Connect with us

នយោបាយ

មកដល់ពេលនេះ កម្ពុជា និងឥណ្ឌូនេស៊ី បានកសាងទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល៦៤ឆ្នាំហើយ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា បន្ទាប់ពីមកដល់កម្ពុជាកាលពីព្រលប់ថ្ងៃអង្គារ ម្សិលមិញ។ បើក្រឡេកទៅមើលពីទំនាក់ទំនងទ្វេភាគី គឺកម្ពុជា និងឥណ្ឌូនេស៊ី ជាមិត្តចាស់ដែលបានទាក់ទងគ្នាអស់រយៈពេ​ល៦៤ឆ្នាំមកហើយៗ ឥណ្ឌូនេស៊ី គឺជាប្រទេសដែលជួយកម្ពុជាច្រើនក្នុងការស្វែងរកសន្តិភាពផងដែរ។

សម្តេច ព្រះនរោត្តម សីហនុ និងលោកប្រធានាធិបតី ស៊ូការណូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និងឥណ្ឌនេស៊ី បានបង្កើតទំនាក់ទំនងការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៥៧ ហើយមានលក្ខណៈជាផ្លួវការនៅក្នុងឆ្នាំ១៩៦០ ដោយបានដាក់ទូតនៅប្រទេសផងគ្នាទៅវិញទៅមក។ នៅពេលនោះ សម្តេច ព្រះនរោត្តម ព្រះសីហនុ និងលោកស៊ូការណូ ដែលជាប្រធានាធិបតីឥណ្ឌូនេស៊ី អាចនិយាយថា គឺជាមិត្តល្អដែលបង្កើតឱ្យមានទំនាក់ទំនងល្អរវាងប្រជាជាតិកម្ពុជា និងឥណ្ឌូនេស៊ី។ នៅក្នុងឆ្នាំ១៩៥៦ ប្រទេសឥណ្ឌូនេស៊ី បានទទួលស្គាល់កម្ពុជាជាប្រទេសឯករាជ្យ បន្ទាប់ពីសម្តេច ព្រះនរោត្តម សីហនុ បានតស៊ូទាមទារយកឯករាជ្យឱ្យប្រជាជាតិកម្ពុជារហូតទទួលបានជោគជ័យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

នៅក្នុងរជ្ជកាលគ្រប់គ្រងរបស់លោកប្រធានាធិបតី ស៊ូការណូ នាទសវត្ស១៩៦០ លោកស៊ូការណូ និងសម្តេច ព្រះនរោត្តម សីហនុ តែងតែបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជាបន្តបន្ទាប់។ ក្នុងនោះ នៅក្នុងឆ្នាំ១៩៦៤ សម្តេច ព្រះនរោត្តម សីហនុ និងសម្តេចម៉ែបានយាងទៅធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីស៊ូការណូ។

ក្រោយរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំ ប្រទេសឥណ្ឌូនេស៊ី បានតួនាទីសំខាន់នៅក្នុងការជួយស្វែងសន្តិភាពជូនប្រទេសកម្ពុជា។ ឥណ្ឌូនេស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀតដែលតែងតែគាំទ្រកម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាព ហើយក៏បានបញ្ជូនកងទ័ពតាមរយៈអង្គការសហប្រជាជាតិមកជួយរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជាក្នុងសម័យអ៊ុកតាក់ផងដែរ។ ជាមួយគ្នានេះ ឥណ្ឌូនេសស៊ីក៏បានគាំទ្រការកសាងសមត្ថភាពធនធានមនុស្ស និងជាពិសេស គឺបានគាំទ្រកម្ពុជាចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំ១៩​៩៩។ ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ក៏ជាសមាជិកនៃចលនាប្រទេសមិនចូលបក្សសម្ព័ន្ធដូចគ្នាថែមទៀត។

ឈានចូលសម័យសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីចំនួន២លើក គឺក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩។ នៅឆ្នាំ២០១៩នេះដែរ អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក ម៉ូហាម៉េដ យូសុហកាឡា ក៏បានមកទស្សនកិច្ចនៅកម្ពុជា ដោយបានជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន។  គឺនៅពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមស្វែងរកសន្តិភាព​របស់កម្ពុជា ដោយបានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់នៅប្រទេសឥណ្ឌូណេស៊ី និងធ្វើជាសហប្រធាននៃសន្និសីទក្រុងប៉ារីសជាមួយនឹងប្រទេសបារាំងថែមទៀតផង។

ក្រៅពីមានទំនាក់ទំនងការទូតល្អនឹងគ្នា កម្ពុជា និងឥណ្ឌូនេស៊ី ក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាផងដែរ ត្បិតថា មិនសូវល្អ ដោយសារតែវិបត្តិកូវីដ១៩ក៏ដោយ។ នៅក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីសម្រេចបានជាង ៥១៣លានដុល្លារ គឺបានធ្លាក់ចុះជាង១១ភាគរយ។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់ ២៦.៣៨ លានដុល្លារអាមេរិក។ កម្ពុជានាំចេញទៅឥណ្ឌូនេស៊ី មានដូចជា កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្រដាស ក្រដាសកាតុង សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង អាលុយមីញ៉ូម និងសម្ភារៈអគ្គិសនីជាដើម។

Cambodia and Indonesia Flags Crossed And Waving Flat Style. Official Proportion. Correct Colors.

រីឯ ឥណ្ឌូនេស៊ីនាំចូលទំនិញមកកម្ពុជាវិញ មានដូចជា សម្ភារធ្វើពីថ្ម ម្នាងសិលា ស៊ីម៉ង់ត៍ ផលិតផលកុលភាជន៍ ស្បែកជើង ស្រោមជើង សំលៀកបំពាក់ ត្បូង គ្រឿងអលង្ការកាឡៃ ដែកអាលុយមីញ៉ូម គ្រឿងចក្រកសិ​កម្ម និងគ្រឿងសង្ហារឹម។ ទំនិញទាំងអស់នេះ គឺឥណ្ឌូនេស៊ីសម្រេចបានជាទឹកប្រាក់ចំនួនជាង ៤៨៧ លានដុល្លារអាមេរិកនៅក្នុងរយៈពេល១០ខែ នៃឆ្នាំនេះ។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ២០២០វិញ គឺសម្រេចបានប្រមាណ៥៧៨លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម