Connect with us

សេដ្ឋកិច្ច

កសិករចិញ្ចឹមកង្កែប ក្រុងសិរីសោភ័ណ សំណូមពរឱ្យអាជ្ញាធរ​ជួយរកទីផ្សារលក់កង្កែប

បានផុស

នៅ

កសិករប្រកបរបរចិញ្ចឹមកង្កែប នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរ ថាកង្កែបរបស់ពួកគាត់ដែលចិញ្ចឹមបានផលហើយ គ្មានទីផ្សារ ធ្វើឱ្យពួកគាត់ព្រួយបារម្ភពីការរកចំណូលមិនបានបង់ធនាគារ និងទិញចំណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប លោក សុខា រស់នៅភូមិភ្នៀត សង្កាត់ភ្នៀតបានរៀបរាប់ថា រូបលោកបានប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះបានចិញ្ចឹមកង្កែបចំនួន៦ស្បៃ ក្នុង១ស្បៃប្រហែល ១,០០០ក្បាលយ៉ាងតិច លោក ត្រូវចំណាយប្រាក់ជាច្រើនក្នុងការទិញចំណីឱ្យបង្កែបស៊ី ហើយសព្វថ្ងៃនេះ១ថ្ងៃត្រូវចំណាយចំណី១ការុងស្មើនឹង៨ម៉ឺនរៀលឱ្យកង្កែបស៊ីជារៀងរាល់ថ្ងៃ។

ដោយសារតែកាលក់មិនចេញគ្មានទីផ្សារធ្វើឱ្យរូបលោកជួបការលំបាកគ្មានប្រាក់ទិញចំណីឱ្យកង្កែបស៊ី ហើយខ្ចីលុយធនាគារយកមកទិញចំណីឱ្យវាស៊ីកាន់តែជួបនូវការលំបាកបន្ថែមទៀត។ លោកប្រាប់ថា កាលពីឆ្នាំមុនមានម៉ូយចុះមកទិញ ប៉ុន្តែឆ្នាំនេះជួបបញ្ហាជំងឺកូវីដ១៩ ទើបគ្មានអ្នកចុះមកទិញទាល់តែសោះ។

ស្រដៀងគ្នានេះដែរ លោក ពុធ ឈួង កសិករចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀតក៏បានប្រាប់ថា រូបលោកក៏លក់មិនចេញដែរនៅពេលទទួលបានផលហើយ ព្រោះគ្មានទីផ្សារ។

ក្រុមកសិករខាងលើក៏សំណូមពរដល់អាជ្ញាធរក៏ដូចជាមន្ទីរជំនាញកសិកម្មនិងមន្ទីរពាណិជ្ជកម្មជួយរកទីផ្សារដល់ពួកគាត់បានលក់បង្កែបចេញ ដើម្បីយកលុយបង់ធនាគារ និងបានទិញចំណីឱ្យបង្កែបដែលនៅតូចៗបន្ថែមទៀត។

លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ថានៅក្នុងទូទាំងសង្កាត់ភ្នៀត មានកសិករចិញ្ចឹមកង្កែបចំនួន៥៨គ្រួសារពួកគាត់ជួបបញ្ហាទីផ្សារលក់កង្កែបមិនចេញ ដែលធ្វើឲ្យពួកគាត់ជួបការលំបាកដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងដោះស្រាយបំណុលធនាគារ។

មន្ត្រីអាជ្ញាធរមូលដ្ឋានរូបនេះ ក៏សូមសំណូមពរដល់អាជ្ញាធរក្រុង ខេត្ត ក៏ដូចជាមន្ទីរជំនាញនិងមន្ទីរពាក់ព័ន្ធ ជួយរកទីផ្សារកង្កែបដល់កសិករដែលបានខិតខំចិញ្ចឹម កង្កែបនេះ បានលក់ចេញផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម