ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កក្រើកពេញបណ្តាញសង្គម កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង ២ យប់ថ្ងៃទី ៥ ខែធ្នូ ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រវាងរថយន្ត LEXUS NX200t បុកម៉ូតូពីក្រោយ ហើយបានបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបេីកបរ។
ភាគីម៉ូតូ ដែលជាជនរងគ្រោះបើកបរដោយបុរសឈ្មោះ ហុង រត្នថា អាយុ ៣៣ ឆ្នាំ រងរបួសធ្ងន់ រួមទាំងអ្នករួមដំណើរមានគ្នាពីរនាក់ទៀតគឺកូនខ្ចី ឈ្មោះ មុច សុខឡេង អាយុ ២ ខែ រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា និង មុច ស្រីល័ក្ខ អាយុ ៣១ ឆ្នាំ មុខរបររើសអេតចាយរងរបួសធ្ងន់។ទាំងបីនាក់ស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ។
ម្យ៉ាងវោញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថា មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វេីការផាកពិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
របាយការសមត្ថកិច្ចអះអាងថា ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហេីយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថារាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដេីម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ៕