Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» បានហើយ!

បានផុស

នៅ

បុគ្គលឈ្មោះ ផុន កុលចំរើន ដែលជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ត្រូវបានកម្លាំងសមត្ថ​កិច្ច​ចាប់ខ្លួនកាលពីយប់ម្សិលមិញ ពាក់ព័ន្ធនឹងករណីញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំ។ បើតាមរបាយការណ៍​បឋ​ម​ បានឲ្យដឹងថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ហើយមានឈ្មោះពិតថា ផុន កុលចំរើន ត្រូវ​បាន​កម្លាំងសមត្ថកិច្ចខេត្តព្រះវិហារឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលឈ្មោះ ផុន កុលចំរើន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេបានគេចខ្លួនមកដល់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះឈ្មោះ មុំ កន រយៈពេល២ថ្ងៃ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ រហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។ តាមការពិនិត្យរបស់សមត្ថកិច្ច បានរកឃើញមានទូរស័ព្ទដៃ១ គ្រឿង និងប័ណ្ណចំនួន៤សន្លឹក នៅលើខ្លួនបុរសរូបនេះ។

បើតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ឈ្មោះ ផុន កុលចំរើន ភេទប្រុស មានអាយុ៣២ឆ្នាំ និងមានស្រុកកំណើតភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ ប៉ុន្តែទីលំនៅបច្ចុប្បន្ន នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុ ហើយមុខរបរ ជាអ្នកនិពន្ធតាមអនឡាញ (ស្លាបប៉ាកាទេវរាជ)។  

ថ្មីៗនេះមានបុគ្គលម្នាក់ ឈ្មោះ កុល​ ចំរើន អាយុ​៣២​ឆ្នាំ បានប្រើប្រាស់បណ្ដាញសង្គមឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះ​សារ អមជាមួយវីដេអូ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ថា «ការចាក់វ៉ាក់សាំងយកកាតគឺជាការរៀបគម្រោងប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សូមឧបត្ថម្ភម្នាក់១$ ដើម្បីជីវភាពរស់តាមរយ: ABA: 500 013 244»។ បន្ទាប់មកទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បុគ្គលដដែលនេះ បានសរសេរ និងបង្ហោះជាវីដេអូថា «ការចាក់វ៉ាក់សាំងចិន គឺជាការចាក់មេរោគចូលទៅក្នុងរាង្គកាយយើង។ សូមឧបត្ថម្ភ មកខ្ញុំបាទម្នាក់មួយដុល្លារ ក្នុងជីវភាពរស់នៅ ដើម្បីធ្វើការកសាងសន្តិភាព ជូនប្រទេសជាតិតាមរយ: Account ABA: 500 013 244 សូមអរគុណ»។

ភ្លាមៗលោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានចេញមុខបដិសេធ​ទាំងស្រុង​ ចំពោះ​ការបង្ហោះសារ និងវីដេអូរបស់​បុគ្គល​ឈ្មោះ ផុន កុល​ចំរើន ដែល​ជា​ម្ចាស់​ទំព័រហ្វេ​ស​ប៊ុ​ក ​ឈ្មោះ​ស្លាប​ប៉ា​កា​ទេវរាជនេះ។ ជាមួយគ្នានេះ លោកស្នងការ​នគរបាលខេត្តកោះកុង ក៏បានអំពាវនាវ​ដល់​មហាជន​ទាំងអស់ មេត្តា​កុំ​ចាញ់​បោក ​ការបង់​ថវិកា​ចូល​តាម​សំណេរ​របស់​បុគ្គល កុល​ ចំរើន នេះ។

ចំណែកលោក ទិ​ត្យ សុ​ផា មុខរបរ​បើក​កន្លែង​ព្យាបាល​ជំងឺ​ទូទៅ រស់នៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង ដែលជា​ឪពុក​បង្កើត​របស់​ឈ្មោះ ផុន កុល​ចំរើន បានចេញមុខ​​សុំទោស​​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា និង​សាធារណជន​ទូទៅ ដោយស្នើសុំ​ក្តី​យោគយល់​អនុគ្រោះ​ ចំពោះ​ទង្វើ​កូនរបស់ខ្លួន។ លោក ទិត្យ សុផា បាននិយាយថា មូលហេតុ​ដែល​កូន​របស់គាត់​បង្ហោះ​យ៉ាង​ដូច្នេះ ក៏ព្រោះ​តែមាន​ជំងឺសរសៃ​ប្រសាទ ​សតិ​មិន​គ្រប់គ្រាន់ ​ចាប់ពី​តាំង​ប្រពន្ធ​របស់លោក​ស្លាប់ចោល​កាលពី​ឆ្នាំ​២០១៥មកម្លេះ។ ​

បុរសដែលជា​ឪពុក​បង្កើត​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ស្លាបប៉ាកកា​ទេវរាជ បានអះអាងទៀតថា រូបលោកបាន​នាំ​កូនរបស់ខ្លួន ​ទៅពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​សុខភាព ហើយ​គ្រូពេទ្យ​បាន​បញ្ជាក់ថា កូន​របស់គាត់​ពិតជា​មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រាកដ​មែន តម្រូវឲ្យ​ព្យាបាល​នៅ​មន្ទីរ។ យ៉ាងណាក៏ដោយបុគ្គល​ឈ្មោះ ផុន កុល​ចំរើន ពុំបាន​រួមរស់​នៅ​ជាមួយ​ក្រុមគ្រួសារ​​ឡើយ ព្រោះតែ​ការមិន​ស្តាប់​ការអប់រំ​ណែនាំ​របស់​ឪពុក និង​កិច្ចសន្យា​លើ​ទី​១ ​ជាមួយ​សមត្ថកិច្ច​ ដោយរូបគេ​ក៏​សុំ​​ទៅធ្វើ​ខ្ទម​មួយ ​នៅ​កណ្តាល​វាលស្រែ​ ដែល​ឆ្ងាយ​ពី​ផ្ទះ​តែម្នាក់ឯង​។

មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញការភ្ញាក់ផ្អើល ក្រោយទទួលព័ត៌មានថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកាទេវរាជ ដែលបញ្ចេញមតិរិះគន់ទាំងទទឹងទិសនោះ បែរជាចុងក្រោយឪពុករបស់បុគ្គលរូបនេះ ប្រាប់ថា កូនរបស់ខ្លួនមានជំងឺសរសៃប្រសាទ ដោយមានការបញ្ជាក់ពីមន្ទីរពេទ្យថែមទៀត។

លើសពីនេះទៀត មានមតិខ្លះលើកឡើងថា បើសិនជាបុគ្គលរូបនេះ មានសតិមិនគ្រប់មែន ហេតុអ្វីបានជាបុគ្គលរូបនេះ មើលទៅដូចជាជំនាញខាងប្រើប្រាស់បណ្ដាញសង្គម ហើយមើលក៏ទៅយុវជនរូបនេះ ក៏ប្រហែលជាមានជំនាញកាត់តវីដេអូថែមទៀត។ ម្យ៉ាងទៀត បើសិនជាមានជំងឺសរសៃប្រសាទមែន ហេតុអ្វីបានជាចេះឲ្យគេផ្ញើលុយ ចូលកុង ABA របស់ខ្លួនទៀត? ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មានកាតព្វកិច្ចត្រួតពិនិត្យច្បាស់លាស់ ចំពោះករណីនេះ កុំឲ្យប្រព្រឹត្តខុសហើយ សុំទោសរួចខ្លួន ឬបង្ហាញតែលិខិតបញ្ជាក់ពីមន្ទីរពេទ្យថា សតិមិនគ្រប់ហើយ រួចខ្លួននោះទេ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម