Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ចុះបិទសណ្ឋាគារមួយកន្លែង ក្រោយសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធ នឹងកូវីដ

បានផុស

នៅ

ក្រុមការងារចម្រុះខណ្ឌដូនពេញ ដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចុះបិទបណ្ដោះអាសន្ន ទីតាំងសណ្ឋា​គារ Queen Grand Boutique Hotel ស្ថិតនៅផ្ទះលេខ១៦ ផ្លូវលេខ២៥៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសណ្ឋាគារនេះសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធ នឹងវីរុសកូវីដ-១៩។  

លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានឲ្យដឹងថា ការចុះបិទទីតាំងសណ្ឋាគារនេះ ក្រោយពីទទួលបាននូវគោលការណ៍ដឹកនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបិទទីតាំងដែលសង្ស័យ មានអ្នកពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ ហើយទីតាំងខាងលើនេះ ក្រុមការងារសង្ស័យ មានអ្នកជាប់ពាក់ព័ន្ធនឹងវីរុសកូវីដ-១៩។

ក្រុមការងារចម្រុះខណ្ឌដូនពេញ បានណែនាំដល់ម្ចាស់ទីតាំងថា៖ ត្រូវបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន។ម្ចាស់ទីតាំងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ម្ចាស់ទីតាំង ត្រូវសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ រួចអ្នកពាក់ព័ន្ធទាំងអស់ ត្រូវទៅយកសំណាក តាមវិធានសុខាភិបាល។ ម្ចាស់ទីតាំង ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានត្រឹមត្រូវ។

អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ក្នុងករណីម្ចាស់ទីតាំង មិនអនុវត្តតាមការណែនាំ របស់ក្រុមការងារខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តតាមច្បាប់ ស្ដីពី ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១កន្លង​ទៅនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម