សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
ក្រុមអ្នកអាជីពដែលមានជំនាញខាងឆបោកលុយពលរដ្ឋនៅទូទាំងប្រទេស ដោយប្រើរូបភាពប្ដូរពីលុយដុល្លារក្លែងទៅលុយបាត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាបង្ក្រាបនៅយប់ថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ចាប់ពីចំណុចក្រុងសៀមរាប រហូតដល់ស្រុកពួក។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ កម្លាំងនគរបាលស្រុកពួក បានធ្វើប្រតិបត្តិការស្រាវជ្រាវពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តិដោយសហចារី) កាលពីវេលាម៉ោង ២០៖០០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រហូតឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

បុគ្គលទាំង៦រូបនេះ មានដូចជាជនសង្ស័យទី១-ឈ្មោះ ជី តាយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរគក់ជេរថយន្ត ទីលំនៅបច្ចុប្បន្នភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ ៤២ឆ្នាំ មុខរបរលក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង។ ៥-ឈ្មោះ អ៊ឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប។ ៦-ឈ្មោះ អ៊ឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកស៊ី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ បានបញ្ជាក់ថា នៅវេលាម៉ោង ២០៖០០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ ឈ្មោះ ខូ អេងលី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។ បានរាយការណ៍ថា មានក្រុមជនសង្ស័យចំនួន ១ក្រុម កំពុងឆបោក ដោយប្រើរូបភាពឱ្យជនរងគ្រោះយកប្រាក់ចំនួន ៥០០០ដុល្លារ ទៅដូរយកប្រាក់បាតពីពួកគេចំនួន ១៧៧,៥០០បាត ដោយឱ្យជនរងគ្រោះចំណេញ ៤០%។ តែជនរងគ្រោះមានការសង្ស័យថាត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពេលកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និងបើករថយន្តសំដៅមកបំបុកកម្លាំងសមត្ថកិច្ច ធ្វើឱ្យខូចខាតម៉ូតូចំនួន ១គ្រឿង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញតាមឃាត់រថយន្តរបស់ជនសង្ស័យចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា ដល់ចំណុចមុខផ្សារពួក ក៏ត្រូវកម្លាំងនគរបាលសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និងកម្លាំងនគរបាលអន្តរាគមន៍ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និងរថយន្តចំនួន ២គ្រឿង យកទៅធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

តាមចម្លើយរបស់ជនសង្ស័យទាំង ៦នាក់ ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពចំនួន ២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២ ០០០បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំពោះវត្ថុតាងដែលចាប់បានរួមមាន៖ រថយន្តចំនួន ២គ្រឿង ១.ម៉ាក Lexus ព័ណ៌ស ស្លាកលេខ ភ្នំពេញ 2AL.1456 ២.ម៉ាកបាឡែន ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2AC.1031 និងប្រាក់ដុល្លាក្លែងក្លាយ ( លុយសែន ) ក្រដាស១០០ដុល្លារ ចំនួន១៦៣ សន្លឹក ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ជុន កុសល
-
KPT+៤ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន