Connect with us

កីឡា

ថៃ ប្រកាសធានាសុវត្ថិភាព​ដល់អត្តពលិក កម្ពុជា និងប្រទេសទាំងអស់ ចូលរួមកីឡាស៊ីហ្គេមទី ៣៣

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា របស់ ថៃ លោក Atthakorn Sirilatthayakorn បាន​ប្រកាសពី​ការធានាសុវត្ថិភាពពេញលេញដល់អត្តពលិកកម្ពុជា រួមទាំងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់ អាស៊ាន ដែលនឹងមកចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នាចុងឆ្នាំ ២០២៥ ។

លោក Atthakorn Sirilatthayakorn (Cr.Thai Enquirer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅសល់ប្រហែល​ជា​២​សប្តាហ៍​ទៀត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នឹងឈានចូលមកដល់ ចាប់ផ្តើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។ យ៉ាងណា មុនព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ អាស៊ាន មួយនេះមកដល់ អត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ជាពិសេស កម្ពុជា តែម្តង គឺកំពុងមានការព្រួយបារម្ភខ្លាំងអំពីសុខសវត្ថិភាព ដោយសារបច្ចុប្បន្ន ថៃ កំពុងមានបញ្ហាជម្លោះព្រំដែនដ៏ក្តៅគគុកជាមួយ កម្ពុជា រួមទាំងប្រទេសក្បែរខាងផ្សេងទៀតដូចជា មីយ៉ាន់ម៉ា ជាដើម។

អត្តពលិកកម្ពុជា

ទោះបីជាយ៉ាងណា យោងតាមសាព័ត៌មាន ថៃ The Nation Thailand បានចុះផ្សាយនៅថ្ងៃ អង្គារ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ ថា រដ្ឋាភិបាល ថៃ នឹងធានាសុវត្ថិភាពឱ្យបានស្មើៗគ្នាសម្រាប់អត្តពលិក កម្ពុជា ក៏ដូចជាប្រទេសផ្សេងៗទៀត ដែលមកចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣។

ពាក់ព័ន្ធរឿងនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ថៃ បានលើកឡើង ថា ៖ «លោកបានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៅអាជ្ញាធរកីឡាថៃរួចហើយ ហើយលោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនបែងចែកអត្តពលិកកម្ពុជា និងអត្តពលិកមកពីប្រទេសណាមួយឡើយ»

គួរឱ្យដឹងថា ដំបូងឡើយ កម្ពុជា គ្រោងបញ្ជូនអត្តពលិកសរុបចំនួន ១,៥១៥ នាក់ទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នៅ ថៃ ចុងឆ្នាំនេះ ប៉ុន្តែបន្ទាប់ពីមានបញ្ហាជម្លោះបញ្ហាព្រំដែនកាន់តែតានតឹង ពេលនេះមិនទាន់មានព័ត៌មានបច្ចុប្បន្នភាពនៅឡើយទេ ថាតើ កម្ពុជា នឹងនៅតែបញ្ជូនអត្តពលិកទៅចូលរួមប្រកួតតាមការគ្រោងទុកដដែល ឬកាត់បន្ថយជាងមុន៕

រូបតំណាង ថៃ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៥

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម