គណបក្ស​ថ្មី​មួយទៀត ដែល​បង្កើត​ដោយ​អតីត​បក្សប្រឆាំង នឹង​ចេញ​ជា​រូបរាង នៅ​ចុងខែ​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គណបក្ស​ថ្មី​មួយទៀត ដែល​បង្កើត​ដោយ​អតីត​បក្សប្រឆាំង នឹង​ចេញ​ជា​រូបរាង នៅ​ចុងខែ​នេះ

Published

on

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) រួមជាមួយ​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​មួយចំនួនទៀត បានសម្រេច​ចិត្ត​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង ​នៅ​ក្នុង​ការបោះឆ្នោត នាពេលខាងមុខ ហើយ​គ្រោង​ដាក់ពាក្យ​ស្នើសុំ​បង្កើត​បក្ស​ទៅ​ក្រសួងមហាផ្ទៃ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា មុននេះ​បន្តិច​ថា មកដល់ពេលនេះ យើង​កំពុង​ជជែក​គ្នា ដើម្បី​ដាក់​ថ្ងៃ យក​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ហើយក៏​មិន​ឲ្យ​ផុត​ខែមករា​នេះ​ដែរ​។ ចំពោះ​ឈ្មោះ​គណបក្ស លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាង​ថា មាន​ចំនួន​២ តែ​មិនទាន់​សម្រេច​យក​មួយណា​នោះទេ​ ដោយ​រង់ចាំ​ជជែក​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​បន្ថែម​ទៀត ប៉ុន្តែ​ប្រភព​មួយចំនួន​បាន​ទម្លាយ​ថា គណៈបក្ស​នោះ​មានឈ្មោះ “​គណបក្ស​កែទម្រង់​ជាតិ​”​។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាង​ថា អ្វី​ដែល​ជំរុញ​ឲ្យ​យើង​បង្កើត​គណបក្ស​នេះ គឺ​ក្រោយពី​មានការ​ពិភាក្សា​គ្នា​ពី​ថ្នាក់ដឹកនាំ​ជាច្រើន​។ ក្នុង​នោះ​ក៏​មាន​លោក សុន ឆ័យ ផងដែរ តែ​មកដល់ពេលនេះ លោក​ស៊ុន ឆ័យ នៅ​មិនទាន់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅឡើយ​ទេ ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​លោក​នឹង​ពិភាក្សា​បន្ថែម​ជាមួយ​លោក សុន ឆ័យ នៅ​ខែក្រោយ បន្ទាប់ពី​លោក​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​។ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​អះអាង​ដែរ​ថា ការសម្រេច​បង្កើត​គណបក្ស​នេះ ក៏​មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ចូលរួម​ផងដែរ ប៉ុន្តែ​នៅ​មាន​បញ្ហា​ខ្លះ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ធ្វើ​នយោបាយ ដោយសារតែ​ពួកគាត់​កំពុងតែ​ជាប់​បំរាម តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ នឹង​មាន​ការចូលរួម​ច្រើន នៅ​ពេល​ក្រោយ។ លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​បញ្ជាក់​ដែរ​ថា អ្វី​ដែ​ល​យើង​សម្រេច​ដាក់ពាក្យ​បង្កើត​គណបក្ស​នៅពេលនេះ គឺ​កុំ​ឲ្យ​យឺត​ពេល ក្នុងការ​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ តែ​នៅសល់​ប្រមាណ​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​យើង​ត្រូវការ​ពេលវេលា​ខ្លះ ដើម្បី​រៀបចំខ្លួន​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត​នេះ​។

​បើតាម​លោក អ៊ូ ច័ន្ទ​រ័ត្ន គោលនយោបាយ​សំខាន់​របស់​គណបក្ស ដែល​លោក​បម្រុង​បង្កើត​នេះ ទាក់ទង​ទៅនឹង​ការឯកភាព ជាតិ ដោយសារតែ​លោក​មើលឃើញ​អំពី​ជម្លោះ​រវាង​ខ្មែរ​គ្នាឯង ហើយ​ទី​ពីរ​ទៀត ដោយ​មើលឃើញ​នៅមាន​បញ្ហា នៅក្នុង​ស្ថាប័ន​មួយចំនួន ដែល​ត្រូវ​ធ្វើការ​កំណែទម្រង់ ដោយ​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ​ជាក់លាក់​។ បញ្ហាសំខាន់​មួយទៀត គឺ​មើលឃើញ​អនាគត​របស់​កម្ពុ​ជា ស​ម្រា​ប់​រយៈពេល​២០-៣០​ឆ្នាំ​ទៀត តើ​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​របៀប​ម៉េច ? ជាពិសេស​ការចោទប្រកាន់​គ្នា ពី​ការហូរចូល​នៃ​និគមជន​បរទេស ដែលមាន​ជន ជាតិចិន ជនជាតិ​យួន​ជាដើម និង​មានការ​ចោទប្រកាន់ថា អាច​នឹង​មក​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជាដើម​។ ដូច្នេះ​យើង​នឹងធ្វើ​គោលនយោបាយ​មួយ​ជាក់លាក់ ដើម្បី​ធានាថា វាសនា​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ពិតប្រាកដ មិន​ថា​គណបក្ស​ណា​នោះទេ​។

​សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្នុង​ចំណោម​អតីត​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​ចំនួន​១១៨ រូប ប៉ុន្តែ​លោក​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​ទទួល​បាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ហើយ​ក្រៅពី​លោក អ៊ូ ច័ន្ទ​រ័ត្ន ក៏មាន​អតីតមន្ត្រី​ជាន់ខ្ពស់​មួយ ចំនួន​ផ្សេងទៀត ក៏​ទទួល​បាន​នីតិសម្បទា​ឡើងវិញ​ ផង​ដែរ​។ ក្នុងចំណោម​អ្នកទទួលបាន​នីតិសម្បទា​ឡើងវិញ​វិញ​ទាំងនោះ ក៏​មាន​អតីត​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ចេញទៅ​បង្កើត​គណបក្ស​ផ្សេង​ផងដែរ ដែល​មាន​ដូចជា លោក ជីវ កត្តា បាន​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ និង​លោក រៀល ខេ​ម​រិ​ន្ទ្រ បង្កើត​គណបក្ស​ខ្មែរ​អភិរក្សនិយម ចំណែក​លោក គង់ គាំ បាន​ទៅធ្វើជា​ប្រធានកិត្តិយស គណបក្ស​ឆន្ទៈខ្មែរ៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ប្រធានគណបក្សមួយថា សម រង្ស៊ី និង មួរ សុខហួរ ប្រើល្បិចដដែលៗ ​ដើម្បីបោក​ប្រាស់អ្នកគាំទ្រ ដោយ​គ្រាន់​តែ​ប្ដូរ​តួ​សម្ដែង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services