Connect with us

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​ពីរ​ខ្សែ​ចាក់​កៅស៊ូ​ស្ថាបនា​រួចទាំង​ស្រុង ​សសៀ​រតាម​ក្រវាត់​ព្រំដែន​ថៃ

បានផុស

នៅ

ផ្លូវ​ជាតិ​ពីរ​ខ្សែ​​បាន​ស្ថាបនា​រួចរាល់​ទាំង​ស្រុង ប្រវែង​​រាប់រយ​គីឡូម៉ែត្រ​សរសៀតាម​ក្រវាត់ព្រំដែនថៃពី​ខេត្ត​ប៉ៃលិន​​​រហូត​ដល់​ច្រក​អូស្មាច់​ខេត្ត​ឧត្តរមានជ័យ​ ដោយ​ចាក់​កៅស៊ូ​យ៉ាង​រលោង​ស្រិល។

ផ្លូវជាតិ​ទាំង​ពីរ​ខ្សែនេះ ជា​ផ្លូវ​យុទ្ធសាស្រ្ត​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ និង​ជា​ផ្លូវ​ខ្សែ​ក្រវាត់​ខឿន​ការពារ​ជាតិ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ៥៨ បាន​សម្ពោធដាក់​ឲ្យប្រើប្រាស់នៅ​ដើម​ឆ្នាំ​២០២០ មានប្រវែងសរុប​ជាង ១៧៤ គីឡូម៉ែត្រចាប់ពីផ្លូវជាតិ​លេខ៥ ត្រង់គ.ម ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គ.ម ១០១+៥០០ (ផ្លុង) ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។ កំណាត់​ផ្លូវ​នេះមាន​ទទឹង ១២ ម៉ែត្រ ក្នុងនោះ​ផ្លូវ​មេប្រវែង​ ១៦៥ គីឡូម៉ែត្រ និង​ផ្លូវខ្នែង​ប្រវែង ៨ គីឡូម៉ែត្រ​​ភ្ជាប់​​ទៅ​​ច្រក​ព្រំដែន​​ថៃ​​ចំនួន​ ៤ មាន ច្រក​អូរបីជាន់ ច្រក​បឹងត្រកួន ច្រក​ជប់គគីរ និង​ច្រក​ថ្មដូន​។

ផ្លូវជាតិលេខ ៥៨

ស្ថាបនា​ដោយ​​ប្រើប្រាស់​ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយ​ថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា សរុបប្រមាណជាង ១២២ លាន​ដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។

ដោយឡែកផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​នោះ​​គឺ​ផ្លូវជាតិលេខ ៥៩ ក៏​សាងសង់​ឡើង​សសៀរតាម​ក្រវាត់ព្រំដែនថៃ​កាត់​តាម​​ខេត្ត​ចំនួន ​៣ ​គឺ​​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ។ ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ចេញ​ពីផ្លូវជាតិ​លេខ ៥ កាត់ស្រុកម៉ាឡៃ ស្រុកកំរៀង ស្រុក​ភ្នំព្រឹក្ស ស្រុកសំពៅលូន រហូតទៅដល់​ខេត្ត​ប៉ៃលិន។ គម្រោង​ស្ថាបនា​ផ្លូវ​លេខ​ ៥៩ មាន​ប្រវែង​ជាង ១០០​ គីឡូ​ម៉ែត្រ ក្រោម​ប្រាក់​កម្ចី​របស់​ប្រទេស​ចិន ដែលបើក​​ដំណើរ​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០១០ និង​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​ ២០១៥។

ផ្លូវជាតិ ៥៩

ការ​ស្ថាបនា​ផ្លូវជាតិ​លេខ ៥៩ បាន​ប្រែក្លាយ​តំបន់​អតីតសមរភូមិ​ប្រទាញប្រទង់គ្នា​កាល​ពី​អតីតកាល​​ ក្លាយទៅជាតំបន់មានការអភិវឌ្ឍជាទីផ្សារ​ប្រជុំជន សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់​ភាគពាយ័ព្យប្រទេស​ ជំរុញ​ការធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម