ព័ត៌មានជាតិ
សមត្ថកិច្ច នឹងអនុវត្តបម្រាមគោចរ យ៉ាងតឹងរ៉ឹងបំផុត ចាប់ពីម៉ោង៩យប់នេះតទៅ
នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃដំបូង នៃការអនុវត្តបម្រាមគោចរ ដែលដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ គឺពុំមានការឃាត់រថយន្ត ឬម៉ូតូណាមួយឡើយ ដោយសមត្ថកិច្ចគ្រាន់តែចេញល្បាត នៅគ្រប់ខណ្ឌប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដានេះតទៅ សមត្ថកិច្ចនឹងអនុវត្តយ៉ាងតឹងរ៉ឹងបំផុត នូវសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃសុក្រនេះ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពី ការដាក់ចេញនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១១ និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នៅក្នុងសេចក្ដីសម្រេចនេះ ក៏បានដាក់ចេញនូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា នៅយប់មិញកម្លាំងសមត្ថកិច្ច គ្រាន់តែចេញល្បាតគ្រប់ខណ្ឌប៉ុណ្ណោះ តែយប់នេះសមត្ថកិច្ចនឹងអនុវត្តបម្រាមគោចរតឹងរ៉ឹងហើយ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលពុំមានកិច្ចការងារអ្វីចាំបាច់ សូមចូលរួមអនុវត្តនូវសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់គ្នា។
លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ជាក់ស្ដែង! ដោយសារការអនុវត្តបម្រាមគោចរពីមុនមក គឺយើងបានអនុវត្តរួចហើយ អញ្ចឹងខ្ញុំគិតថា បងប្អូនប្រជាពលរដ្ឋភាគច្រើន គឺគាត់បានយល់ដឹង បានដឹង ទាក់ទងទៅនឹង ការអនុវត្តបម្រាមគោចរហ្នឹងហើយ អញ្ចឹងថ្មីៗនេះ កាលពីម្សិលមិញ ម្សិលម៉្ងៃ គឺសារាចរណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ គឺទាក់ទងទៅនឹងការអនុវត្តបម្រាមគោចរ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ»។
លោកបានថ្លែងទៀតថា «អញ្ចឹងទាក់ទងនឹងបញ្ហាហ្នឹង គឺហាមដាច់ខាត អ្នកដែលមិនមានភារកិច្ចចាំបាច់ ចេញខាងក្រៅនៅម៉ោងហ្នឹង អញ្ចឹងគឺមានតែក្រុមគ្រូពេទ្យ កងកម្លាំង រថយន្តសង្រ្គោះ ឬក៏អ្នកដែលមានការងារចាំបាច់មួយណា ហើយក្រៅពីហ្នឹង មិនអនុញ្ញាតឲ្យចេញក្រៅនៅម៉ោងហ្នឹងទេ ហើយមួយវិញទៀត យើងអំពាវនាវធ្វើម៉េចសូមឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ បានដឹង ទាក់ទងនឹងបញ្ហាអស់ហ្នឹង ការអនុវត្តបែបហ្នឹង គឺរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ គឺក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាពិសេស គឺវីរុសបំប្លែងថ្មីដែលតាហ្នឹង ដែលវាឆ្លងលឿន ដែលវាបង្កហានិភ័យខ្លាំង ដល់សុខភាពរបស់ប្រជាពលរដ្ឋ អញ្ចឹងធ្វើម៉េចចូលរួម សហការទាំងអស់គ្នា ដើម្បីយើងទប់ស្កាត់បានទាក់ទង នឹងការឆ្លងរាលដាលហ្នឹង»។
សូមជម្រាបថា កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ស្ដីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ក្នុងសារាចរ ដែលបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ព្រមទាំងពង្រឹងការអនុវត្តវិធានការច្បាប់ នៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ឲ្យបានព្រមៗពេលជាមួយគ្នា និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹង នៅក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ។
សារាចរណែនាំ របស់រាជរដ្ឋាភិបាលដដែល ក៏បានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ដាក់ចេញបម្រាមគោចរពីម៉ោងចន្លោះ៩យប់ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្រ្ដទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេសរាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ធានា ឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»