Connect with us

នយោបាយ

តុលាការកំពូលអញ្ជើញលោក សៀម ភ្លុក ស្ថាបនិកបក្សបេះ ដូងជាតិ និងមេធាវីឲ្យចូលរួមសវនាការ នៅថ្ងៃទី ២៤ ធ្នូ

បានផុស

នៅ

លោក ឌិត មុន្ទី ប្រធានតុលាការកំពូល បានចេញលិខិតអញ្ជើញលោក សៀម ភ្លុក ស្ថាបនិក គណបក្សបេះដូងជាតិ និងមេធាវីតំណាងដោយអាណត្តិ ឲ្យចូលរួមសវនាការនៅតុលាការកំពូល នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​ ២០២១។

ក្នុងលិខិតអញ្ជើញ របស់ប្រធានតុលាការកំពូល ចំនួន ៣ដាច់ដោយឡែកផ្សេងគ្នា បានបញ្ជាក់ថា «កម្មវត្ថុនៃបណ្ដឹង៖ ប្ដឹងសុំតុលាការកំពូល ចេញដីកាបង្គាប់ឲ្យក្រសួងមហាផ្ទៃ ចុះបញ្ជីគណបក្សនយោបាយ ជូនគណបក្សបេះដូងជាតិ»។

សូមជម្រាបថា កាពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ គណបក្ស​បេះដូង​ជាតិ ​បាន​ដាក់​ពាក្យបណ្តឹង​ចូល ទៅ​កាន់​តុលាការ​កំពូល​រូ​ច​ហើយ ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​។

លោក សៀម ភ្លុក ធ្លាប់បានប្រាប់កម្ពុជាថ្មីថា «នៅ​រសៀល​ម៉ោង​៣​នេះ (​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១) នេះ។ នៅក្នុង​ខ្លឹមសារ​ យើង​សុំ​ឲ្យ​តុលាការ​កំពូល ​ចេញ​ដីកា​បង្គាប់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួងមហាផ្ទៃ​ ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​»។

លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ក្រសួងមហាផ្ទៃ ដែល​បដិសេធ​ចំពោះ​ការ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ហើយ​អះអាងថា នឹង​រៀបចំ​ប្តឹងទៅ​តុលាការ​ទៀតផង​។

ក្រសួងមហាផ្ទៃ បាន​ប្រកាស​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ការ ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្មា​ម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញា ណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ក្នុងការ​បង្កើន​បរិមាណ​សមាជិក​។

ជាមួយគ្នានេះ ខ្លឹមសារ​ប្រការ​មួយចំនួន ​នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ មិនតែប៉ុណ្ណោះ នៅ​ក្នុង​លិខិត​ដាច់ដោយឡែក​មួយ​ ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ នឹង​មាន​វិធានការ​ផ្លូវច្បាប់​ ទៅ​តំណាង​ស្ថាបនិក​គណបក្ស​បេះ​ជាតិ និង​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​ ដែល​បាន​ចូលរួម​ក្លែងបន្លំ​ស្នាម​មេដៃ​នេះ​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់បាន​ផ្តាំ​កុំ​ឲ្យ​លោក សៀម ភ្លុក រត់ចោលស្រុក​។ លោក​ថា «​បើ​ចង់​លេង​ផ្លូវច្បាប់​ក៏​ល្អ​ដែរ ប៉ុន្តែ​សូម​ផ្ដាំ​មុន​កុំ​រត់ចោលស្រុក សុំ​ជ្រកកោន​នយោបាយ​អី​ដូច​អ្នក​ដទៃ​ទៀត យក​បញ្ហា​ហ្នឹង​ទៅ​លន់តួ​សុំ​ស្ថានទូត​ផ្សេងៗ​សុំ​សិទ្ធិ​ជ្រក កោន​នយោបាយ អាហ្នឹង​ផ្ដាំ​ឱ្យ​ហើយ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង​»៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម