Connect with us

នយោបាយ

កម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាប្រសិទ្ធនាមឆ្នាំ២០២២ ថា ជា«ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»

បានផុស

នៅ

ឆ្នាំ២០២២ខាងមុខនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម។ ប្រទេសទាំងពីរ បានឯកភាពទស្សនៈរួមគ្នាថា ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម និងបានព្រមព្រៀងគ្នាប្រសិទ្ធនាមឆ្នាំ២០២២ ថាជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ប៉ុន្តែ ទើបត្រូវបានក្រសួងការបរទេសកម្ពុជាបង្ហាញឱ្យដឹងពីលទ្ធផលនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃប្រទេសវៀតណាម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរា​តត្បាតកូវីដ-១៩ក្តី ក៏ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់កម្រិត។ ចំណែក ការបើកកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះ ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាពជាប្រ​ពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម