ក្រុមអ្នកនយោបាយ អំពាវនាវឲ្យពលរដ្ឋ​ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ក្រុមអ្នកនយោបាយ អំពាវនាវឲ្យពលរដ្ឋ​ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា

បានផុស

នៅ

ក្រុមអ្នកនយោបាយជាច្រើនរូប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីអាចមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។ ការអំពាវនាវ​នេះ គ្រាដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវចាប់ផ្ដើមនាខែក្រោយនេះហើយ។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋរូបណា មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២១នេះទេ គឺមិនអាចបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញានេះថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោត​នាពេល​ខាងមុខ។

លោក សុខ ឥសាន មានប្រសាសន៍យ៉ាងដូច្នេះថា «រឿងដែលប្រជាពលរដ្ឋ ត្រូវចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀម​លក្ខ​​ណៈបោះឆ្នោតនាពេលខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ជាពិសេសសមត្ថកិច្ច​គ្រប់​​លំដាប់ថ្នាក់ បានអំពាវនាវ ហើយស្រង់ស្ថិតិលើកទឹកចិត្ត ឲ្យបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត នៅតាមមូល​ដ្ឋានរៀងៗខ្លួនហើយ»។

រីឯលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងដែរថា ការចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយអាចបោះ​ឆ្នោត​បាននោះ គឺពិតជាមានសារៈសំខាន់ណាស់​ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុបោះឆ្នោត ត្រូវតែទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត តាមកាល​បរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយ គ.ជ.ប។

លោក ពេជ្រ ស្រស់​ មានប្រសាសន៍យ៉ាងដូច្នេះថា «អញ្ចឹងខ្ញុំសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ កុំព្រងើយកន្តើយ ចំពោះការចុះឈ្មោះបោះឆ្នោតនេះ វាមានសារៈសំខាន់ណាស់ ពីព្រោះវាជាកាតព្វកិច្ច សម្រាប់សម្រេចជោគវាសនា​ប្រទេសជាតិ និងសម្រេចនូវមេដឹកនំាណាមួយ ដែលខ្លួនស្រលាញ់ ក្នុងនាមខ្ញុំជាប្រធានគណបក្សនយោបាយ​មួយ​រូប ខ្ញុំដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ ចំពោះការចូលរួមចុះឈ្មោះបោះឆ្នោតនេះ…ហើយខ្ញុំនឹងណែនាំ ដល់​មន្ត្រីគណបក្សយុវជន ឲ្យពិនិត្យមើលចំពោះសមាជិក-សមាជិកា ដែលគាំទ្រគណបក្សយុវជនកម្ពុជា ថាតើពួកគាត់ បានទៅចុះឈ្មោះបោះឆ្នោតហើយ ឬនៅ? បើគាត់មិនបានទៅ យើងនឹងស្នើឲ្យគាត់ទៅ ឬក៏ជម្រាបឲ្យគាត់ទៅ»។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងដែរថា គណបក្សរបស់លោក នឹង​ចេ​ញ​​សេចក្ដី​​អំពាវនាវមួយ ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នាពេលខាង​មុខនេះ។ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងអាចចេញលិខិតចំហមួយ ជូនសាធារណជន ជូន​ដល់ប្រជា​ពលរដ្ឋ ដើម្បីចូលរួមពិនិត្យបញ្ជី ឬក៏ចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នាពេល​ខាង​មុខ​»។

មិនខុសពីអ្នកនយោបាយទាំង ៣រូបខាងលើនេះទេ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។

លោក គង់ ម៉ូនីកា មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឆ្លៀតឱកាសនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្អូនៗ ដែលជាយុវជន ដែលទើបតែគ្រប់អាយុ ឬនឹងគ្រប់អាយុ ក្នុងពេលខាងមុខនេះ អញ្ជើញទៅចុះ​ឈ្មោះ​បោះ ឆ្នោត ឬក៏ទៅពិនិត្យមើលឈ្មោះរបស់ខ្លួន នៅក្នុងបញ្ជីបោះឆ្នោតឲ្យបានត្រឹមត្រូវ ផ្ទៀងផ្ទាត់ឲ្យបានត្រឹម​ត្រូវ ដើម្បីយើងអាចមានសឱកាស របស់យើងរៀងរាល់ការបោះឆ្នោតហ្នឹង ឬថា អាចអនុវត្តនូវសិទ្ធិបោះឆ្នោតរបស់​ខ្លួនឲ្យបានត្រឹមត្រូវ ប្រសិនជាយើងខកខាន មិនរវីរវល់ក្នុងការពិនិត្យបញ្ជីបោះឆ្នោត ឬក៏ទៅចុះឈ្មោះបោះឆ្នោ​ត​នោះ​ទេ គឺថាយើងនឹងខកខាន ឱកាសក្នុងការបញ្ចេញសិទ្ធិរបស់ខ្លួន ហើយក៏ខកខានក្នុងការជ្រើសរើស នូវតំណាង​របស់ខ្លួននៅថ្នាក់មូលដ្ឋាន ក៏ដូចជាថ្នាក់ជាតិផងដែរ»។

សូមជម្រាបថា តាមការបរិច្ឆេទរបស់ គ.ជ.ប គឺការពិនិត្យបញ្ជី​ឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី១២​ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០​២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។ តាមការប៉ាន់ស្មានរបស់គ.ជ.ប នៅឆ្នាំ២០២១នេះ គឺគ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់។ រីឯអ្នកដែលត្រូវលុបឈ្មោះចេញ ដោយសារបញ្ហាផ្សេងៗ គឺមានចំនួន ៨៣, ០៤៣នាក់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services