Connect with us

អាជីព

បទយកការណ៍ “របរ និងក្ដីប្រាថ្នាចម្បងរបស់បងប្អូនកសិករមៀនប៉ៃលិន”

បានផុស

នៅ

បន្ទាប់ពីអង្ករ និងស្វាយកែវរមៀត មៀនប៉ៃលិន គឺជាដំណាំយុទ្ធសាស្រ្តទី៣ ដែលកម្ពុជាបានចចារនាំចេញទៅទីផ្សារប្រទេសចិន។ កន្លងមកមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជានឹងនាំមៀនប៉ៃលិនទៅកាន់ទីផ្សារយក្សមួយនេះជាផ្លូវការនាចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ គម្រោងនេះបានធ្វើឱ្យយកសិករ និងសហគមន៍មៀនប៉ៃលិនមានការទន្ទឹងរង់ចាំ ហើយម្នាក់ៗខិតខំបង្កើនការដាំដុះដំណាំនេះ និងបានពង្រីកវិសាលភាពទៅកាន់ខេត្តដទៃទៀត។ ប៉ុន្តែគម្រោងនាំចេញនេះត្រូវបានពន្យារពេលដោយសារវិបត្តិកូវីដ-១៩ និងកត្តាបច្ចេកទេសផ្សេងៗ។ ក្តីរំពឹងបែរជាអស់សង្ឃឹម ខណៈប្រទេសថៃបានបិទមិនទទួលទិញផ្លែមៀនប៉ៃលិនរបស់កសិករកម្ពុជាថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើបងប្អូនប្រជាកសិករដំណាំមៀនប៉ៃលិន មានបំណងប្រាថ្នាអ្វីខ្លះចំពោះការលក់ចេញនូវកសិផលរបស់ខ្លួន ដែលខិតខំដាំដុះ និងបានចំណាយដើមទុនជាច្រើននោះ? ចំណែកអាជ្ញាធរ និងស្ថាប័ន ក្រសួងពាក់ព័ន្ធបានចូលរួមជួយសម្រួល និងដោះស្រាយបើកផ្លូវក្ដីសង្ឃឹមជូនកសិករដូចម្ដេចខ្លះ?

កសិករនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលបានប្រករបរដាំមៀននេះជាង ១០ឆ្នាំមកហើយ លោក​ អំ សារឿន បានថ្លែងថា ប្រជាកសិករពិតជារីករាយណាស់ដោយឃើញមន្ត្រីរដ្ឋាភិបាលចុះប្រមូលទិញផ្លែមានពីកសិករបែបនេះ។ កសិកររូបនោះបន្តថា លោកមានការសោកស្តាយដោយសារតែលោកបានបង្ខំចិត្តលក់ផ្លែមៀនរបស់ខ្លួនទៅឱ្យឈ្មួញក្នុង ១គីឡូក្រាម ១,៥០០រៀល មុនតែ៣ថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បញ្ជាមន្ត្រីឱ្យចុះទិញមៀនប៉ៃលិនរបស់កសិករ។ កសិករដដែលនេះបន្តថា ពិតជាសោកស្តាយព្រោះ១គីឡូខុសគ្នា ៥០០រៀល ខណៈផ្លែមៀនចម្ការរបស់លោកផ្តល់ផលបានប្រមាណជិត ៥០​តោន។​

កសិកររូបនោះបន្តថា៖ “ផ្លែមៀនលក់បានតម្លៃ ២,០០០រៀលក្នុង១គីឡូទើបកសិករអាចបានចំណេញខ្លះ តែបើតម្លៃក្រោម ២,០០០រៀលហើយ មិនបានចំណេញនោះទេ។ ខ្ញុំសង្ឃឹមថា ឆ្នាំក្រោយរដ្ឋនឹងចុះធ្វើការប្រមូលទិញមៀនពីកសិករបន្តទៀត ហើយខ្ញុំអាចនឹងរក្សាផ្លែមៀនខ្ញុំលក់ជូនរដ្ឋ”។

ទោះបីជាសង្ឃឹមបែបនេះក៏ដោយ លោក សារឿន​ ចង់បាននូវទីផ្សារប្រាកដប្រជាមួយ មានន័យថា ផលិតផលផ្លែមៀនប៉ៃលិននឹងមិនត្រូវកកស្ទះដូចពេលនេះ ក្រុមកសិករចង់បានការដាំដុះមួយដែលភ្ជាប់ទៅដោយកិច្ចព្រមព្រៀងទិញ ព្រោះកន្លងមកក្រសួងកសិកម្មធ្លាប់បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ឬ ដើមឆ្នាំ២០២២ កម្ពុជានឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិន។ ជាមួយនេះកសិករក៏ចង់ឃើញរោងចក្រកែច្នៃ និង សម្អាតផ្លែមៀនត្រូវបានបង្កើតឡើងនៅក្នុងខេត្តរបស់ខ្លួន ដោយពួកគាត់សង្ឃឹមថា មានរោងចក្រកែច្នៃ និងធ្វើឱ្យផ្លែមៀនរបស់ពួកគេមិនជួបបញ្ហាប្រឈមទៀតទេ។ ព្រោះជាច្រើនឆ្នាំមកហើយដែលប្រជាកសិករ និងសហគមន៍មៀនប៉ៃលិន (ឬតាង៉ែន) នាំផលិតផលខ្លួនទៅទីផ្សារប្រទេសចិនតាមរយៈប្រទេសថៃដោយជ្រកក្រោមនិមិ្មតសញ្ញា ឬពាក្យផលិតផលរបស់ប្រទេសថៃ (Product of Thailand)។

ជារៀងរាល់ឆ្នាំមៀនប៉ៃលិនត្រូវបានប្រជាសហគមន៍ដឹកជញ្ជូនទៅលក់នៅប្រទេសថៃតាមច្រករបៀងក្នុងខេត្តបាត់ដំបង និង ប៉ៃលិន ដែលនៅទីនោះមានក្រុមហ៊ុនថៃចាំប្រមូលទិញ និងធ្វើការកែច្នៃសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ការពឹងទៅលើដង្ហើមគេដកពិតជាពិបាករស់ណាស់ ព្រោះករណីជាក់ស្តែងនៅពេលថៃបិទមិនទទួលទិញផ្លែមៀនកម្ពុជានាពេលថ្មីនេះ ធ្វើឱ្យកសិករជួបបញ្ហាប្រឈមយ៉ាងខ្លាំង។

កសិករ សារឿន បានបន្តថា តាមពិតលោកបានឮថា នៅក្នុងខេត្តប៉ៃលិនមានការវិនិយោគសាងសង់រោងចក្រ​ និង ឡសង្ងួតផ្លែមឿនប៉ៃលិនជាង២ឆ្នាំមកហើយ តែមិនឃើញដំណើរការសោះ។ លោកបន្តថា៖ “ឮតែមន្រ្តីខេត្តនិយាយថា ក្រសួងមិនអនុញ្ញាតច្បាប់ដោយសារមិនទាន់មានការចុះមកត្រួតពិនិត្យពីអ្នកជំនាញចិន។ ប្រសិនបើប្រទេសយើងមានរោងចក្រកែច្នៃគឺពិតជាល្អណាស់ ព្រោះសព្វថ្ងៃពេលដែលយើងដឹកផ្លែឈើចូលទៅលក់ឱ្យក្រុមហ៊ុនថៃគឺត្រូវបង់ពន្ធនៅមាត់ច្រក់ព្រំដែន ១គីឡូ៤បាតបន្ថែមទៀត”។

បច្ចុប្បន្នសហគមន៍មៀនប៉ៃលិននៃខេត្តប៉ៃលិនមានរោងចក្រសម្ងួតសម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិនតម្លៃជាង៣លានដុល្លាមួយកន្លែងដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។ រោងចក្រនេះសាងសង់ និងបំពាក់ឧបករណ៍នានារួចអស់បានរយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមកដល់នេះរោងចក្រនោះមិនទាន់បានបើកដំណើរ​ការឡើយ ព្រោះកម្ពុជាមិនទាន់មិនកិច្ចព្រមព្រៀងក្នុងការនាំមៀនប៉ៃលិនទៅចិន។

បើតាមលោក សួន ជុំ អនុប្រធានសហគមន៍មៀនប៉ៃលិនបានបញ្ជាក់ថា រោងចក្រមួយនេះមានចំនួន៤ឡ សម្រាប់សម្ងួត និងសម្លាប់មេរោគលើផ្លែមៀនប៉ៃលិន។ ឡនីមួយៗ មានសមត្ថភាពសម្ងួតមៀនប៉ៃលិនបានប្រមាណ៩តោនដោយប្រើប្រាស់ពេល៧៤នាទី។ លោក សួន ជុំ លើកឡើងថា៖ “ប្រសិនបើកម្ពុជាមានកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិន នោះមានក្រុមហ៊ុនមិនតិចជាង៣ទេមកវិនិយោគលើការបង្កើតរោងចក្រសម្ងួត សម្លាប់មេរោគ និងវេចខ្ចប់ផ្លែមៀនប៉ៃលិននៅតំបន់ដាំដុះដំណាំប្រភេទនេះនៅកម្ពុជា”។

សម្រាប់កសិករ នឿន ស្រីមុំ ដែលមានចម្ការមៀនប៉ៃលិនជាង ៥០០ដើម ក្នុងទឹកដីឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អ្នកស្រីបានចូលជាសមាជិកសហគមន៍មៀនប៉ៃលិនតាំងពីឆ្នាំ២០១៥មក។ កសិករវ័យ ៣៥ឆ្នាំរូបនេះបានខិតខំថែទាំដើមមៀនប៉ៃលិនឱ្យល្អ ឬតែងមែកត្រៀមបញ្ចេញផ្លែឱ្យមានរូបរាងស្អាតត្រូវស្តង់ដារ សម្រាប់នាំចេញ​។ កសិកររូបនេះសង្ឃឹមថា មៀនរបស់ខ្លួននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ មិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសថៃទៀតនោះទេ ព្រោះកម្ពុជាក៏បានចរចានាំចេញផ្លែមៀនទៅកាន់ប្រទេសចិនរួចហើយ និងសង្ឃឹមថាកិច្ចព្រមព្រៀងនាំចេញមៀនទៅកាន់ប្រទេសចិននឹងអាចកើតមាននៅចុងឆ្នាំនេះ។

កសិករ នឿន ស្រីមុំ ​បានថ្លែងតាមទូរសព្ទថា៖ “កសិករ ក៏ដូចជាសហគមន៍មៀនប៉ៃលិនសុទ្ធបានដឹងថាកម្ពុជាអាចនាំមៀនប៉ៃលិនទៅចិនជាផ្លូវការនៅថ្ងៃណាមួយជាមិនខាននៅចុងឆ្នាំ២០២១ នេះ។ ដូចនេះពួកយើងបានខិតខំចំណាយពេលដើម្បីលៃលកធ្វើយ៉ាងណាអាចប្រមូលផលបាននៅចុងឆ្នាំនេះ ព្រោះដើមមៀនប៉ៃលិនចេញផ្លែបាន គឺត្រូវការយើងបញ្ជា។ យើងបញ្ជាឱ្យវាចេញផ្លែខែណារដូវណាក៏បានដែរប៉ុន្តែពេលនេះយើងហាក់ដូចជាមានការខកបំណងបន្តិច ព្រោះពេលវេលាជាក់លាក់ហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយ”។ កសិកររូបនេះបានបញ្ជាក់ថា ជាលក្ខណៈធម្មជាតិរបស់មៀនប៉ៃលិនមិនអាចចេញផ្លែបានឡើយប្រសិនបើយើងមិនបានបញ្ជា ព្រោះដំណាំនេះត្រូវការបាញ់ថ្នាំឱ្យចេញផ្លែ។

