សន្តិសុខសង្គម
បញ្ជូនក្រុមក្មេងទំនើង ១២ នាក់ ចំណោមបក្ខពួកជិត ១០០ នាក់ ទៅតុលាការ ក្រោយអុកឡុកតាមផ្លូវរកគូទំនាស់
ក្រុមក្មេងទំនើងជិត ១០០ នាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ កាំបិត និងដំបង ដែលអុកឡុកតាមផ្លូវសាធារណៈរកគូទំនាស់កាប់គ្នា ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយចេញកម្លាំងដេញចាប់បាន ១២ នាក់ យកមកសួរនាំ រួចបញ្ជូនទៅកាន់តុលាការ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការ បានចាត់ឲ្យលោកវរសេនីយ៍ទោ ប៉ា ច័ន្ធវិសាល អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍ ចេញកម្លាំងដេញចាប់បាន ១២ នាក់ ខណៈបក្ខពួកផ្សេងទៀត នាំគ្នារត់គេចខ្លួនអស់ ដោយពេលនេះសមត្ថកិច្ចកំពុងតាមចាប់បន្ត។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២ និង ០៨ នាទី ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចភូមិភូមិស្តៅកន្លែង ៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យ ១២ នាក់ ឃាត់ខ្លួន ក្នុងចំណោមជនសង្ស័យប្រហែល ១០០ នាក់ ដែលបានរត់គេចខ្លួន ក្នុងនោះរួមមាន ៖ ឈ្មោះ សូត្រ បញ្ញា ភេទប្រុស អាយុ ២០ ឆ្នាំ , ឈ្មោះ បូ រក្សា ភេទស្រី អាយុ ១៦ ឆ្នាំ , ឈ្មោះ ផល ផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ , ឈ្មោះ សុខ សុភី ភេទប្រុស អាយុ ១៧ ឆ្នាំ , ឈ្មោះ កែវ សុខហួរ(ទី) ភេទប្រុស អាយុ ២១ ឆ្នាំ , ឈ្មោះ អុន ឯសិទ្ធិ (លុច) ភេទប្រុស អាយុ ១៧ ឆ្នាំ ,ឈ្មោះ លន់ ជីវ័ន្ត ភេទប្រុស អាយុ ១៦ ឆ្នាំ , ឈ្មោះ យ៉ុម វិរះបុត្រ ភេទប្រុស អាយុ ១៩ ឆ្នាំ , ឈ្មោះ កុយ សុខជីវ័ន្ត ភេទប្រុស អាយុ ១៨ ឆ្នាំ , ឈ្មោះ ណេត រ៉ាយុ ភេទប្រុស អាយុ ១៦ ឆ្នាំ , ឈ្មោះ សីហា បរិសុទ្ធ ភេទប្រុស និង ឈ្មោះ ម៉ៃ ហំ ភេទប្រុស អាយុ ១៧ ឆ្នាំ។

មុននឹងឈានដល់ការបង្ក្រាបនេះក្រុមក្មេងទំនើងទាំងអស់នេះបាននាំគ្នាជិះម៉ូតូប្រហែល ៤០ គ្រឿង មានគ្នាប្រហែល ១០០ នាក់ ឯណោះ មានកាន់ដាវកែច្នៃ កាំបិត និងដំបង ជិះម៉ូតូប្រសាចពេញផ្លូវសាធារណៈ បង្កឲ្យមានការភាពភ័យខ្លាចដល់អ្នកប្រើប្រាស់ផ្លូវ។ ស្របពេលនោះ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ តាមឃាត់បានជនសង្ស័យខាងលើចំនួន ១២ នាក់ ក្នុងនោះ មានស្រីម្នាក់។

នៅចំពោះមុខ ជនសង្ស័យទាំង ១២ នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិះម៉ូតូជាហ្វូង ហើយមានកាន់កាប់អាវុធបង្កគ្រោះថ្នាក់ (ដាវ កាំបិត ដំបង.. ) គ្រប់ដៃ ជិះម៉ូតូប្រសាចពេញផ្លូវនៅចំណុចកើតហេតុខាងលើមែន គោលបំណងគឺទៅកាប់ ឬ អុកឡុកលើមុខសញ្ញាដែលធ្លាប់មានទំនាស់ជាមួយពួកខ្លួនពិតមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១២ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអនុវត្តតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់កំពុងរត់គេចផ្សេងៗ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តយកមកអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


