Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រើប្រាស់អុកស៊ីសែនពី២៥ ទៅ៣០ធុង សម្រាប់សង្រ្គោះអ្នកជំងឺកូវីដកម្រិតធ្ងន់

បានផុស

នៅ

(កោះកុង)៖ ជាមធ្យមភាគ គឺក្នុង១ថ្ងៃ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រើប្រាស់អុកស៊ីសែន ពី២៥ ទៅ​៣០ធុង សម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខណៈគ្មានគ្រែទំនេរទទួលអ្នកជំងឺបន្តឡើយ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០​២១ថា សព្វថ្ងៃមន្ទីរពេទ្យរបស់លោក គឺគ្មានគ្រែទំនេរ សម្រាប់ព្យាបាលអ្នកកូវីដកម្រិតធ្ងន់ ចំនួន១៨នាក់/គ្រែ១៣ ពោលគឺពេញអស់ហើយ។ គ្រាមានអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរខ្លះ សម្រាកលើប៉ៅអ៊ី ជាបណ្តោះអាសន្នសិនក៏មានដែរ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន សង្កត់ធ្ងន់ដែរថា ស្ថានភាពអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ តម្រូវឲ្យមន្ទីរពេទ្យប្រើប្រាស់អុកស៊ីសែន កើនឡើងជារៀងរាល់ថ្ងៃ ដោយជាមធម្យម ២៥ទៅ ៣០ធុងក្នុង១ថ្ងៃ។ ដូច្នេះមន្ទីរពេទ្យកំពុងមានការខ្វះខាត បំពង់អុកស៊ីសែនយ៉ាងខ្លាំង។

ដើម្បីជាវិធានការទប់ស្កាត់ស្ថានភាព នៃការជួយសង្រ្គោះអ្នកជំងឺប្រកបដោយប្រសិទ្ធិ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំ អនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដខេត្ត មេត្តាផ្តល់ការផ្គត់ផ្គង់បំពង់អុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ជាប្រចាំ គ្រាដែលការបំពេញតម្រូវការ ពុំបានគ្រប់គ្រាន់ល្អ នៅឡើយដែលត្រូវដឹកធុងអុកស៊ីសែន ទៅបញ្ចូលនៅរាជធានីភ្នំពេញ។

លោក ហៃ ឡៃសុន ចាត់ទុកថា បញ្ហាកង្វះអុកស៊ីសែនជាក្តីបារម្ភដ៏ធំ សម្រាប់សង្រ្គោះអាយុជីវិតអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុងបច្ចុប្បន្ននេះ ប្រសិនបើមានការដាច់ស្តុកប្រការណាមួយនោះ។ លោកក៏ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋផងដែរថា «យើងមិនអាច មើលស្រាលជំងឺនេះបានទេ ចាំបាច់ប្រយ័ត្នខ្ពស់ ដោយមេរោគកូរូណា កំពុងបប្លែងខ្លួនជា២ប្រភេទ រួមមាន៖អាល់ហ្វា និងDelta»។

តបទៅអ្វីដែលជាសេចក្តីត្រូវការ ចំពោះមុខរបស់មន្ទីរពេទ្យខេត្ត គឺលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជំរុញឲ្យគ្រូពេទ្យជំនាញ រៀបចំធ្វើផែនការមកកាន់មន្ទីរ ក៏ដូចជាក្រសួង ដើម្បីពិនិត្យនិងពិចា​រណា ដោះស្រាយរាល់បញ្ហាប្រឈម។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអះអាងពីភាពទំនួលខុសត្រូវថា រាល់អុកស៊ីសែន ដែលបានមកពីក្រុមសប្បុរសជននានា គឺមន្ទីរសុខាភិបាល បានបែងចែកជូនទៅមន្ទីរពេទ្យខេត្តមួយ និងអគារព្យាបាល នៅតាមបណ្តាក្រុងស្រុកទាំង៧អស់ហើយ ដើម្បីត្រៀមព្យាបាលអ្នកជំងឺខ្ទង់ពាន់នាក់។ រីឯការងារដោះស្រាយកង្វះខាតជាបឋម មានតែយកធុងអុកស៊ីសែនដែលប្រើអស់ ដឹកជញ្ចូនទៅបញ្ចូល នៅរាជធានីភ្នំពេញ ក្នុង១ធុងថ្លៃ១៦ដុល្លារ។

កន្លងទៅ លោកគ្រៀងគរដល់អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសម្របសម្រួល ដល់ការដឹកជញ្ជូនគ្រប់ធុងអុកស៊ីហ្សែន ប្រើរួចរាល់ហើយ យកទៅបញ្ចូលនៅរាជធានីភ្នំពេញ ដោយមិនគិតថ្លៃផងដែរ៕  (ដោយ)៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម