Connect with us

សន្តិសុខសង្គម

Update ៖ ករណីជនញៀនថ្នាំដណ្ដើមកាំភ្លើងពីសមត្ថកិច្ចបាញ់តដៃជាច្រើនគ្រាប់មានអ្នករងរបួស​៣នាក់

បានផុស

នៅ

ករណីជនញៀនថ្នាំដណ្ដើមកាំភ្លើងពីកម្លាំងសមត្ថកិច្ចហើយបាញ់ឡើងលើជាច្រើនគ្រាប់ និងបាញ់​តដៃជាមួយសមត្ថកិច្ចឈានដល់មានអ្នករងរបួសនោះ គឺផ្ដើមចេញពីការចុះបង្ក្រាបគ្រឿង​ញៀន​នៅតំបន់គោក​បញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍បង្ក្រាបគ្រឿងញៀនរហូតមានការផ្ទុះអាវុធនេះ គឺបណ្ដាលឲ្យរងរបួសពលរដ្ឋពីរនាក់ដែលនៅ​ក្បែរនោះ និងកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងម្នាក់ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ ទេព សាវឿន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​កន្លែង​កើត​ហេតុ របួស​ត្រូវ​ស្មា​ស្តាំ ។ និងឈ្មោះ វ៉ា ចាន់​សេរី​រ័ត្ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​កន្លែងកើតហេតុ។ ចំណែកកម្លាំងសមត្ថកិច្ចដែលរងរបួសនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបន្ទាប់ពីកើតហេតុភ្លាមៗ​នាំគ្នាបើករថយន្ដចេញអស់តែម្ដង។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តំបន់គោក​បញ្ជាន់​នាពេល​បច្ចុប្បន្ន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ ជាប់​ចំណាត់ថ្នាក់ល្បី​ខាងជក់ លក់ គ្រឿងញៀន មិន​ចាញ់បឹង​ឈូក មុខ​មន្ទីរពេទ្យ​លោកសង្ឃ​ដែលបង្ក្រាបកន្លងមកនោះទេ។ ខណៈដែល​កម្លាំង​សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ មួយក្រុម​៥​ទៅ​៦​នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ភ្លាត់ស្នៀត ត្រូវបាន​ជនសង្ស័យ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ជីវ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ វាយតដៃ​ដណ្តើម​កាំភ្លើង​ពី​ដៃ​សមត្ថកិច្ច បាញ់​សំដៅ​លើ​សមត្ថកិច្ច​១​គ្រាប់ និង​បាញ់ជាច្រើនគ្រាប់ទៀត បណ្តាល​ឲ្យ​ត្រូវចំ​ទ្វារ​ដែក​ធ្លាយរបួស​ស្ត្រី​ម្នាក់​កំពុង​នៅក្នុង​ផ្ទះ និង​ត្រូវចំនារី​ម្នាក់​កំពុង​អង្គុយ​នៅមុខ​ផ្ទះ រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដណ្តើមយក​កាំភ្លើង​បាន​វិញ ។​

ពលរដ្ឋ​បន្តទៀតថា ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យដណ្តើមយក​កាំភ្លើង​បាន​វិញ សមត្ថកិច្ច​នាំ​ឡើង​រថយន្តនាំគ្នា​បើក​យកចេញ​ទៅ​អស់ បន្សល់ទុក​តែ​ប្រជាពលរដ្ឋ​រងរបួស​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ពេទ្យ​រៀងខ្លួន ស្ត្រី​ចំណាស់ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ចំណែក​នារី​រងគ្រោះ​ត្រូវបាន​ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង ។​

ហេតុការណ៍​ផ្ទុះអាវុធ ផ្តើមចេញពី​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​គ្រឿងញៀន ត្រូវបាន​ជនសង្ស័យ​តដៃ​ដណ្តើមបាន​កាំភ្លើង​បាញ់រះ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​សាកសួរដល់ទី​តាំង​កើត​ហេតុ រួច​បន្ត​ទៅតាម​សាកសួរ​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​កម្លាំង​មួយក្រុមដែល​ពលរដ្ឋ​អះអាងថា នគរបាល​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ ក្រោយពី​ឃាត់​បាន​ជនសង្ស័យ​នាំគ្នា​ចាក​ចេញទៅ​បាត់អស់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម