Connect with us

នយោបាយ

ថ្នាក់ដឹកនាំបក្សហ្វ៊ុនស៊ិនប៉ិច លើកដៃសំពះអង្វរសុំឲ្យព្រះអនុជ អរុណរស្មី យល់ព្រមមកដឹកនាំបក្សជាថ្មី

បានផុស

នៅ

គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជ្រើសរើសសម្តេច ព្រះអនុជ អរុណរស្មី ធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បន្តពីសម្តេចក្រុមព្រះ នរោត្តម រណរិទ្ធ ដែលបានសោយទិវង្គត។ ប៉ុន្តែ សម្តេច ព្រះអនុជ អរុណរស្មី មិនទាន់បានដឹងនៅឡើយទេ។ ដូច្នេះហើយ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចលើកដៃសំពះអង្វរផង និងបន់ស្រន់ផងសុំឲ្យសម្តេច ព្រះអនុជ អរុណរស្មី យល់ព្រមមកដឹកនាំគណបក្សជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បា​នអះអាងថា ការសម្រេចនេះ គឺពួកគេបានគិតពិចារណាជាយូរ និងគ្រប់ជ្រុងជ្រោយរួចហើយ។ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានគូសបញ្ជាក់ថា ការជ្រើសរើសសម្តេច ព្រះអនុជ អរុណរស្មីនេះ គឺផ្អែកលើកត្តា៣សំខាន់ៗ រួមមាន បទពិសោធន៍ដែលធ្វើជាប្រធាននាពេលកន្លងមក កត្តាសមត្ថភាព និងកត្តាគុណសម្បត្តិ។ បើតាមគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច គឺសម្តេចព្រះអនុជ អរុណរស្មី អាចក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងការដឹកនាំគណបក្សរាជានិយមមួយនេះបន្តដំណើរទៅមុខទៀត។

ជាមួយគ្នានេះ គណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានអះអាងថា វត្តមានរបស់សម្តេចព្រះអនុជ អរុណរស្មីនេះ នឹងអាចជួយផ្សះផ្សា និងសម្របសម្រួឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវរ៉ូវគ្នាវិញ ពោល គឺអាចបង្រួបបង្រួមឲ្យទៅជាគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ដើម្បីត្រៀមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០២២ និងបោះឆ្នោតជ្រើសតាំងតំណាងរាសស្រ្តនៅក្នុងឆ្នាំ២០២៣ខាងមុខ។

ជាការកត់សម្គាល់ តាំងពីសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ទ្រង់សោយទិវង្គតទៅ គឺផ្ទៃក្នុងគណបក្សនេះ មានបញ្ហារកាំរកូសជាបន្តបន្ទាប់។ ថ្មីៗនេះ គណបក្សនេះ បានចែកបក្សពួកគ្នាជា២ក្រុម ដោយ១ក្រុមនៅខាងសម្តេច ចក្រាវុធ និងមួយទៀតនៅខាងសម្តេច ព្រះអនុជ អារុណ រស្មី។ ប៉ុន្តែ លោកញេប ប៊ុនជិន ដែលជាតំណាងគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច បានគូសបញ្ជាក់ថា គ្មានក្រុមនេះ ឬក្រុមនោះណាទេ ពោល គឺមានតែគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចតែប៉ុណ្ណោះដែលជាតំណាងឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច បន្ទាប់ពីសម្តេចក្រុមព្រះសោយទិវង្គតទៅ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម