Connect with us

សន្តិសុខសង្គម

មាត្រា ៧៣ ចែង​​​ករណី​​​រំលោភ​លើ​រាងកាយ កិត្តិយស​មន្រ្តី​អនុវត្ត​ច្បាប់​ចរាចរណ៍​

បានផុស

នៅ

យោង​តាម​មាត្រា ៧៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​ចែង​ពី​ការ​ដាក់​ពិន័យ​ចំពោះ​ការ​រំលោភ​លើ​រាងកាយ កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​មន្រ្តី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុង​បំពេញ​ភារកិច្ច​ត្រូវ​ផ្តន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ​ជា​ធរមាន។

ច្បាប់​បាន​កំណត់​ត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណី ចំពោះអ្នក​ល្មើស​ដែល​បានប្រព្រឹត្តក្នុងការបើកបរយានជំនិះ ហើយ​ដែល​បាន​រំលោភលើរាងកាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ចរបស់ភ្នាក់ងារនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញនេះ​មាន​ករណី​បុរស​ម្នាក់បាន​ស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើមន្រ្តី​នគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។​

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់​កម្ពុជា​​ថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា បន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះបានចេញពីកន្លែងកើតហេតុ​ ហើយ​បើ​តាមគោលការណ៍ គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះចេញកន្លែងកើតហេតុ​នោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បី​យក​​មកអនុវត្តតាមនីតិវិធីបន្ត។

​លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់អត្តសញ្ញាណ​បុរស​រូប​នោះ​រួច​ហើយ​ និងត្រូវតែនាំខ្លួនមកសួរនាំឲ្យបាន។

ហេតុការណ៍​ប្រទូសរ៉ាយគ្នា​រវាង​បុរ​​ស​អ្នក​បើកបរ​ម៉ូតូ​និង​មន្រ្តី​នគរបាល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១ ​និង​៤០​នាទី​រសៀល ថ្ងៃទី ​២៥ ខែវិច្ឆិកា ឆ្នាំ ​២០២១ នៅចំណុចក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

យោងតាមប្រភព មុនពេល​កើតហេតុ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ ខណ​:​​នោះ​ស្រាប់តែ​មានបុរស​ម្នាក់ជិះ​ម៉ូតូ​ស្មាសរី​វ៉ូ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ​1-BG 5792 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិចបម្រុង​បត់​ឆ្វេង ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​ ស្រាប់តែ​បុរសរូបនោះបាន​បត់​ត្រលប់​ក្រោយ​ និង​ជិះ​បញ្ច្រាសទិស​បណ្តាល​ដួល​ម៉ូតូ​ តែ​មិន​បណ្តាល​ឲ្យ​រងរបួស​នោះទេ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​បាន​ដើរទៅ​សួរនាំ ​ស្រាប់​តែ​​បុរស​​នោះ​ស្ទុះ​ដេញ​វាយ​សមត្ថកិច្ច​ និង​គំរាម​ដក​ស័ក្ដិ​​ចោល​ទៀតផង​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម