Connect with us

ព័ត៌មានជាតិ

ស្តាប់មូលហេតុមិនជ្រើសរើស Jordan Pisey កីឡាករលោតទឹកអាមេរិក ដើមកំណើតខ្មែរ មកជួយដល់ កម្ពុជា ?

បានផុស

នៅ

លោក Jordan Pisey Windle កីឡាករ​លោតទឹក​ជម្រើស​ជាតិ​អាមេរិក ដើមកំណើត​ខ្មែរ បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០​ ម៉ែត្រ នៃ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 2020) នៅ​ប្រទេស​ជប៉ុន​ហើយ ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ឈរ​លេខ​រៀង​ទី​ ៩ កាលពី​ព្រឹក​ថ្ងៃ​ទី​ ០៧ ខែ​សីហា ឆ្នាំ ​២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ្ញាសា​លោតទឹក​កម្ពស់ ១០ ​ម៉ែត្រ នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ១ រសៀល​នេះ​(​ម៉ោង​នៅ​កម្ពុជា​) នៅ​មជ្ឈមណ្ឌល​ហែល​ទឹក Tokyo Aquatics Center។​

ទាក់ទង​នឹង​លើកឡើង​របស់​មនុស្ស​មួយចំនួន​ដែល​ថា Jordan​ គឺជា​កូន​ខ្មែរ​ដែរ ហេតុអ្វី​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ជ្រើសរើស​គាត់​មក​ជួយ​ដល់​ កម្ពុជា សម្រាប់​ការប្រកួត​អន្តរជាតិ​?

លោក ហែម គី​រី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ បញ្ជាក់​ថា ទោះបីជា ​Jordan គឺជា​កូន​ខ្មែរ​ក៏​ពិត​មែន ​ប៉ុន្តែ​គាត់​ទទួល​បាន​ការ​បីបាច់​ថែរក្សា រីក​ធំធាត់​ និង ​រៀន​ហែល​ទឹក​ នៅ​សហរដ្ឋ​អាមេរិក ​ដែល​ចិញ្ចឹម​ដោយ​ឪពុក​របស់​គាត់​ជា​ជនជាតិ​អាមេរិក។ ​បញ្ហា​នេះ​ ក៏​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សាមីខ្លួន និង ក្រុម​គ្រួសារ​គាត់​ដែរ​។

Jordan ធំធាត់​នៅ​អាមេរិក ហ្វឹកហាត់​កីឡា​លោតទឹក​នៅ​អាមេរិក ឪពុក​របស់​គាត់​គឺជា​ជនជាតិ​អាមេរិក ហើយ​យើង​ទើបនឹង​ឃើញ Jordan កាលពី​ឆ្នាំ​ ២០១៥-២០១៦ ​នេះ​ទេ។ ​ពេលនោះ គាត់​មក​កម្ពុជា​ ក្នុង​គោលបំណង​មក​លេង​ស្រុកកំណើត​នៅ​ខ្មែរ ព្រោះ Jordan ត្រូវ​បាន​យក​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំងតែ​ពី​មាន​អាយុ ​១៨ ​ខែ​មក​ម្ល៉េះ។

កាលនោះ ឪពុក​របស់ Jordan បាន​បញ្ជាក់​ថា ត្រូវការ​ឲ្យ​កូន​គាត់​ជាប់​ជា​ជម្រើស​ជាតិ​អាមេរិក​សិន និង​បាន​ចូលរួម​ប្រកួត​អូឡាំពិក​ហ្គេម ទីក្រុង​តូក្យូ ឆ្នាំ​ ២០២០ នេះ​សិន ហើយ​ទើប​អាច​ពិភាក្សា​គ្នា​បន្ត​ទៀត​។

ការ​ហ្វឹកហាត់ ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​ គឺជា​ការ​រ៉ាប់រង​របស់​ឪពុក​គាត់​ ហើយ​ពេល​គាត់​ជាប់​ជម្រើស​ជាតិ​ទៅ ​ទើប​គាត់​អាច​ទទួលបាន​ការជួយ​ទំនុកបម្រុង​ពី​រដ្ឋាភិបាល​របស់​គាត់។

លោក ហែម​ គី​រី​ ពន្យល់​ថា បើកាលណា​កីឡាករ​ណា​ម្នាក់​លេង​តំណាង​ឲ្យ​ជាតិ​ណាមួយ​ហើយ គឺ​កីឡាករ​ជម្រើស​ជាតិ​រូប​នោះ​មាន «​សញ្ជាតិ​កីឡា » នៃ​ប្រទេស​នោះ​ហើយ​។ ជាក់ស្តែង​ដូច​ជម្រើស ជាតិ​លោតទឹក Jordan មាន «​សញ្ជាតិ​កីឡា​» អាមេរិក ហើយ​ប្រសិនបើ Jordan ចង់​លេង​តំណាង​ឲ្យ​ជាតិខ្មែរ​វិញ គឺ​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​របស់​គេ ជាពិសេស​ គឺ​អនុវត្ត​ទៅតាម​គោលការណ៍​នានា​របស់​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) តែម្ដង​។ ដូច្នេះ តាម​អ្វី​ដែល​យើង​ធ្លាប់​ជជែក​គ្នា គឺ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ ចង់បាន​កីឡាករ​ដ៏​ឆ្នើម​រូប​នេះ​ មក​ជួយ​ដល់​កីឡា​លោត​ទឹក​កម្ពុជា រីឯ​សាមី​ខ្លួន Jordan ក៏​មាន​ឆន្ទៈ​ខ្ពស់​ចង់​មក​ជួយ​ចូលរួម​ដល់​ការប្រកួត​តំណាង​ឲ្យ​ជាតិ​កម្ពុជា ប៉ុន្តែ​វា​អាស្រ័យ​ទៅលើ​នីតិវិធី​នានា​របស់​អន្តរជាតិ​។

ជា​កីឡាករ​ជម្រើស​ជាតិ​ម្នាក់ ​អាច​មាន​សញ្ជាតិ​កីឡា​ពីរ​បាន ប៉ុន្តែ​ជម្រើស​ជាតិ​រូប​នោះ​អាច​លាលែង​ពី​សញ្ជាតិ​ ១ ​ក្នុង​កីឡា​។​ ឧទាហរណ៍​ថា គាត់​គឺជា​កីឡាករ​ជម្រើស​ជាតិ​អាមេរិក គាត់​ត្រូវ​លាលែង​សញ្ជាតិ​កីឡា​អាមេរិក​ពេល​គាត់​មកលេង​តំណាង​ឲ្យ​កម្ពុជា ដោយ​ត្រូវ​ហ្វឹកហាត់​នៅ​កម្ពុជា រស់នៅ​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ ឲ្យ​ស្របតាម​គោលការណ៍​អន្តរជាតិ​ជាដើម​។

លោក​អគ្គលេខាធិការ​ បន្ត​ថា សម្រាប់ ​Jordan ដែល​បច្ចុប្បន្ន​ជា​ជម្រើស​ជាតិ​អាមេរិក មិនមែន​មាន​ន័យ​ថា ជា​ការ​បិទ​ផ្លូវ​ក្នុង​ការ​ក្លាយ​ខ្លួន​មក​ជា​ជម្រើស​ជាតិ​លោតទឹក​កម្ពុជា​នោះ​ទេ​។ ជា​រួម ​វា​សំខាន់​បំផុត​ទៅលើ​ការសម្រេចចិត្ត​របស់​សាមី​ខ្លួន និង​ ក្រុម​គ្រួសារ​គាត់ បើ​គាត់​ឯកភាព នោះ​យើង​នឹង​រិះរក​មធ្យោបាយ​ទាំង​អស់​គ្នា ហើយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការ​ទទួល Jordan មក​ជួយ​ដល់​ការប្រកួត​លើ​ឆាក​អន្តរជាតិ នា​ថ្ងៃ​អនាគត​។

ក្នុង​នោះ ក៏​មិនមែន​សាមី​ខ្លួន សហព័ន្ធ​ ធ្វើ​តែ​ម្នាក់​ឯង​ដែរ គឺ​ត្រូវ​ពិភាក្សា​គ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា ​ក្រសួង​អប់រំ យុវជន ​និង​ កីឡា និង​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រមទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣២ ឆ្នាំ ​២០២៣ (CAMSOC) ផង​ដែរ។​

សូម​រំលឹក​ឲ្យ​ដឹង​ថា ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​មាន​បេក្ខភាព ១៨​ នាក់​នេះ ក៏​មិន​ខុស​ពី​ការប្រកួត​ជម្រុះ​បឋម​ដែរ ដោយ​កីឡាករ​ម្នាក់ៗ ត្រូវ​ធ្វើ​ការប្រកួត ៦ ​ជុំ ដើម្បី​សន្សំ​ពិន្ទុ ហើយ​កីឡាករ​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ ១២ នាក់ នឹង​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ជា​លទ្ធផល​កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រះសីហនុ Jordan Pisey Windle បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៩ ក្រោយ​រក​បាន ៤០៩.៨០ ​ពិន្ទុ ខណៈ​កីឡាករ​ចិន Cao Yuan ដែល​រក​ពិន្ទុ​បាន ៥១៣.៧០​ ឈរ​កំពូល​តារាង​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម