ជំនិត​របស់លោក កឹម សុខា ប្រា​ប់លោក សម រង្ស៊ី ថា មនុស្ស​ពីរ​នាក់​មិនអាច​ក្លាយជា​មនុស្ស​តែមួយ​ទេ!
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ជំនិត​របស់លោក កឹម សុខា ប្រា​ប់លោក សម រង្ស៊ី ថា មនុស្ស​ពីរ​នាក់​មិនអាច​ក្លាយជា​មនុស្ស​តែមួយ​ទេ!

បានផុស

នៅ

លោក មុត ចន្ថា អតីត​នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បាន​លើកឡើង​ថា កន្លងមក​យើង​តែងតែ​ឮជា​ហូរហែ​រហូត​មក ដែល​លោក សម រ​ង្ស៉ី តែងតែ​អះអាង​ម្នាក់ឯង​ថា “​សម រ​ង្ស៉ី និង កឹម សុខា ជា​មនុស្ស​តែមួយ​” ហើយ​ស្តាប់​ទៅ​ហាក់ដូចជា​ពីរោះ និង​មាន​អត្ថន័យ​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​ខ្លាំង​ណាស់ ប៉ុន្តែ​ធាតុ​ពិត​ផ្ទុយ​ស្រឡះ ហើយ​វា​គ្រាន់តែ​ជា​សំដី​ផ្លែ​ល្វា ដើម្បី​បញ្ឆោត និង​បំភ័ន្ត​មហាជន​ឱ្យ​យល់ច្រឡំ ក្នុង​ចេតនា​កេងប្រវ័ញ្ច​ប្រយោជន៍ និង​ដាក់បន្ទុក​លើ​លោក កឹម សុខា តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែសីហា នេះ​លោក មុត ចន្ថា លើក​ហេតុផល​មួយចំនួន​ថា ​ទី​១. លោក សម រ​ង្ស៉ី បាន​បង្កើត​អ្វី​ដែល​ហៅថា “​ចលនា​សង្គ្រោះ​ជាតិ​” នៅ​ឆ្នាំ​២០១៨ ដែល​បាន​ផ្តាច់​ខ្លួន​ចេញពី​បុព្វហេតុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ចលនា​នេះ​ជា​អង្គការ​ចាត់តាំង​នយោបាយ​ខុសច្បាប់​មួយ​ដែល​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​។

ខណៈ​ដែល​អង្គការ​ចាត់​នេះ​មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ និង​អាច​ធ្វើការ​ជាមួយ គាត់​មិនអាច​បន្ត​ប្រើប្រាស់​ឈ្មោះ​ចលនា​នេះ តទៅទៀត ដើម្បី​ធ្វើ​សកម្មភាព​ឡើយ​។ ក្នុងន័យនេះ លោក សម រ​ង្ស៉ី បាន​បោះបង់ចោល​លោក កឹម សុខា ទៅ​ដឹកនាំ​ចលនានយោបាយ​មួយ​ផ្សេងទៀត។

ទី​២. ដោយសារ​មូលហេតុ​ទី​១​នេះ លោក សម រ​ង្ស៉ី ក៏បាន​ងាក​មក​ដណ្តើមយក​តួនាទី​ជា​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ដោយ​លើក​បន្តុប​ខ្លួន​គាត់​ជា “​ប្រធានស្តីទី​” នៅ​ខែធ្នូ ឆ្នាំ​២០១៨ ដោយ​រំលោភបំពាន​លក្ខន្តិកៈ​ប​ក្ស​ដែលជា​ច្បាប់កំពូល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​លោក កឹម សុខា ជា​ប្រធាន​គណបក្ស កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​។ នេះ​ជា​អំពើ​អគុណ​ធម៌​យ៉ាង​ធំ​បំផុត​ចំពោះ​ដៃគូ​នយោបាយ ដែល​បានកើត​ចេញពី​ការរួបរួម​គ្នា នៅ​ខែកក្កដា ឆ្នាំ​២០១២​។

​ទី​៣. លោក សម រ​ង្ស៉ី បាន​ប្រមាថ​ការលះបង់​របស់លោក កឹម សុខា ដោយបាន​បន្ទាបបន្ថោក​ថា “​ការជាប់គុក​ឥតប្រយោជន៍​” ដែល​ទង្វើ​នេះ​បង្ហាញឱ្យឃើញថា​ពាក្យស្លោក​របស់គាត់ៈ “​សម រ​ង្ស៉ី និង កឹម សុខា គឺជា​មនុស្ស​តែមួយ​” គឺជា​អំពើ​កុហក និង​បំភ័ន្ត​។​

​ទី​៤. លោក សម រ​ង្ស៉ី បាន​ប្រើប្រាស់​តួនាទី​លើក​បន្តុប​ដោយ​ខ្លួនឯង ប្រកាស​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​លោកស្រី រ៉ូ​ណា ស្មី​ត អតីត​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ថ្លែង​ថ្កោលទោស​នៅឯ​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស ថា​ជា​អំពើ​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​។ អំពើ​ខុសច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​នេះ គឺ​ផ្ទុយស្រឡះ​ពី​គោលជំហរ​នយោបាយ​រប​ស់លោក កឹម សុខា និង​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ (​មាត្រា​៥ និង​មាត្រា​៨ នៃ​លក្ខន្តិកៈ​គណបក្ស​)​។

ទី​៥. លោក សម រ​ង្ស៉ី បាន​រៀបចំ​ផែនការ​មាតុភូមិ​និវត្ត​វិល​ចូល​ស្រុក នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​បើក​យុទ្ធនាការ​រ៉ៃ​អង្គាស​ប្រាក់​បាន​រហូត​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក​។ ប្រសិនជា​ផែនការ​មាតុភូមិ​និវត្ត​របស់​គាត់​គ្រោង​ធ្វើឡើង​ដោយ​សន្តិវិធី នោះ​មិន​ត្រូវ​បាន​គេ​ចាត់ទុកជា​អំពើ​ផ្ទុយ​នឹង​ច្បាប់​ឡើយ ហើយក៏​អាច​ត្រូវបាន​គេ​កោតសរសើរ​គាត់​ជា​មនុស្ស​ក្លាហាន​ដែល​ហ៊ាន​មក​តទល់​តាមផ្លូវ​ច្បាប់ និង​តាមផ្លូវ​ប្រជាធិបតេយ្យ ប៉ុន្តែ​គាត់​បាន​ប្រកាស​ក្តែ​ងៗ​ថា​គាត់​ចូលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចាប់ខ្លួន សម្តេច ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ស្មើនឹង​ការផ្តួលរំលំ​រដ្ឋាភិបាល​មួយ ដែល​ត្រូវបាន​ថ្កោលទោស​ពី​មជ្ឈដ្ឋាន​សមាជិក​សហគមន៍​អន្តរជាតិ ក្នុងនោះ​ក៏​មាន​ប្រទេស​មហាអំណាច​ផង​ដែរ ដែល​ប្រទេស​ទាំងនោះ​មិនអាច​គាំទ្រ​អំពើ​ហិង្សា និង​សកម្មភាព​ណា​ដែល​រំលោភបំពាន​ច្បាប់​នៃ​រដ្ឋ​អធិបតេយ្យ​ឡើយ​។

គ្រាន់តែ​គាត់​ប្រកាស​បែបនេះ មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បាន​យល់​ច្បាស់​ពី​បំណង​របស់​គាត់ គឺ​គាត់​មិន​មាន​ភាព​ក្លាហាន​ហ៊ាន​វិល​ចូល​ប្រទេស​ប្រទេស​វិញ​ឡើយ ទោះបី​គាត់​ខិតខំ​រៀបចំ​ឈុត​ឆាក​សម្តែង ដោយ​ការ​អូស​វា​ល្លី​ស​ដើរចូល​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ប៉ារីស ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បដិសេធ​ថា ​មិនបាន​លក់​សំបុត្រ​យន្តហោះ​ឱ្យ​គាត់ “​សម រ​ង្ស៉ី​” ហើយ​រដ្ឋាភិបាល​ថៃ​ក៏បាន​ប្រកាស​ស្កាត់​មុន​ថា​ មិន​អនុញ្ញាត​ឱ្យ​គាត់​ចូល​ប្រទេស​របស់​គេ​ដែល​ជា​ប្រទេស​គោលដៅ ដែល​គាត់​បានប្រកាស​ថា ​នឹង​ដើរចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ចំណាកស្រុក​ខ្មែរ​តាម​ច្រកព្រំដែន​ប៉ោយប៉ែត បើ​តាម​ការ​អះអាង​រប​ស់គា​ត់​។

ជា​លទ្ធផល​បានមកពី​អំពើ​កុហក និង​បំភ័ន្ត​របស់គាត់ បាន​នាំឱ្យ​សកម្មជន​និង​អ្នកគាំទ្រ​មិនបាន​គិតដល់​ចាញ់​កល្ប​រាប់រយ​នាក់​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់​និង​តុលាការ និង​មួយចំនួន​ត្រូវ​ចាប់​និង​ឃុំខ្លួន ហើយ​និង​រយ​នាក់​ទៀត​បាន​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស​។ ទង្វើ​នេះ​បាន​ប្រឆាំងនឹង​គោលការណ៍​រួម រវាង​លោក សម រ​ង្ស៉ី និង កឹម សុខា ជាពិសេស មាត្រា​៥ និង​មាត្រា​៨ នៃ​លក្ខន្តិកៈ​គណបក្ស​។​

​ទី​៦. ម្តង​ហើយ​ម្តងទៀត លោក សម រ​ង្ស៉ី បាន​អំពាវនាវ​ឱ្យ​កងទ័ព និង​កម្លាំងប្រដាប់អាវុធ​បែរ​ចុង​កាណុង​កាំភ្លើង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​អំពើ​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​អំពើហិង្សា​រំលោភបំពាន​ទាំង​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ ជាពិសេស មាត្រា​៨ កថាខណ្ឌ​ទី​៤ នៃ​លក្ខន្តិកៈ​គណបក្ស ស្តីពី​គោលនយោបាយ​អហិង្សា​។ ការអំពាវនាវ​នេះ​បាន​រុញច្រាន​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​ឃ្លាតឆ្ងាយ​បន្តិច​ម្តងៗ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​បើក​ឱ្យមាន​លំហ​នយោបាយ​ទូលំទូលាយ​ឡើងវិញ ព្រោះ​សមាជិក​សហគមន៍​អន្តរ​មិនអាច​ធ្វើការ​ជាមួយ ឬ​គាំទ្រ​អ្នកនយោបាយ​ខ្មែរ​ណា​ដែល​និយម​អំពើហិង្សា​(advocacy for violence) និង​សកម្មភាព​បំពាន​ច្បាប់​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​បានឡើយ​។​

​ទី​៧. លោក សម រ​ង្ស៉ី បានធ្វើការ​ប្រមាថ​មក​លើ​អង្គ​ព្រះមហាក្សត្រ ម្តង​ហើយ​ម្តងទៀត​ដែលជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​ដែល​ចែងថាៈ “​អង្គ​ព្រះមហាក្សត្រ​មិនអាច​នរណា​រំលោភបំពាន​បានឡើយ (​មាត្រា​៧ កថាខណ្ឌ​ទី​៣)”​។ ជា​លទ្ធផល លោក សម រ​ង្ស៉ី ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ប្រឈម​នឹង​បណ្តឹងអាជ្ញា​ជា​បន្តទៀត​។ គាត់​បាន​ចោទ​អង្គ​ព្រះមហាក្សត្រ​ថា មិនបាន​ធ្វើ​អ្វី​ជួយ​ប្រជាពលរដ្ឋ ដែល​រង​ទុក្ខលំបាក ប៉ុន្តែ​គាត់​ភ្លេច​គិតថា ខ្លួន​គាត់​ជា​សមាជិក​មួយរូប​នៃ​គណៈកម្មាធិការ​អចិន្ត្រយ៍​រៀបរៀង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​គាត់​បាន​គាំទ្រ​ឱ្យ​ដាក់បញ្ចូល​ប្បញ្ញត្តិ​មួយ​ទៅក្នុង​រដ្ឋធម្មនុញ្ញ គឺ “​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់អំណាច​ឡើយ (​មាត្រា​៧ កថាខណ្ឌ​ទី​១)” ប៉ុន្តែ​នៅពេលនេះ​បែរជា​គាត់​មក​បន្ទោស​ថា​ព្រះមហាក្សត្រ​គ្មាន​អំណាច​អ្វី​ទាំងអស់​។ លក្ខន្តិកៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កំណត់​គោលនយោបាយ​គោរព​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន ក៏ដូចជា​ច្បាប់ ស្តីពី​គណបក្សនយោបាយ​។ ទង្វើ​នេះ​ដើរ​ផ្ទុយ​ពី​គោលជំហរ​នយោបាយ​រប​ស់លោក កឹម សុខា ដែល​តែងតែ​គោរព​បដិបត្តិ​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន ទោះ​ក្នុងស្ថានភាព​ណា ។​

​ទី​៨. លោក សម រ​ង្ស៉ី បានប្រកាស​ឱ្យ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ ឱ្យ​ដូច​អ្វីដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើមបី​ប្រជាធិបតេយ្យ​នៅ​ភូមា​ដូច្នោះ​ដែរ ដែល​ត្រូវបាន​ចាត់ទុកជា​អំពើ​រំលោភបំពាន​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់ ស្តីពី​គណបក្សនយោបាយ​។ លោក កឹម សុខា តាមរយៈ​មេធាវី បាន​បដិសេធ​មិន​គាំទ្រ មិន​ជាប់​ពាក់ព័ន្ធ មិន​ចូលរួម ឬ​មិន​នៅ​ពីក្រោយ​ការប្រកាស​លោក សម រ​ង្ស៉ី​។ នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​គោលជំហរ​របស់លោក កឹម សុខា ខុសពី​លោក សម រ​ង្ស៉ី ដែល​លោក កឹម សុខា មានបំណង​ស្វែងរក​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ដោយ​ស្របតាម​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ ។​

​ទី​៩. អ្វីដែល​បង្ហាញឱ្យឃើញ​កាន់តែច្បាស់​ពី​ការបែងចែក​និង​ការរើសអើង​នោះ ចាប់​តាំងតែ​ពី​លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង នៅ​ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​មក​ឃុំ​នៅក្នុង​ផ្ទះ និង​រហូត​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ឃុំខ្លួន នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​រហូតមក​ដល់ពេលនេះ គ្មាន​អ្នកនយោបាយ ឬ​សកម្មជន​នៃ​កូតា​គណបក្ស​សមរ​ង្ស៉ី ណា​ម្នាក់ បានមក​សួរសុខទុក្ខ ឬ​មក​សម្តែង​ការ​នឹក​ឭក ឬ​សម្តែង​ការគួរសម​ចំពោះ​លោក កឹម សុខា នៅផ្ទះ​របស់គាត់ ម្តងណា​ឡើយ​។ ពួកគេ​ខ្លះ​មិន​គ្រាន់​អគុណ​ធម៌​និង​មិន​ចាត់ទុក​លោក កឹម សុខា ជា​មេដឹកនាំ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​វាយប្រហារ និង​ជេរប្រមាថ​មកលើ​លោក កឹម សុខា ថែមទៀត​។ បន្ទាប់ពី​លោក សម រ​ង្ស៉ី បាន​ដណ្តើមយក​តួនាទី​ជា​ប្រធានស្តីទី​ដោយ​ខុសច្បាប់ នៅ​ខែធ្នូ ឆ្នាំ​២០១៨ គាត់​បាន​បង្កើតឱ្យមាន​ក្រុម​ឆ្កែ​ញី​មួយក្រុម​ក្នុង​ក្របខ័ណ្ឌ​ចលនា​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O) បើក​យុទ្ធនាការ​ជេរ​និង​ប្រមាថ​មកលើ​លោក កឹម សុខា យ៉ាង​ក្លៀវក្លា​បំផុត ហើយ​លោក សម រ​ង្ស៉ី ថែមទាំង​បានប្រគល់​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​ក្រុម​ឆ្កែ​ញី​នេះ​ទៀង​ផង​។ នេះ​ជា​ចរិត​ចាប់ដៃ​ជាន់​ជើង​របស់លោក សម រ​ង្ស៉ី មកលើ​លោក កឹម សុខា​។​

​ទី​១០. លោក សម រ​ង្ស៉ី បាន​ឈរ​ពីក្រោយ​យ៉ាងរឹងមាំ​ចំពោះ​ការ​បំបែក​កម្លាំង​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស តាមរយៈ​ការបង្កើតឡើង​នូវ​ចលនា​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាត់ទុកជា​ចលនា​ឧទ្ទាម​ក្រៅច្បាប់​, បង្កើតឡើង​នូវ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស ឬ CNRP-OVERSEA (CNRP-O), កែប្រែ​រចនាសម្ព័ន្ធ​និង​ដក​ដោះដូរ​មនុស្ស​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​នៅក្រៅ​ប្រទេស ដូចជា​នៅ​អាមេរិក អឺរ៉ុប និង​នៅ​កូរ៉េខាងត្បូង​។ លោក សម រ​ង្ស៉ី បាន​បំបែកបំបាក់​ចលនា​យុវជន​ជា​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជា​ពីរ ដោយ​គាត់​បាន​គាំទ្រ​ក្រុម​ថ្មី​មួយទៀត​ដែល​ដឹកនាំ​ដោយ “​អាស​ង្ហា​”​។ ចាប់តាំងពី​លោក សម រ​ង្ស៉ី បាន​ដណ្តើមយក​តួនាទី​ជា​ប្រធានស្តីទី​ដោយ​ខុសច្បាប់​មក គាត់​មិនបាន​ធ្វើ​អ្វី​ឱ្យមាន​ការបង្រួបបង្រួម​បក្ស​ម្តងណា​ឡើយ គឺ​មានតែ​បំបែក និង​បំបែក​ឱ្យ​ខ្ទេច តាមរយៈ​ការដក​មនុស្ស​របស់​គ​ណ​បក្ស​សិទ្ធិមនុស្ស​ចេញ ដាក់​មនុស្ស​បក្ស​សមរ​ង្ស៉ី​ជំនួស​វិញ គឺជា​យុទ្ធសាស្ត្រ​បំបែក ដើម្បី​គ្រប់គ្រង​កម្លាំង​តែម្នាក់ឯង ។​

​ទី​១១. ភស្តុតាង​ថ្មី​ពីរ​ថែមទៀត គឺ​លោក សម រ​ង្ស៉ី បាន​បើកភ្លើង​ខៀវ​ឱ្យ​គណបក្ស​ភ្លើងទៀន អតីត​គណបក្ស​សមរ​ង្ស៉ី ត្រៀម​ធ្វើ​សមាជ​បក្ស ដើម្បី​កែប្រែ​រចនាសម្ព័ន្ធ និង​ផ្លាស់ប្តូរ​អ្នកដឹកនាំ ខណៈដែល​គណបក្ស​នេះ​គ្រាន់តែ​ជា​បក្ស​ចាំផ្ទះ បន្ទាប់ពី​រួបរួម​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស នៅ​ខែកក្កដា ឆ្នាំ​២០១២​។ មនុស្ស​ជំនិត​របស់លោក សម រ​ង្ស៉ី គឺ​លោក ជា គឹម​លី ខ្មែរ​-​អាមេរិកកាំង ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាមេរិក​ខាងជើង​-​អាមេរិកកាំង (CNRP-A) ដើរ​ចលនា​កៀរគរ​ក​ម្លាំ​ង​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យមក​គាំទ្រ​គណបក្ស​ភ្លើងទៀន និង​ខ្លួន​គាត់​ត្រៀមខ្លួន​មក​ចូលរួម​ដឹកនាំ​បក្ស​ភ្លើងទៀន​។ ស្របពេល​ជាមួយគ្នា លោក សម រ​ង្ស៉ី បាន​ប្រ​លេង​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ ឱ្យ​រៀបចំ​យុទ្ធសាស្ត្រ​និង​ផែនការ​បង្កើត​គណបក្ស​ថ្មី​មួយទៀត គឺ «​គណបក្ស​បេះដូង​ជាតិ​» នៅក្នុង​ប្រទេស ដើម្បី​អូសទាញ​កម្លាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងទិសដៅ​ទប់ទល់​ជាមួយ​គណបក្សនយោបាយ​ទើប​បង្កើត​ថ្មី បន្ទាប់មក​យក​រចនាសម្ព័ន្ធ​និង​កម្លាំង​របស់​គណបក្ស​បេះដូង​ជាតិ​ទៅ​បូក​បញ្ចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​សម្រាប់​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​សភា ឆ្នាំ​២០២៣​។​

​ទី​១២. លោក សម រ​ង្ស៉ី និង​គូកន បាន​ប្រមូល​លុយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លុយ​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ លាន​ដុល្លារ ទៅ​បាត់​ឈឹង​។ ស្របពេល​ជាមួយគ្នា លុយ​មាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ ជាង $30​ម៉ឺន និង​លុយ​លក់​ប័ណ្ណ​នាឡិកាដៃ​ជាង $20​ម៉ឺន ក៏​បាត់​ស្ងាត់ឈឹង​។ លុយ​ទាំងនេះ​អាច​ត្រូវបាន​យកទៅ​ចែកគ្នា​ចាយ និង​មួយចំណែក​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​ទុក​ត្រៀម​បម្រុង​ផ្គត់ផ្គង់​ដល់​គណបក្ស​បេះ​ជាតិ និង​គណបក្ស​ភ្លើងទៀន​។​

