នយោបាយ
លោក ប្រាក់ សុខុន ប្រាប់មន្រ្តីជាន់ខ្ពស់អឺរ៉ុបថា កម្ពុជាជួយដោះស្រាយវិបត្តិភូមា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ចូសេព បូរ៉េល វុនតេលេស (Josep Borrell FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ លោកប្រមុខការទូតកម្ពុជា បានប្រាប់លោក ចូសេព បូរ៉េល វុនតេលេសថា កម្ពុជាចូលរួមដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកទៅលើបទសោធន៍ដែលខ្លួនធ្លាប់ជួបកាលពីអតីតកាល។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់លោក ចូសេព បូរ៉េល វុនតេលេស Josep Borrell FONTELLES អំពីផែនការបង្កើតក្រុម “មិត្តរបស់មីយ៉ាន់ម៉ា” ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេដារូស្សាឡាម ដោយផ្តោតលើជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រ និងការចូលរួមពីសហភាពអឺរ៉ុប។ លោក បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានអនុវត្តស្របតាមការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងធម្មនុញ្ញអាស៊ាន (ASEAN Charter) និងផ្អែកលើបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា។
លោក ចូសេព បូរ៉េល វុនតេលេស បានទទួលស្គាល់ថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានភាពស្មុគស្មាញ និងពិបាក។ លោក ក៏បានសម្តែងនូវការព្រួយបារម្ភពាក់ព័ន្ធនឹងវិបត្តិ ដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានស្វែងរកផែនការរបស់កម្ពុជា ដើម្បីដោះស្រាយស្ថានការណ៍។
ចំពោះបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្មីៗនេះ ដែលទស្សនកិច្ចនេះ បានបោះមួយជំហានទៅមុខ ក្នុងការព្យាយាមរកផលចំណេញលើការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។ ដំណើរទស្សនកិច្ចនេះ បាននាំមកនូវលទ្ធផលជាវិជ្ជមានជាច្រើន រួមមាន ការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ចប់អំពើហិង្សា គាំទ្រប្រេសិតពិសេស ដើម្បីអនុវត្តអាណត្តិ និងអាចជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានានូវការអាចទទួលបានជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេស ស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពីអាស៊ាន Troika និងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) និងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