ស្រីមុំ បានបន្តថា ចម្ការរបស់នាងមានដើមមៀនប្រមាណ៥០០ដើមនោះអាចផ្តល់ទិន្នផលបានជិត១០០តោនក្នុង១ឆ្នាំ ហើយបើផ្លែមៀនលក់បាន​១គីឡូជិត២០០០​រៀល គឺអាចទទួលបានក្នុងរង្វង់ ៤ម៉ឺនដុល្លារ តែទូទាត់ការចំណាយផ្សេងៗទៅនៅសល់តិចតួច។ កសិកររូបនេះបានបន្តថា គ្រួសារនាងបានចំណាយអស់ប្រមាណជិត ១ម៉ឺនដុល្លារក្នុងការឈូសឆាយធ្វើដី និងដាំដើមមៀនប៉ៃលិននេះ ដោយចំណាយពេលថែទាំផងដែរប្រមាណ៥ឆ្នាំទើបទទួលផល។ កសិករវ័យក្មេងបានបន្តថា ដើមតាង៉ែនផ្តល់ផលទៅតាមអាយុកាលរបស់វា ដើមថ្មីផ្តល់ផលប្រមាណ១០០គីឡូក្រាម តែបើដើមដែលមានអាយុ៧​ទៅ៨ឆ្នាំអាចផ្តល់ផល ២០០គីឡូក្នុង១ដើម។

កសិករវ័យក្មេងម្នាក់ទៀតមានវ័យជាង៣០ នៅភូមិឃុំដូច នឿន ស្រីមុំ ដែរបានបង្ហាញក្ដីសង្ឃឹមថា រដ្ឋនឹងបន្តទិញផ្លែមៀននេះរហូតចុងឆ្នាំ។ កសិករ ឈុំ ស្រីមន បានថ្លែងថា៖ “ផ្លែមៀនរបស់ខ្ញុំទើបតែចាប់ផ្តើមក្តឹប​ ក៏ប៉ុន្តែអ្នកជិតខាងខ្ញុំ មៀនរបស់គាត់ចាប់ផ្តើមទុំជាច្រើនថ្ងៃមកហើយ។ ពួកគាត់ត្រេកអរណាស់ដែលបានសម្តេច (សម្ដេចតេជោ ហ៊ុន សែន) ជួយប្រមូលទិញ បើមិនចឹង (អ៊ីចឹង) ទេ ច្បាស់ជាត្រូវស្អុយចោលហើយ ព្រោះថានៅពេលដែលថៃបិទព្រំដែន មៀនប៉ៃលិនត្រូវចាលគ្មានអ្នកទិញ។ មុននេះមានឈ្មួញនៅភ្នំពេញបានប្រមូលទិញក្នុងតម្លៃ១គីឡូត្រឹមតែ ១,៥០០រៀលប៉ុណ្ណោះ តម្លៃនេះគឺខាតហើយ”។ 

អ្នកស្រី ឈុំ ស្រីមន បានថ្លែងថា អ្នកស្រីមានចម្ការតាង៉ែនប្រមាណ ៤00ដើម ដោយចំណាយទុននៃការដាំអស់​៥,០០០ដុល្លារ ផលទទួលបានហើយលក់ចេញក្នុងមួយគីឡូក្នុង ១គីឡូ ២,000រៀលទៅ ២,៥០០រៀល។ ចំណូលដែលគ្រួសារអ្នកស្រី ទទួលបានក្នុងមួយឆ្នាំគឺប្រមាណ ២ម៉ឺនដុល្លារ។ កសិកររូបនោះបានបន្តឱ្យដឹងទៀតថា បន្ទាប់ពីប្រមូលផលហើយ យើងមិនមែនអង្គុយចាំយកផលដោយមិនធ្វើអ្វីនោះទេ គឺត្រូវតែងដើមដោយកាត់ចោលមែកណាដែលងាប់ដែលមិនល្អ ធ្វើយ៉ាងណាឱ្យដើមរបស់វាមានលក្ខណៈទូលាយ និងមិនស៊ុបទ្រុប ទើបវាផ្តល់ផលល្អសម្រាប់ឆ្នាំក្រោយ​។

កសិករ ឈុំ ស្រីមន បានបន្តថាតាង៉ែ ៤០០ដើមនេះដាំនៅលើផ្ទៃដីប្រមាណ ៣ហិចតា។ ស្រីមន បន្តថា៖ “ប៉ុន្តែនៅប៉ៃលិននេះ ចម្ការតាង៉ែនរបស់តាៗមេៗគឺធំៗណាស់ សុទ្ធតែ ២០ទៅ ៥០ហិចតា។ នៅខេត្តប៉ៃលិននេះជាង ៧០ភាគរយគឺជាចម្ការតាង៉ែន”។

កសិករចាស់វស្សាមួយរូបទៀតដែលមានចម្ការមៀនប៉ៃលិនជាង ១០ហិចតា ស្ថិននៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក អ៊ុន ថេង ដែលបានប្រកបរបរនេះជាង១០ឆ្នាំ មកហើយបានឱ្យដឹងថា មៀនប៉ៃលិននៅពេលប្រមូលផលគឺដឹកទៅលក់ឱ្យក្រុមហ៊ុនចិនមួយដែលមានមូលដ្ឋានទៅប្រទេសថៃ។ ជាទូទៅមៀនប៉ៃលិនប្រជាកសិករទាំងអស់អាចដឹកនាំចូលក្នុងទឹកដីថៃបានចាប់ពីម៉ោង ១១យប់ទៅ។ កសិកររូបនោះបន្តថា លោកមានចម្ការមៀនប្រមាណ ៣,០០០ដើម រាល់ឆ្នាំលោកតែងនាំផ្លែមៀនទៅលក់ឱ្យក្រុមហ៊ុនចិននៅក្នុងប្រទេសថៃ។

លោក អ៊ុន ថេង បានឱ្យដឹងបន្តថា៖ “ក្រុមហ៊ុនចិនបានបញ្ជាទិញមៀនប៉ៃលិនពីយើងរាល់ឆ្នាំនោះ គឺដោយសារគេស្គាល់ពីគុណភាព និងរសជាតិមៀនប៉ៃលិនរបស់យើងច្បាស់។ ចម្ការមៀនប៉ៃលិនយើងមានគ្រប់លក្ខណៈអស់ហើយក្នុងការនាំទិន្នផលទៅប្រទេសចិនជាផ្លូវការ។ សព្វថ្ងៃយើងរងចាំតែពេលកម្ពុជាប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងនាំចេញមៀនប៉ៃលិនទៅចិនប៉ុណ្ណោះ យើងមិនពឹងដង្ហើមប្រទេសថៃតទៅទៀតទេ ព្រោះបើគិតទៅវាមានរយៈពេលជិត១០ឆ្នាំហើយដែលមៀនប៉ៃលិន របស់យើងនាំចេញទៅចិនក្រោមសំបកឈ្មោះនៃផលិតផលរបស់ថៃ”។

កាល​ពី​​ពាក់​កណ្ដាល​ខែ​សីហា ​​ផ្លែ​មៀន និង​ផ្លែ​តាង៉ែន បាន​ធ្លាក់​​ថ្លៃ​​ខ្លាំង ​​និង​​ត្រូវ​​​​ស្អុយ​រលួយ​ចោល​ ដោយសារ​ថៃ​​ផ្អាក​ទទួល​ទិញ​​។ ក្រោយ​ពី​កសិករ និង​ឈ្មួញ​កណ្ដាល​នាំ​គ្នា​តវ៉ានៅ​ក្បែរ​ព្រំដែន​ច្រើន​ថ្ងៃ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អង្គរក្ស​​ទៅ​ប្រមូល​ទិញ​​ផ្លែ​មៀន និង​​ផ្លែ​តាង៉ែន ​ពី​កសិករ​ ដើម្បី​ចែក​ជូន​​​មន្ត្រី​រាជ​ការ និង​ពលរដ្ឋ​​កំពុង​ធ្វើ​ចត្តាឡីស័ក​ ដោយ​ឥត​គិត​ថ្លៃ។

ស្ត្រីឈ្មួញ​កណ្តាលម្នាក់ឈ្មោះ សុ​ភ័​ណ្ឌ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានរៀបរាប់ឱ្យ​ដឹង​ថា គាត់​បាន​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​នហៅ​មៀន​ប៉ៃលិនស្ទើរ​គ្រប់​ក្នុង​ចម្ការ​ទាំងអស់​ទូ​ទាំង​ខេត្ត​ប៉ៃលិន ដោយ​ម៉ៅ​ម្តង ៣​ទៅ​៤​ចម្ការ ពោល​គឺពេល​ណា​តា​ង៉ែ​ន​ជិត​ទុំគាត់​ដើរ​កក់​ប្រាក់​ឱ្យ​ម្ចាស់​ចម្ការរួច​ក៏​នាំ​កម្មករ​ចូល​ទៅ​បេះថ្លឹង​គីឡូ​លក់​តែ​ម្តង។ ការ​ដើរ​ម៉ៅ​ផ្លែ​តា​ង៉ែ​នតាម​ចម្ការពេល​ខ្លះ​ចំណេញ​ច្រើនហើយ​ក៏​មាន​ពេល​ខ្លះខាតចុងខាត​ដើម​ដែរ ប៉ុន្តែ​ភាគច្រើន​គឺ​ចំណេញព្រោះ​ដើរ​ម៉ៅ​ទិញ​ថោក លក់​ថ្លៃ​ខ្ពស់​បន្តិច។ ការ​ប្រកប​របរ​នេះគាត់​ដើរ​ម៉ៅ​តែ​ក្នុង​ក្រុង​ប៉ៃលិន​ប៉ុណ្ណោះ ដោយ​មិន​បាន​ចេញ​ទៅ​តាម​ខេត្តផ្សេងឡើយ។ ក្នុង​១​ថ្ងៃ​ៗ គាត់​ជួល​កម្មករ​៥​ទៅ​៦​នាក់ ដោយ​ម្នាក់​ៗ​គិតថ្លៃ​ឈ្នួល៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ។

ឈ្មួញរូបនោះបន្តថា បើ​ដើរ​ម៉ៅ​ប៉ះ​ចំ​ខែ​ធម្មតា​គ្មាន​បុណ្យ​ទានគាត់​អាច​លក់​បាន​១​គីឡូក្រាម​ត្រឹមតែ​ ២,៥០០​ទៅ​៣,០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែបើ​ប៉ះ​ចំ​ថ្ងៃបុណ្យ​ទាន គាត់​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​ ៤,០០០​ ទៅ​៥,០០០​រៀល ហើយ​ភាគច្រើន​អ្នក​ទិញ​ទៅ​លក់​ក្នុង​ផ្សារ​សាមគ្គី នៅភ្នំពេញ ១​គីឡូក្រាម​៦,០០០ ​ទៅ​៧,០០០​រៀល តែបើ​គេ​ដឹក​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញគឺ ​១​គីឡូក្រាមអាច​លក់​បាន​៨,០០០​រៀល​។

កម្មករ​ម្នាក់ឈ្មោះ ម៉ៅ សែន ភេទ​ស្រីអាយុ​ ៣០ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បានធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន​ឱ្យ​ថៅកែដោយ​គេ​គិត​ជា​កេះ ក្នុង​១​កេះ​ទម្ងន់​ជាង១០​គីឡូក្រាមគេ​ឱ្យតម្លៃ​ឈ្នួល​ ៦,០០០​រៀល ហើយ​ក្នុង​១​ថ្ងៃគាត់​អាច​បេះ​បាន​៧​ទៅ​១០​កេះ​ សរុប​ទៅ​ក្នុង​១​ថ្ងៃ​គាត់​អាច​រក​ប្រាក់​ចំណូល​ពី៤ទៅ៦ម៉ឺន​រៀល​ដែរ។

អ្នកស្រី ម៉ៅ សែន បានឱ្យដឹងបន្តថា៖ “តែ​ការ​ប្រកប​របរ​មួយ​នេះត្រូវ​មានការ​អត់​ធ្មត់ និង​តស៊ូ​ព្រោះ​ក្នុង​១​ថ្ងៃ​ៗសម្ងំ​នៅ​តែ​ក្នុង​ចម្ការ និង​រហ័ស​ដៃ​រហ័ស​ជើង ព្រោះ​បើ​បេះ​បាន​តិច បាន​ប្រាក់​កម្រៃ​ក៏​តិចតួច​ដែរ ដូច្នេះ​ហើយ ទើប​ម្នាក់​ៗ​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្ទើរតែ​មិន​ហ៊ានឈប់​សម្រាក​នោះ​ឡើយ”។

គួររំលឹកជូនថា ក្រសួង​ពាណិជ្ជកម្ម​កាលពី​ចុងខែ​មីនា២០២១ ធ្លាប់បាន​ផ្ញើលិខិត​មួយ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ស្នើឱ្យ​ក្រសួងកសិកម្មជួយ​ជំរុញការចរចា​ជាមួយ​ភាគី​ចិន​លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន​ស្រស់ និង​ក្លាស្សេ​ទៅកាន់​ប្រទេស​ចិន «Protocol for phytosanitary requirements for export of fresh and prepared Pailin Longan from Cambodia to China»។ ដោយក្រសួងបញ្ជាក់ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​សំណើ​របស់​អ្នក​ផលិតនិង​អ្នកប្រមូល​ទិញ​មៀន​ប៉ៃលិន ដែល​សុំឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​ជួយ​ជំរុញ​ការបើក​ច្រក​ទីផ្សារ​សម្រាប់​ការនាំចេញ​មៀន​ប៉ៃលិន ដោយផ្ទាល់​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ជាពិសេស​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភពលោក​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ដែល​បណ្តាលឱ្យ​ការលក់​ផ្លែ​មៀន​ទៅ​ប្រទេស​ចិន តាមរយៈ​ប្រទេស​ជិតខាង​ត្រូវបាន​បិទ ឬ​រឹតបន្តឹង ព្រមទាំង​តម្លៃ​ដែល​ប្រមូល​ទិញ​នៅ​ចម្ការ​បាន​ធ្លាក់​ចុះក្រោម​ថ្លៃដើម​ផលិត បង្កឱ្យ​មាន​ការខាតបង់​ធំធេង​របស់​ប្រជាកសិករ និង​ពាណិជ្ជករ។

ចំណែកក្រសួងកសិកម្មបានធ្វើការឆ្លើយតបវិញថា ក្រសួងកសិកម្មមិនមាន​អ្នកតំណាង​នៅតាម​ស្ថានទូត​ដូច​ក្រសួង​ពាណិជ្ជកម្ម​ទេ ហេតុនេះ​លោក​សូម​ស្នើឱ្យ​អ្នកតំណាង​ក្រសួង​ពាណិជ្ជកម្មដែល​ធ្វើការ​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិនឱ្យ​ខិតខំ​បន្ថែមទៀត​ដើម្បី​បង្កើន​ទំនាក់ទំនង​ជាមួយ​ភាគី​ចិន និង​បញ្ជូន​ព័ត៌មាន​មក​កម្ពុជា ខណៈ​ក្រសួង​កសិកម្ម​បាន​ផ្ញើ​ឯកសារ​ទៅហើយដោយនៅ​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​ចិន​តែប៉ុណ្ណោះ។

ទាក់ទងបញ្ហានេះប្រធាន​សហគមន៍​កសិកម្ម​ផលិតផល​មៀន​ប៉ៃលិនលោក សួស ស៊ីយ៉ាត ធ្លាប់បានប្រាប់ឱ្យដឹងថា នៅពេល​មិនមាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ចិនដោយផ្ទាល់ អ្នក​ដាំ​មៀន​ប៉ៃលិន​បាន​ជួបឧបសគ្គ​ជាច្រើនដោយ​គិត​ចាប់តាំងពី​ប្រាក់ចំណូល និង​ផែនការ​ពង្រីក​ការដាំដុះ​បន្ថែម។ បច្ចុប្បន្ន​បើ​ទោះ​នៅ​ខេត្ត​ប៉ៃលិន​មាន​កន្លែង​ប្រមូល​ទិញ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ជានិច្ចកាល​អ្នក​ដាំ​តែង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។ លោកបន្តថា៖ “ប្រទេស​ចិន​ជា​ទីផ្សារ​ធំ និង​មាន​តម្រូវការ​ច្រើន បើ​យើង​អាច​នាំចេញ​ដោយផ្ទាល់វា​នឹង​អាចធ្វើឱ្យ​តម្លៃ​ល្អ​ជាង​ពេលនេះ ហើយ​ការដាំដុះ​ក៏​នឹង​កើនឡើង​ផងដែរ”។

បច្ចុប្បន្នខេត្តប៉ៃលិន មានផ្ទៃដីដាំមៀនប៉ៃលិនចំនួន ៤,៣៨៩ហិកតា។ ចំនួននេះ ជាផ្ទៃដីដែលផ្តល់ផលឱ្យកសិករ និងប្រជាសហគមន៍ ខណៈផ្ទៃដីកំពុងដាំដុះមៀនប៉ៃលិន រាប់ហិកតាទៀតមិនបានរាប់បញ្ជូនឡើយ។ នេះបើតាមលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលលោកបានបន្តឱ្យដឹងថាខេត្តប៉ៃលិន មានសហគមន៍ផលិតមៀនប៉ៃលិនចំនួន៤០ ដោយសហគមន៍នីមួយៗ មានសមាជិកជាង២០០គ្រួសារ។

យោងតាម​ក្រសួងកសិកម្ម នៅ​កម្ពុជា​បច្ចុប្បន្ន​ មៀន​ប៉ៃលិន​មាន​ដាំដុះ​ភាគច្រើន​នៅ​ខេត្ត​ប៉ៃលិន បាត់ដំបងនិង​ខេត្តព្រះវិហារ។ គិត​ត្រឹម​ចុងឆ្នាំ២០២០ នៅទូទាំង​ប្រទេស​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ១៤,៥០០ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូលផល​មាន​ជាង ១១,៥០០ហិកតា ដោយ​ជា​មធ្យម​ក្នុង១ហិកតា​ផ្តល់​ផល​ជិត ១៧តោន។ បរិមាណ​ផល​ដែល​ទទួល​បាន​មាន​ប្រមាណ​ជិត ២០ម៉ឺន​តោន ​ក្នុង​នោះ​ការនាំចេញ​សម្រេច​បាន​ប្រមាណ ១០២ពាន់​តោន ដោយ​មាន​តម្លៃ​ប្រហែល​ជិត ១០០លាន​ដុល្លារក្នុង១ឆ្នាំ៕

ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម