Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ាន៣នេះ បុគ្គលិកពេទ្យឆ្លងកូវីដច្រើន

បានផុស

នៅ

ជំងឺ​ឆ្លង​កូវីដ-១៩​បាន​កំពុង​រាត​ត្បាត​យ៉ាង​អាក្រក់​​ក្នុង​បណ្តា​ប្រទេស​អាស៊ាន បើ​ទោះ​ជា​អ្នក​ខ្លះ​បាន​​ចាក់​វ៉ាក់សាំង​បង្ការ​រួច​ហើយ​។ សូម្បី​​តែ​​បុគ្គលិក​សុខាភិបាល​ក៏​​​ឆ្លង​ជា​ច្រើន​នាក់​​​ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​៣​ដែល​មាន​បុគ្គលិក​សុខាភិបាល​ឆ្លង​ច្រើន​​ជាង​គេ​​​គឺ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ។

ម៉ាឡេស៊ី​

តាម​ការ​ផ្សាយ​របស់ CNA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ រដ្ឋ​មន្ត្រី​សម្រួប​សម្រួល​ថ្នាក់​ជាតិ​​របស់ប្រទេស​ម៉ាឡេស៊ី​សម្រាប់​វវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ លោក Khairy Jamaluddin បាន​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ៍ ទី​១៣ ខែ​កក្កដា ថា បុគ្គលិក​សុខាភិបាល​ម៉ាឡេស៊ី​ចំនួន​២០៤​នាក់​​ដែល​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​វ៉ាក់សាំង​ក្នុង​រដ្ឋ​ Selangor បាន​ឆ្លង​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌល​វ៉ាក់សាំង​ស្ថិត​នៅ​អគារ Ideal Convention Centre (IDCC) ក្នុង​រដ្ឋ Shah Alam ត្រូវ​បាន​បិទ​ដើម្បី​ធ្វើ​ការ​សម្អាត។

លោក Khairy បាន​បន្ថែម​ថា ករណី​ឆ្លង​ត្រូវ​បាន​រក​ឃើញ បន្ទាប់​ពី​បុគ្គលិក​សុខាភិបាល​ទាំង​អស់​៤៥៣​នាក់​នៅ​មជ្ឈមណ្ឌល​វ៉ាក់សាំងត្រូវ​បាន​ធ្វើ​តេស្ត​​កាល​ពីថ្ងៃ​សៅរ៍។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ទាំង​អស់​មាន​ប្រហែល​៤០០​នាក់ ឬ​៨៨​%​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។

ថៃ

តាម​ការ​ផ្សាយ​របស់ Bangkokpost ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១១ ខែ​កក្កដា បាន​​​ឲ្យ​ដឹង​​ថា បុគ្គលិក​សុខាភិបាល​ជាង​៦០០​នាក់បាន​ឆ្លងកូវីដ-១៩ បើ​ទោះ​ជា​ពួក​គាត់​បាន​ចាក់​វ៉ាក់សាំង Sinovac  ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​ក្តី។

ទិន្នន័យ​របស់​ក្រសួង​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​មេសា ដល់​ទី​១៩ ខែ​កក្កដា បាន​បង្ហាញ​ថា ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​ ៦៧៧ ៣៤៨​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង Sinovac ទាំង​ពីរ​ដូស​រួច​រាល់​ហើយ មាន​៦១៨​នាក់​ស្មើ​ជាង​១% បាន​ឆ្លង​កូវីដ-១៩ និងគីលានុប្បដ្ឋាយិកា​ម្នាក់​បាន​ស្លាប់ ហើយ​ម្នាក់​ទៀត​កំពុង​មាន​អាការ​ធ្ងន់។

ឥណ្ឌូណេស៊ី​

តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី​១៧ ខែមិថុនា ថា បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​ជាង​ ៣៥០​ នាក់​បាន​ឆ្លង​កូវីដ​-១៩ ​បើ​ទោះ​បី​ជា​ពួកគេ​បាន​ចាក់​វ៉ាក់​សាំង​ Sinovac រួចទៅហើយក្ដី។

លោក​វេជ្ជបណ្ឌិត​ Badai Ismoyo​ ប្រធាន​ការិយាល័យ​សុខាភិបាល​ក្រុង​ Kudus​ កោះ​ Java បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​វេជ្ជបណ្ឌិត​ទាំង​នោះ​ មាន​លេច​ឡើង​រោគ​សញ្ញា​។ ​ពួក​គេ​ក៏​បាន​ដាក់​ខ្លួន​ឯង​ឱ្យនៅដាច់ដោយ​ឡែក​នៅ​តាម​ផ្ទះរៀង​ៗខ្លួន។ ប៉ុន្តែ​ពួក​គេ​ជា​ច្រើន​​នាក់ទៀតកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA, Reuters & bangkokpost​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម