Connect with us

នយោបាយ

លោក ជិន ម៉ាលីន ជំរុញឲ្យក្រុមប្រឆាំងនៅក្រៅប្រទេស ចូលមកអនុវត្តទោស ដើម្បីបញ្ចប់អំពើនិទណ្ឌភាព

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានជំរុញឲ្យ ក្រុមអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស ចូលមកប្រទេសកម្ពុជាវិញ ដើម្បីអនុវត្តទោស តាមការសម្រេចរបស់តុលាការនាពេលកន្លងមក ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។ ការ​ជំរុញ​នេះ គ្រាដែលក្រុមអតីតគណបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ បានប្រកាសអំពីលទ្ធផល នៃការយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។ តែអ្វីជាការកត់សម្គាល់នោះ គឺពួកគេដែលធ្វើយុទ្ធនាការនេះ ក៏កំពុងជាប់បណ្ដឹង និងត្រូវតុលាការកាត់ទោសជាបន្តបន្ទាប់។ ដូច្នេះពួកគេ ក៏មានទោសដែរ ហើយមិនព្រមទទួលទោស បែរជារត់គេចទៅក្រៅប្រទេស ដែលនេះជាអំពើនិទណ្ឌភាពមួយផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះថា ពាក្យថានិទណ្ឌភាពមាន អ្នកប្រព្រឹត្ដបទល្មើស មិនត្រូវបានផ្ដន្ទាទោស។ សម្រាប់នៅក្នុង​ប្រទេស​កម្ពុជា អ្នក​ដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវបានផ្ដន្ទាទោសជាបន្តបន្ទាប់ នាពេលកន្លង តែក្រុមអតីតបក្សប្រឆាំង​នៅ​ក្រៅប្រទេស និងបុគ្គលមួយចំនួនទៀត ដែលមាននិន្នាការនយោបាយ មិនទទួលយកការសម្រេចចិត្ត របស់សមត្ថកិច្ច និងតុលាការរបស់កម្ពុជាឡើយ។

លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា ចំពោះយុទ្ធនាការរបស់ក្រុមអតីតប្រឆាំង ពាក់ព័ន្ធនឹងការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជានោះ គ្រាន់តែជាយុទ្ធនាការមានចរិតជានយោបាយ ក្នុងការបន្តុះបង្អាប់ រិះគន់ និងបំផ្លាញមុខ​មាត់​រាជរដ្ឋាភិបាល នៅលើឆាកអន្តរជាតិប៉ុណ្ណោះ ហើយមិនមានមូលដ្ឋានបញ្ជាក់ថា មានអំពើនិទណ្ឌភាព ដែលផ្អែក​លើ​ផ្លូវច្បាប់នោះទេ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា «ហើយមែនទែនទៅ! បើថា ចង់បញ្ចប់និទណ្ឌភាពមែនទែន គឺ​ថា ទាល់តែក្រុមដែលប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតុលាការផ្ដន្ទា​ទោស ហើយរត់ទៅក្រៅប្រទេសទាំងអស់ហ្នឹង ចូល​មកទទួលទោស និងអនុវត្តទោសតាមផ្លូវច្បាប់វិញ អាហ្នឹងទើបអាចបញ្ចប់និទណ្ឌភាពបាន»។

លោករដ្ឋលេខាធិការ ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ក្រុមអតីតគណបក្សប្រឆាំង ដែលរត់ទៅក្រៅប្រទេស ត្រូវ​បានតុលាការរកឃើញបទល្មើស ហើយបានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ តែពួកគេមិនបាននៅអនុវត្តទោស​នោះ​ឡើយ។ ការណ៍នេះ បានបង្កើតឲ្យមានអំពើនិទណ្ឌភាព ហើយបើចង់ឲ្យបញ្ចប់នូវអំពើនេះ ត្រូវតែក្រុមអតីតបក្ស​ប្រឆាំង​នៅក្រៅប្រទេស ស្ម័គ្រចិត្តចូលមកប្រទេសកម្ពុជាវិញ ហើយព្រមអនុវត្តទោស តាមការសម្រេចរបស់តុលាការ ទើបអាចបញ្ចប់និទណ្ឌភាពបាន៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម