Connect with us

សន្តិសុខសង្គម

លួច​គ្រឿងអលង្ការ​ពី​ស្រុក​ថ្មគោល ប៉ូលិស​តាម​វ៉ៃ​ខ្នោះ​ដល់​ក្រុង​ប៉ោយប៉ែត

បានផុស

នៅ

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ថ្មគោល តាម​ក្របួច​ដល់​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​បាន​លួច​គ្រឿង​អលង្ការ និង​លុយ​ដ៏​សន្ធឹកសន្ធាប់​ពី​ស្រុក​ថ្មគោល រួច​គេចខ្លួន​ទៅសំងំ​នៅ​ទីនោះ​មិនបាន​២​ថ្ងៃ​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែមករា​ឆ្នាំ​២០២២ វេលា​ម៉ោង​០៨.១០​នាទី ព្រឹក កម្លាំង​ជំនាញ​បានទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ អ៊ូច ខ្លឹង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រសាំង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​ប្ដឹង​ថា ខ្លួន​បាន​បាត់​ទ្រព្យសម្បត្តិ​មួយចំនួន​ក្នុងនោះ​រួមមាន ខ្សែ​.​កមាស​០១​ខ្សែ​ទម្ងន់​០៦​ជី ខ្សែដៃ​ប្លា​ក​ទីន​០១​ខ្សែ​ទម្ងន់ ០៤​ជី និង ប្រាក់​ខ្មែរ​ចំនួន​២,៧០០,០០០​រៀល កាលពី​ល្ងាច​ថ្ងៃទី​៩ កន្លងទៅ​ថ្មីៗ​នេះ ដោយ​ម្ចាស់ទ្រព្យ​បានដាក់​ការសង្ស័យ​ទៅលើ​មនុស្ស​ម្នាក់​ដែល​រស់នៅក្នុង​មូលដ្ឋាន​ជាមួយគ្នា​។

លោក​អធិការ​បាន​បន្តថា ក្រោយពី​ទទួល​បណ្តឹង​រួចមក កម្លាំង​ជំនាញ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​តា​ម៉ឺន បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១០ ព្រឹក កំលាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ យុំ យូ ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​និង​ដកហូត​បាន​សម្ភារៈ​មួយចំនួន​មកវិញ​រួមមាន​៖

​ខ្សែ​.​ក ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​០១​ខ្សែ​ប្រវែង​០៥​តឹក​០៣​ហ៊ុន ខ្សែដៃ​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​០១​ខ្សែ ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង បន្តោង​ខ្សែ​.​ក ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​០១​និង ថ្នាំញៀន​ចំនួន​០១ កញ្ចប់​តូច ដោយបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដើម្បី​ធ្វើការ​សាកសួរ​។

ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​គ្រឿង​អ​ល​ង្ការ និង ប្រាក់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ជំនាញ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សោ និយម​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម