Connect with us

កីឡា

កីឡាករ​ឥណ្ឌូណេស៊ី Eko Roni ប្រកាស​ចង់​ជួប ចាន់ រតនា សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​

បានផុស

នៅ

អ្នកលេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាស​ចង់​ជួប​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នៅលើ​ឆាក​សង្វៀន​ពិភពលោក ONE Championship​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ចង់​ជួប​នេះ បន្ទាប់ពី​កីឡាករ​ខ្លាំងៗ​ឥណ្ឌូណេស៊ី​ពីរ​នាក់​ហើយ​បាន​បរាជ័យ​ក្រោម​កណ្តាប់ដៃ​របស់​តារា​ក្បាច់គុន​ដែលជា​ទូត​សុច្ឆន្ទៈ​របស់ Cellcard​។​ ​ក្នុងចំណោម​ជ័យជម្នះ​៦​លើក​នៅ​សង្វៀន ONE ចាន់ រតនា បានឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​គឺ​ឆ្នាំ​២០១៨ បាន​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ទឹក​ទី​២ និង​ឆ្នាំ​២០១៩​បាន​បន្ត​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Rudy Agustian នៅក្នុង​ទឹក​ទី​២​ទៀត​។ Saputra បាន​លើក​ហេតុផល​ថា ៖«​ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​ច្រើន​នាក់​ហើយ ដូច្នេះ​គាត់​នឹង​ក្លាយជា​ដៃគូ​លំបាក​សម្រាប់​ខ្ញុំ​»​។​

តារា​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​បាន​និយាយថា ៖«​ចាន់ រតនា មាន​ជំនាញ​វ៉ៃ​ឈរ​ល្អ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គាត់​។ បើ​បាន​ជួប​មែន ខ្ញុំ​ប្រហែលជា​លេង​ល្បា​ច់​ក្រោម​ជាមួយ​គាត់​។ សម្រាប់​ខ្ញុំ បើ​ជួបគ្នា​មែន​នឹង​ក្លាយជា​ការប្រកួត​គួរ​ឲ្យ​ចាប់អារម្មណ៍​រវាង​អ្នកជំនាញ​វ៉ៃ​ឈរ ប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម​»​។​ ​មុនពេល​ប្រកាស​ជួប​ជើង​ខ្លាំង​កម្ពុជា Eko Roni Saputra ក៏មាន​បទពិសោធ​ច្រើន​ដែរ​នៅ​សង្វៀន​អន្តរជាតិ ONE គឺ​ធ្លាប់​វ៉ៃ​បាន​៥​លើក​ក្នុងនោះ​ឈ្នះ​៤​ដង និង​ចាញ់​១​។ ក្នុងចំណោម​ជ័យជម្នះ​ទាំង​៤​ដងនោះ រូបគេ​ក៏​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ នៅក្នុង​ទឹក​ទី​១​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រៅពី​មានបំណង​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​រៀងៗ​ខ្លួន អ្នក​ទាំងពីរ​ក៏​ប្តេជ្ញា​បង្កើត​កំណត់ត្រា​ដែរ​ក្នុងនោះ Eko Roni ចង់​ក្លាយជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាច​យកឈ្នះ ចាន់ រតនា បន្ទាប់ពី​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​បរាជ័យ​។ ចំណែក ចាន់ រតនា ចង់​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី​របស់ខ្លួន​។​
​តាមរយៈ​ការដង្ហោយហៅ​រក​ដៃគូ​នេះ ជើង​ខ្លាំង Saputra ទន្ទឹងរង់ចាំ​ការឆ្លើយតប​របស់​ជើង​ខ្លាំង​គុន​ខ្មែរ ចាន់ រតនា ថា​តើ​ទទួលយក​ឬ​ចង់​ជួប​ដៃគូ​ផ្សេង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម