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប នៃ​សាធារណរដ្ឋ​កូរ៉េ តាម​ប្រព័ន្ធ​អន​ឡាញ (Online) កាលពី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​អញ្ជើញ​នោះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​ចាត់តាំង​ក្រុមការងារ​ជា​ច្រើន​រូប​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប ឱ្យ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ នៅ​ក្រុង​សេ​អ៊ូ​ល​នោះ ដើម្បី​ដកស្រង់​មេរៀន និង​បទពិសោធន៍ សម្រាប់​ត្រៀម​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ ក្នុង​បរិបទ​កូ​វីដ​-១៩។

បើ​តាម គ​.​ជ​.​ប វេទិកា​អន្តរជាតិ​នោះ ផ្ដោត​សំខាន់​លើ​ប្រធានបទ​ចំនួន​២​គឺ​៖ ទី​១. វិបត្តិ​លទ្ធិប្រជាធិបតេយ្យ និង​ការកសាង​ទំនុកចិត្ត​ក្នុង​ការ​បោះឆ្នោត ទី​២. តួនាទី និង​ទំនួល​ខុសត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងការ​បោះឆ្នោត​។

វាគ្មិន​ជំនាញៗ​មកពី​អង្គការ IFES (​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត​) គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នានា អង្គការ MEMO ៩៨ (​អង្គការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​) អ្នកជំនាញ​តាម​ប្រព័ន្ធ Twitter នៅ​ប្រទេស​កូរ៉េ និង​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ Sungkyunkwan បាន​ចែករំលែក​មេរៀន និង​បទពិសោធន៍​ជុំវិញ​ប្រធានបទ​ទាំងពីរ​នេះ​។

ទាក់ទង​នឹង​វិបត្តិ​លទ្ធិប្រជាធិបតេយ្យ និង​ការ​កសាង​ទំនុកចិត្ត​ក្នុងការ​បោះឆ្នោត វេទិកា​អន្តរជាតិ​ទីក្រុង​សេ​អ៊ូ​ល​បាន​លើកឡើង​ថា វិបត្តិ​សុខភាព​សាធារណៈ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាំបាច់​ត្រូវ​ដាក់​កំហិត​លើ​សេរីភាព និង​សិទ្ធិ​ជា​មូលដ្ឋាន ដើម្បី​ធានា​សុវត្ថិភាព​ពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។

ចំណែកឯ​តួនាទី និង​ទំនួល​ខុសត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុងការ​បោះឆ្នោត អ្នកជំនាញ​បានលើកឡើង​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Social Media) បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ហើយ​សព្វថ្ងៃ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​សម្រាប់​ការឃោសនាបោះឆ្នោត​ផងដែរ​។ ដូចនេះ​អាជ្ញាធរ​រដ្ឋ​នៃ​ប្រទេស​នីមួយៗ​ត្រូវមាន​វិធានការ​ជាក់ស្ដែង​តាមរយៈ​វិធានការ​ច្បាប់ ឬ​បទបញ្ជា ឬ​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ណាមួយ​ដែលនាំឱ្យ​មានការ​បែកបាក់​ជាតិ ឬ​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​អ្នកដទៃ​។

វាគ្មិន​បាន​កត់សម្គាល់​ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ដ៏​ផុសផុល ដោយ​អតីត​បេក្ខជន​ប្រធានាធិបតី ក្នុង​ដំណើរការ​បោះឆ្នោត តួយ៉ាង​លោក Barak Obama ប្រើប្រាស់ Facebook និង Twitter លោក Bernie Sender Instagram លោកស្រី Hillary Rodham Clinton Twitter លោក Donald Trump Twitter​។

ឥឡូវនេះ Twitter ត្រូវបាន​ប្រើប្រាស់​ជាស​កល និង​ជា​គោលដៅ​សម្រាប់​ការបោះឆ្នោត​នៅ​រៀងរាល់ឆ្នាំ (Every year is an election year on Twitter)​។

ឆ្លើយតប​នឹង​សំណួរ​ថា តើ​ត្រូវ​ទាក់ទាញ​យុវជន​យ៉ាងម៉េច​ចំពោះ​ការបោះឆ្នោត ? អ្នកជំនាញ​បាន​បំភ្លឺថា គឺ​ការប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម Tik Tok Instagram Twitter និង Facebook​។​

​ក្នុង​វេទិកា​នេះ វាគ្មិន​ដទៃទៀត ក៏បាន​ចែករំលែក​នូវ​គន្លឹះ​សំខាន់ៗ​ក្នុងប្រទេស​មួយចំនួន ដែល​បានរៀបចំ​ការបោះឆ្នោត​ក្នុង​បរិបទ​កូ​វីដ​-១៩ ហើយ​នៅតែ​រក្សាបាន​អត្រា​នៃ​អ្នកបោះឆ្នោត​ដដែល ឬ​ខ្ពស់ជាង​ពេល​គ្មាន​ការ​រាតត្បាត​កូ​វីដ​-១៩ ក្នុងនោះ​មានដូចជា​៖

​ទី​១, មុន​ពេល​បោះឆ្នោត​៖ កែសម្រួល​បទបញ្ជា និង​នីតិវិធី​ឱ្យស្រប​តាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩, បណ្តុះបណ្តាល​មន្ត្រី​បោះឆ្នោតឱ្យ​យល់ច្បាស់​ពី​ស្ថានភាព និង​ការបង្ការ​ជំងឺ​កូ​វីដ​-១៩ ការរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ទាំង​មន្ត្រី​បោះឆ្នោត និង​អ្នកបោះឆ្នោត​នៅក្នុង​ការិយាល័យ​បោះឆ្នោត​។​

​ទី​២, ក្នុងពេល​បោះឆ្នោត​៖ អ្នកបោះឆ្នោត​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល (១​ម៉ែត្រ​កន្លះ​) វាស់​កម្តៅ និង​លាង​សម្អាត​ដៃ​មុនពេល​ចូល​ការិយាល័យ​បោះឆ្នោត​, មន្ត្រី​បោះឆ្នោត​ត្រូវ​ពាក់​ម៉ាស់​គ្រប់ពេលវេលា និង​បាញ់សម្លាប់​មេរោគ​លើ​ឧបករណ៍ សម្ភារ​បោះឆ្នោត ជាពិសេស​បន្ទប់សម្ងាត់​, ចំពោះ​ករណី​វាស់​កម្តៅ​ឃើញ​ខ្ពស់ ឬ​ករណី​សង្ស័យ អ្នកបោះឆ្នោត​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ពី​គេ ហើយ​អាជ្ញាធរ​សុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​សុខភាព​មុននឹង​អនុញ្ញាត​ឲ្យ​បោះឆ្នោត នៅក្នុង​បន្ទប់សម្ងាត់​ពិសេស បន្ទាប់មក​មន្ត្រី​បោះឆ្នោត​ត្រូវ​សម្លាប់​មេរោគ​នៅក្នុង​បន្ទប់សម្ងាត់​នោះ​។

​ទី​៣, ក្រោយពេល​បោះឆ្នោត​៖ មន្ត្រី​បោះឆ្នោត​ត្រូវ​ពាក់​ម៉ាស់ និង​សម្លាប់​មេរោគ​មុនពេល​រាប់​សន្លឹកឆ្នោត​, ការរាប់​សន្លឹកឆ្នោត​ត្រូវធ្វើ​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញ​-​ចូល​, ធ្វើការ​វាយតម្លៃ​លើ​ការបោះឆ្នោត​ថា​តើ​បាន​អនុវត្ត​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​សុវត្ថិភាព​ដែល​ហៅថា SOP (Standard Operating Procedure) ដែរឬទេ ដោយ​ប្រើ​តារាង​ផ្ទៀងផ្ទាត់​ការងារ សម្រាប់​ដំណាក់កាល​មុនពេល​បោះឆ្នោត ក្នុងពេល​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត​ឬទេ​។

ការចូលរួម​នេះ ពិត​ជា​មាន​សារៈសំខាន់​ក្នុងពេលដែល គ​.​ជ​.​ប កំពុង​ត្រៀមខ្លួន​រៀបចំ​ការបោះឆ្នោត ក្នុង​បរិបទ​កូ​វីដ​-១៩ គឺ​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។

វេទិកា​អន្តរជាតិ​ក្រុង​សេ​អ៊ូ​ល សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២១ ក្នុង​បរិបទ​កូ​វីដ​-១៩ បានផ្តល់​នូវ​ធាតុ​ចូល​ថ្មីៗ​មួយចំនួន​សម្រាប់​ឱ្យ គ​.​ជ​.​ប ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​សុវត្ថិភាព​។ ជាងនេះទៀត ការប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​សំបូរបែប​នៅ​កម្ពុជា បទពិសោធន៍​ពី​វេទិកា​អន្តរជាតិ​ទីក្រុង​សេ​អ៊ូ​ល គឺជា​ធាតុ​ចូល​ថ្មី​មួយ​សម្រាប់ គ​.​ជ​.​ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទាំងអស់នេះ​ក៏​សម្រាប់​ត្រៀម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣ ខាងមុខនេះ ប្រសិនបើ​កូ​វីដ​-១៩ នៅតែ​អង្រួន​កម្ពុជា​និង​ពិភពលោក​។

​ការបោះឆ្នោត​ក្នុង​បរិបទ​កូ​វីដ​-១៩ គ​.​ជ​.​ប បាន​សិក្សា​រៀនសូត្រ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាច្រើន​ជាមួយ​សហគមន៍​អន្តរជាតិ ជាពិសេស​ការដែល​ប្រទេសមួយ​ចំនួន​មិន​ពន្យារពេល​បោះឆ្នោត និង​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​សុវត្ថិភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services