​សរុប​មកវិញ អ្វីដែល​លោក សម រ​ង្ស៉ី បានធ្វើ​និង​កំពុង​បន្តធ្វើ គឺ​ផ្ទុយ​ពី​គោលការណ៍​និង​គោលនយោបាយ​រួម នៃ​សម្ព័ន្ធភាព​នៅមុន​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្ទុយ​ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក សម រ​ង្ស៉ី និង​មនុស្ស​ជិតស្និទ្ធ​របស់គាត់​មិនបាន​ផ្តល់នូវ​តម្លៃ​នៃ​ការលះបង់ និង​ការធ្វើ​ពលិកម្ម​របស់លោក កឹម សុខា ម្តងណា​ឡើយ ហើយ​ថែមទាំង​ប្រមាថ​បន្ថែមទៀត​។ សកម្មភាព​បំពាន​ច្បាប់ ទោះបី​ច្បាប់​នោះ​មាន​ចរិត​បែបណា​ក៏​នៅតែ​ជា​ច្បាប់ របស់លោក សម រ​ង្ស៉ី គឺជា​ការទទួលខុសត្រូវ​ជា​លក្ខណៈ​បុគ្គល​។ មនុស្ស​ពីរ​អ្នក​អាច​ស្បថ​គោរព​គោលការណ៍​រួម​តែមួយ ប៉ុន្តែ​បើសិន​ម្នាក់​ណា​រំលោភ​លើ​គោលការណ៍​រួម​នោះ ម្នាក់​នោះបាន​បែកចេញ​រួចទៅហើយ​។ មនុស្ស​ពីរ​នាក់​សន្យា​គ្នា​គោរព​ច្បាប់ ប៉ុន្តែ​ម្នាក់​បាន​រំលោភ​ល្មើ​សនឹង​ច្បាប់ ដូច្នេះ​ម្នាក់​ក្លាយជា​ទណ្ឌិត​។ លើសពីនេះ​ទៀត ស្របតាម​កត្តា​និង​ច្បាប់ធម្មជាតិ មនុស្ស​ពីរ​នាក់​មិនអាច​រលាយ​ចូលគ្នា​ក្លាយទៅជា​មនុស្ស​តែមួយ​បានទេ ដូច្នេះ​ពាក្យស្លោក​នេះ គឺជា​ការ​បំភ័ន្ត​ភ្នែក​-​ត្រចៀក​។ ពាក្យស្លោក​នេះ​បង្កប់​ដោយ​ចេតនា​ខ្មៅ​កខ្វក់ ដើម្បី​អូសទាញ និង​ភ្ជាប់​លោក កឹម សុខា ជាមួយ​អំពើ​ខុសច្បាប់​ផ្សេង ដែល​លោក សម រ​ង្ស៉ី បាន​ប្រព្រឹត្តឡើង និង​បំភ័ន្ត​ឱ្យមាន​យល់ច្រឡំ​ថា​លោក កឹម សុខា គាំទ្រ ចូលរួម និង​នៅ​ពីក្រោយ​ផែនការ​ផ្សេងៗ និង​សង្គ្រាម​វោហារសាស្ត្រ​ស្រួចស្រាល់​របស់លោក សម រ​ង្ស៉ី​។

លោក មុត ចន្ថា បាន​អះអាងថា លោក កឹម សុខា បាន​ព្យាយាម​បដិសេធ​ជាច្រើនលើក​តាមរយៈ​មេធាវី ប៉ុន្តែ​ទាំង​លោក សម រ​ង្ស៉ី និង​លោក អេង ឆៃអ៊ាង មិន​ព្រម​ទទួលយក​ការបដិសេធ​ទាំងនេះ ដោយ​លើក​ហេតុផល​ខ្លួនឯង​ថា “​មិនមែនជា​សំដី និង​ចេតនា​របស់លោក កឹម សុខា ព្រោះថា លោក កឹម សុខា កំពុង​ស្ថិតនៅ​ជា​ចំណាប់ខ្មាំង​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services