Connect with us

នយោបាយ

លោក សុខ ឥសាន្ត ៖ ការ​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះថ្ងៃ​៧​មករា គឺដោយសារកូវីដ មិនមែនបែកបាក់សាមគ្គីកម្ពុជា-វៀតណាមទេ

បានផុស

នៅ

ដូចកាលពីឆ្នាំ២០២១ដែរ គឺនៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងមិនមានរៀបចំពិធីអបអរសាទររំលឹកខួបជ័យជម្នះ​ ៧ មករា ជាលក្ខណៈទ្រង់ទ្រាយធំនោះឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានអះអាងថា ការមិនធ្វើពិធីធំដុំនេះ គឺដោយសារបញ្ហាជំងឺកូវីដ១៩ មិនមែនដោយសារតែកម្ពុជា និងវៀតណាមបែកបាក់សាមគ្គីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោក សុខ ឥសាន្ត នាពេលនេះ គឺជាការឆ្លើយតបទៅនឹងសារព័ត៌មាន The Cambodia Daily Khmer ដែលបានធ្វើបទវិភាគអំពីការមិនប្រារព្ធរំលឹកខួប៧ មករា ធំដុំនៅក្នុងឆ្នាំ២០២២នេះ។ កាលពីសប្តាហ៍មុន សារព័ត៌មានមួយនេះ បានសរសេរបែបវិភាគថា តើ​ការប្រកាស​ផ្អាក​ប្រារព្ធ​ទិវា​ជ័យជម្នះ ថ្ងៃ​៧​មករា របស់​មេដឹកនាំ​ខ្មែរ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​ប្រទេស​វៀតណាម ឬ​យ៉ាងណា ខណៈ​កម្ពុជា នៅ​ពេល​នេះ មាន​មហា​យក្ស​ចិន ជា​ខ្នងបង្អែក​របស់​ខ្លួន​ទៅ​ហើយ​នោះ?

ចំពោះការវិភាគនេះ លោកសុខ ឥសាន្ត បានគូសបញ្ជាក់បែបនេះថា៖ «ការមិនប្រារព្វធ្វើពិធីធំដុំនៅថ្ងៃ៧មករា គឺគ្មានអ្វីក្រៅពីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ទេ។ ការនិយាយថា មូលហេតុមកពីមានការបែកបាក់សាមគ្គីកម្ពុជា-វៀតណាម គឺជាការនិយាយបំផ្លើសផ្ទុយពីការពិតរបស់ក្រុមប្រឆាំងប៉ុណ្ណោះ»។

តាមពិតទៅ ការសម្រេចផ្អាកការប្រារព្ធទិវាជ័យជម្នះ ថ្ងៃ៧ មករា ជាលក្ខណៈទ្រង់ទ្រាយធំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានប្រកាសឲ្យដឹងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ។ កាលណោះ គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាតែម្តង  ជាអ្នកចេញលិខិតបញ្ជាក់ពីការមិនប្រារព្ធពិធីធំដុំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងលិខិតនោះ បានសរសេរថា ៖ «សម្រាប់ការប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ យើងត្រូវរៀបចំធ្វើក្នុងកម្រិតដូចថ្ងៃ៧មករា ឆ្នាំ២០២១កន្លងមក គឺគ្រប់ថ្នាក់ពុំមានការរៀបចំជួបជុំធ្វើមីទ្វីងទេ ប៉ុន្តែត្រូវរៀបចំផ្សព្វផ្សាយ Logo បដា ពាក្យស្លោក ។ល។ នៅតាមទីកន្លែងជាក់ស្ដែង និងតាមការអនុញ្ញាត នៃច្បាប់ ហើយគណៈកម្មាធិការគណបក្សដែលពាក់ព័ន្ធ ក៏ត្រូវត្រៀមរៀបចំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវរាល់ខ្លឹមសារដែលទាក់ទងដល់ជោគជ័យ និងសមិទ្ធផលរបស់គណបក្សឲ្យបានអធិកអធម»៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម