Connect with us

កីឡា

ចាញ់​មិន​អស់​ចិត្ត​ពីមុន​ លើក​នេះ Stamp ប្តេជ្ញា​ធ្វើ​ឲ្យ​គ្មាន​កំហុស​សង​សឹក Rassohyna

បានផុស

នៅ

បន្ទាប់​ពី​ខក​ចិត្ត​​យ៉ាង​ខ្លាំង​ពី​ការ​របូត​បាត់​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​ប្រភេទ​កីឡា​ផ្សេង​ៗ​គ្នា កីឡាការិនី​ប្រដាល់​ថៃ​ Stamp Fairtex បាន​ឈឺ​ចាប់​បន្ថែម​ទៀត​នៅ​​ពេល​​ចាញ់​ការ​ប្រកួត​គុន​ចម្រុះ​ចុង​ក្រោយ​ទាំង​ចម្រូង​ចម្រាស​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះ កីឡាការិនី​ថៃ​រូប​នេះ​មាន​ឱកាស​សង​សឹក​សម្រូវ​ចាស់​ Alyona Rassohyna ​នៅ​ព្រឹត្តិការណ៍ ONE: Empower នៅ​ថ្ងៃ​សុក្រ ទី២៨ ខែ​ឧសភា​​ សម្រាប់​ការ​ប្រកួត​ខ្សែ​ក្រវាត់គុន​ចម្រុះ​ពិភព​លោក ONE Women’s Atomweight World Grand Prix ជុំ​ទី​១​ដែល​​ប្រជុំ​ដោយ​នារី​ខ្លាំង​មក​ពី​៨​ប្រទេស​ផ្សេង​គ្នា។

ភាព​ជូរ​ចត់​នៅ​ចាំ​យ៉ាង​ច្បាស់​សម្រាប់ Stamp ដែល​ត្រូវ​បាន​អាជ្ញាកណ្តាល​បញ្ឈប់​ចុង​ទឹក​ទី​៣​នៅ​ពេល​ប្រកួត​ជា​មួយ​ Alyona Rassohyna ​ លើក​ទី​១​កាល​ពី​ខែ​កុម្ភៈ​។ ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​​ថា នៅ​ទឹក​ទី​១ និង​ទី​២ នារី​ថៃ​ម្នាក់​នេះ​មាន​ប្រៀប​លើ​កីឡាការិនី​អ៊ុយក្រែន​តាម​រយៈ​ក្បាច់​វ៉ៃ​ឈរ ខណៈ​ដៃ​គូ​ភាគ​ច្រើន​វ៉ៃ​ក្បាច់​ក្រោម។

ឆ្លង​កាត់​២​ទឹក Stamp សង្ឃឹម​យ៉ាង​មុត​មាំ​ថា នាង​នឹង​ទទួល​បាន​ជ័យជម្នះ ហើយ​នៅ​ដើម​​ទឹក​ទី​៣​ក៏​នាង​ធ្វើ​បាន​ល្អ​​ដដែល។ ប៉ុន្តែ​នៅ​ចុង​ទឹក​ជា​ពេល​នាង​កម្លាំង​ចុះ​ខ្សោយត្រូវ​បាន Alyona បោក​ផ្តួល​ ហើយ​លើក​ជិះ​ពី​លើ​ដើម្បី​ប្រើ​ក្បាច់​ឃ្លេ។ នៅ​ពេល​នោះនាង​បាន​យក​ដៃ​វ៉ៃ​ដៃ​គូ​​ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​​មើល​ឃើញដូច​ជា​គោះ​​ដៃ​សុំ​ចុះ​ចាញ់ ហើយ​ក៏​បញ្ឈប់​តែ​ម្តង។

​ក្រោយ​ការ​ប្រកួត Stamp បាន​តវ៉ា​ថា នាង​មិនបាន​ចុះ​ចាញ់​ទេ​គឺ​យក​ដៃ​វ៉ៃ ប៉ុន្តែ​ដោយ​សារ​នៅ​ពី​ក្រោម​កម្លាំង​ដៃ​មិន​ខ្លាំង​មើល​ទៅ​ស្រាល​ៗ​ដូច​គោះ​ដៃ​ចុះ​ចាញ់។ ទោះ​ជា​យ៉ាង​ណា លទ្ធផល​មិន​ប្រែ​ប្រួល​ឡើយ​ដោយ​បន្សល់​ទុក​បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព​វ៉ៃ​គុន​ចម្រុះ​ បន្ទាប់​ពី​ឈ្នះ​៥-០ជាប់​គ្នា។

ឥឡូវ​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ឆ្នោត​ជួប​គ្នា​ក្នុង​វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់​ Women’s Atomweight World Grand Prix វគ្គ​៨​នាក់​ចុង​ក្រោយ​ដែល​ផ្ទុយ​ពី​លើក​ទី​១​ដែល​ជា​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រកួត​នេះ អ្នក​ឈ្នះ​ត្រូវ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

មុន​ការ​ប្រកួត​មក​ដល់  Stamp បាន​និយាយ​ថា ៖«ការ​ប្រកួត​នេះ​សំខាន់​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់។ វា​ជា​ឱកាស​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​លើក​មុន។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ណា​ដើម្បីឈ្នះ»។

អតីត​ខ្សែ​ក្រវាត់​ពីរ​ប្រភេទ​កីឡាទទួល​ស្គាល់​ថា ៖«ដៃ​គូ​ម្នាក់​នេះ​មាន​​ក្បាច់​ក្រោម​ល្អ។ ដៃ​គាត់​រឹង​ណាស់ តែ​ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ល្អ​ហើយ​សម្រាប់​ទប់​ទល់​ក្បាច់​ក្រោម​របស់​នាង តែ​ខ្ញុំ​នឹង​​បង្ហាញ​អ្វី​ថ្មី​សម្រាប់​ការ​ប្រកួត​លើក​នេះ»។

«បទ​ពិសោធ​ចុង​ក្រោយ​បាន​បង្រៀន​ខ្ញុំថា បើ​ខ្ញុំ​មាន​ឱកាស គឺ​ត្រូវ​ងតែ​បញ្ចប់​តែ​ម្តង។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ចាក​ចេញ​ពី​សង្វៀន បន្ទាប់​ពី​ដៃ​របស់​ខ្ញុំ​ត្រូវ​បាន​អាជ្ញា​កណ្តាល​លើក​ឡើង​លើ»។

ក្រៅ​ពី​ការ​ឈឺ​ចាប់​បរាជ័យ​ចុង​ក្រោយ​ទាំង​មិន​អស់​ចិត្ត Stamp បាន​របូត​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ពិភព​លោក ONE Atomweight ​ធ្លាក់​ទៅ​ដៃកីឡាការិនី​អាមេរិក Janet Todd ដើម​​ឆ្នាំ​២០២០ និង​របាត់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ធ្លាក់​ទៅ​ដៃ​កីឡាការិនី​ប្រេស៊ីល Allycia Rodrigues ចុង​ឆ្នាំ​២០២០។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​២៨ ខែ​ឧសភា ខាង​មុខ​នេះ​ជា​​រឿង​ដ៏​សំខាន់​បំផុត​ដើម្បី​លុប​លាង​ស្នាម​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​បោះ​ជំហាន​ទៅ​រក​ឱកាស​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ក្នុង​ប្រភេទ​កីឡា​ទី​៣​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម