Connect with us

សន្តិសុខសង្គម

រថយន្ត​២​គ្រឿង​បុក​គ្នា ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​6A​

បានផុស

នៅ

​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​បង្ក​ឡើង​ដោយ​រថយន្តសុំា​យ៉ុង​ដឹក​បន្លែមួយគ្រឿង បាន​បើក​លឿន​ ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត Range Rover មួយគ្រឿង រួច​រេ​ចង្កូតជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាល​រថយន្ត​ត្រូវ​រង​ការ​ខូច​ខាត​បន្ត​ដំណើរ​ទៅ​មុខ​លែង​រួច​។​

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​6A​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ជ្រោយចង្វា ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២២​ និង​២០នាទី​យប់​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​បង្កម៉ាក សុំាយ៉ុងដឹកស្តុកពេញទៅដោយបន្លែគ្រប់មុខ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ភ្នំពេញ ​2AY-2804 ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក Range Rover ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-6780 ។

យោង​តាម​ប្រភព​ព័ត៌មាន នៅ​កន្លែង​កើត​ហេតុ ​បាន​អោយ​ដឹង​ថា ​នៅ​មុន​កើត​ហេតុ​ គេ​សង្កេត​ឃើញ​រថយន្ត Range Rover បាន​ឈប់​រថយន្តនៅលើដងផ្លូវ ចំណុច​កើត​ហេតុ ដោយ​ឈប់​និយាយ​ទូរស័ព្ទ ស្រាប់​តែ​ពេល​នោះ ​រថយន្ត​បង្ក ដែល​បើក​បរ​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ និង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បើក​ជ្រុល​បុក​ពី​ក្រោយ​គូទ​រថយន្ត Range Rover ពេញ​ទំហឹង​ បណ្តាល​អោយ​រថយន្ត Range Rover ត្រូវ​ខ្ទាតប្រមាណ៥០ម៉ែត្រពីកន្លែងឈប់ចត ហើយ​ភាគី​ខាង​រថយន្តបង្ក ក៏​បាន​រេ​ចង្កូត​បុក​ឡើង​លើ​សួនច្បារពុះចែកទ្រូវផ្លូវ បណ្តាល​អោយ​រថយន្ត​ត្រូវ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ​មិន​អាច​បន្តដំណើរទៅមុខទៀតបាន ។

បន្ទាប់ពីបង្កហេតុ ប្តីប្រពន្ធ២នាក់ ដែលធ្វើដំណើរនៅក្នុងរថយន្តបង្ក បានគៀបជាប់ជើង នៅ​ក្នុង​កាប៊ិន​មុខ ​ក៏​ត្រូវ​បាន​បង​ប្អូន​ពលរដ្ឋក្បែរតំបន់នោះ ក៏​ដូច​ជា​អ្នកឃើញហេតុការណ៍ បាន​ជួយ​នាំ​គ្នា​ទាយ​ចេញ​ពី​ក្នុង​រថយន្តមកក្រៅ នឹង​បាន​ជួយ​ទំនាក់​ទំនង​ទៅ​កាន់​រថយន្តសាម៉ុយ​អោយ​ទៅ​ទទួល​យក​ទៅ​សង្គ្រោះ​ផង​ដែរ​ ។​

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ ​ចុះ​អន្តរាគមន៍​វាស់​វែង​ ស្ទូច​យក​រថយន្តទាំង២គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាលចរាចរណ៍​ជើង​គោក​ នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ រង់​ចាំ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ ​។ ដោយ​ឡែក​ ចំពោះ​ទំនិញ​បន្លែ​ជា​ច្រើន ​នៅ​ក្នុង​រថយន្ត​បង្ក​ សមត្ថកិច្ច​ទុក​លទ្ធភាព​អោយ​បង​ប្អូន​សាច់​ញាតិ​របស់​ម្ចាស់​រថយន្ត យក​រថយន្ត​ថ្មី មក​លើក​យក​បន្លែ​ទាំង​អស់​ចេញ ​ដើម្បី​អាច​យក​ទៅ​លក់​ដូរ​បន្ត​ទៀត​បាន​ ផង​ដែរ​ ​៕

អត្ថបទ៖ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម