Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី នឹងដាក់ពង្រាយកម្លាំងជាង ៤ ពាន់នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំលុងឃោសនាបោះឆ្នោត

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង ៤ ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ អំលុង​ឃោសនាបោះឆ្នោត នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​នឹង​ឈាន​មក​ដល់​នា​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី ២៧ មិថុនា​នេះ លោក​ឧត្ដមសេនីយ៍​ត្រី សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ឃោសនាបោះឆ្នោត ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ២១ ខែ​កក្កដា ខាងមុខ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​កម្លាំង​នគរបាល​ជាង ៤ ពាន់​នាក់ ក្នុង​ផែនការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

លោក​ឧត្ដមសេនីយ៍​ត្រី សាន សុខសីហា បាន​បន្ត​ថា «​ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​កន្លង​មក​នេះ បាន​បញ្ជា​ដល់​ស្នងការ​រង មន្ត្រី​ការិយាល័យ និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការិយាល័យ​នគរបាល​ចរាចរណ៍ ត្រូវ​សហការ​យកចិត្តទុកដាក់ សម្រួល​ចរាចរណ៍​ឲ្យ​បានល្អ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែ​ក្បួន​ឃោសនា​គ្រប់​គណបក្ស បាន​ដំណើរការ​ទៅ​ដោយ​រលូន​»។

លោក​ឧត្ដមសេនីយ៍​ត្រី សាន សុខសីហា បាន​បន្ត​ទៀត​ថា ក្នុង​ព្រឹត្តិការណ៍​ឃោសនាបោះឆ្នោត​នោះ​ដែរ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នក​ធ្វើដំណើរ​ទាំងអស់ មេត្តា​យោគយល់​ចំពោះ​បញ្ហា​ចរាចរណ៍​ដែល​អាច​នឹង​កក​ស្ទះ​តិចតួច​ផង​ដែរ។

បើ​តាម​សេចក្ដីណែនាំ​របស់ គ​.​ជ​.​ប នៅ​ក្នុង​កំលុងពេល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ មាន​រយៈពេល ២១ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១ ខែ​កក្កដា រហូតដល់ ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣។

ជាមួយ​គ្នា​នេះ​ដែរ គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​គោរព​តាម​វិធាន បទប្បញ្ញត្តិ និង​គោលការណ៍ ដែល​មាន​ចែង​ក្នុង​ច្បាប់ គោរព​តាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ ក្រមសីលធម៌ និង​គោលការណ៍​នានា ដែល​បាន​កំណត់​ដោយ គ​.​ជ​.​ប ដើម្បី​ឲ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព។

គ​.​ជ​.​ប ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​នីមួយៗ អាច​អនុវត្ត​កម្មវិធី​ឃោសនាបោះឆ្នោត និង​ការ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភាព​គ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម