Connect with us

នយោបាយ

សមាជិកគណបក្សបេះដូងជាតិ២រូប ត្រូ​វតុលាការក្រុងភ្នំពេញកោះហៅទៅបំភ្លឺរឿងក្លែងបន្លំស្នាមមេដៃ

បានផុស

នៅ

សមាជិកគណបក្សបេះដូងជាតិចំនួន២រូប​ គឺអ្នកស្រី ស៊ីម ធាំ និងលោក ជា អ៊ាន ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កោះហៅទៅបំភ្លឺរឿងក្លែងបន្លំស្នាមមេដៃគាំទ្រគណបក្សបេះដូងជាតិ ដើម្បីយកទៅតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមដីកាកោះហៅ២ដាច់ដោយឡែកពីគ្នារបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃ០១ ខែធ្នូ តែទើបបង្ហាញជាសាធារណៈនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រគណបក្សបេះដូងជាតិទាំង២រូ​បនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ខាងមុខនេះ។ គណបក្សបេះដូងជាតិបានចាត់ទុកការកោះហៅសមាជិករបស់ខ្លួននេះ ថាជារូបភាពគំរាមកំហែង បំភិតបំភ័យ បំបាក់ស្មារតីប្រជាពលរដ្ឋក្នុងបរិយាកាសនយោបាយជាក់ស្តែងគួរឱ្យព្រួយបារម្ភ។ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានអះអាងថា រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ​បាន​ធានា​ការពារសិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋក្នុង​ការ​សម្តែង​មតិ ឬការចូល​រួម​បង្កើត​សមាគម ​និង​គណបក្ស​នយោបាយ​តាម​ឆន្ទៈ​ខ្លួន​ដោយ​គ្មាន​ការ​គំរាម​កំហែង ​និង​ការ​បំភិតបំភ័យ​។

ដោយឡែក ចំពោះលោក សៀម ភ្លុក ខ្លួនឯងវិញ ក៏នឹងត្រូវចូលទៅតុលាការកំពូលនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះផងដែរ តាមការកោះអញ្ជើញរបស់ប្រធានតុលាការកំពូល។ តុលាការកំពូល នឹងបើកសវនាការសួរនាំលោក សៀម ភ្លូក តាមបណ្តឹងរបស់លោកដែលប្តឹងសុំឲ្យតុលាការកំពូលចេញដីកាបង្គាប់ឲ្យក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជូនគណបក្សបេះដូងជាតិ។

ការប្តឹងផ្តល់គ្នានេះ កើតឡើង បន្ទាប់ពីក្រសួងមហាផ្ទៃ បាន​ប្រកាស​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ការចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្មា​ម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ​ក្នុងការ​បង្កើន​បរិមាណ​សមាជិក​។ ជាមួយគ្នានេះ ខ្លឹមសារ​ប្រការ​មួយចំនួននៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

មិនតែប៉ុណ្ណោះ នៅ​ក្នុង​លិខិត​ដាច់ដោយឡែក​មួយ​ទៅកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា ក្រសួងមហាផ្ទៃ នឹង​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ និង​បុគ្គល​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្លែងបន្លំ​ស្នាម​មេដៃ​នេះ​៕

អត្ថបទ ៖ វណ្ណ សុគន្ធា  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម