ប្រទេសចំនួន៥១នៅអាស៊ី និងអឺរ៉ុបនឹងចូលរួមកិច្ចប្រជុំASEMដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃស្អែកនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ប្រទេសចំនួន៥១នៅអាស៊ី និងអឺរ៉ុបនឹងចូលរួមកិច្ចប្រជុំASEMដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃស្អែកនេះ

បានផុស

នៅ

កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅរាជធានីភ្នំពេញ។ ប៉ុន្តែ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយសារតែវិបត្តិកូវីដ១៩មិនទាន់ត្រូវបានបិទបញ្ចប់។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមពីប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសដៃគូ ASEM ទាំង៥១ មកពីអាស៊ី និងអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះផងដែរ។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងធ្វើឡើងក្រោមមូលបទ៖ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា»ដែលវានឹងផ្តល់ឱកាសដ៏ទាន់ពេលវេលាមួយដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ដើម្បីបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាសកល និងតំបន់សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ក្នុងនោះ រួមទាំងបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដល់សង្គម- សេដ្ឋកិច្ចបណ្តាលមកពីជំងឺនេះផងដែរ។

ក្រសួងការបរទេសកម្ពុជាបានអះអាងបន្ថែមតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកាថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពីតួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន ១) ASEM ក្នុងគម្រប់ខួប២៥ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅនាពេលអនាគត ២) ការធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល ៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ ៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ៥) ការតភ្ជាប់ ៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរអំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ ២) ការពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដើម្បីកំណើនរួមគ្នា និង ៣) ការកសាងឡើងវិញនូវអនាគតប្រកបដោយភាពធន់។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំចង្អៀតថ្នាក់ដឹកនាំ ASEM នឹងមានឱកាសចែករំលែកទស្សនៈ ដោយត្រង់ទៅត្រង់មកដោយសេរី និងតាមបែបស្ថាបនាពាក់ព័ន្ធនឹងបញ្ហាសកល និងតំបន់។

ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគតស្តីពីការតភ្ជាប់ ASEM។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ក្នុងការជំរុញពហុភាគីនិយមក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកលនាពេលបច្ចុប្បន្ន និងកំពុងលេចឡើងថ្មីៗនេះ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services