Connect with us

កីឡា

៣​គូ​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ការប្រកួត​ថ្ងៃ​សុក្រ​នេះ

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​ស៊េរី BATTLEGROUND ទី​៣​នឹង​បញ្ចប់​នា​ថ្ងៃ​សុក្រ ទី​២៧ ខែសីហា​នេះហើយ​ដែលមាន​គូប្រកួត​សំខាន់​ចំនួន​៦​គូ ប៉ុន្តែ​សូម​លើកយក​គូប្រកួត​សំខាន់​៣​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​។

ទី​១៖ គូ​ឯក​ខ្លា​ចាស់​រៀមច្បង Sitthichai ប៉ះ​សិស្ស​ប្អូន Tawanchai

​សម្រាប់​ការប្រកួត​គូ​ឯក​ប្រចាំ​រាត្រី​រវាង​ជើង​ខ្លាំង​រៀមច្បង Sitthichai និង​ប្រុស​ស្អាត Tawanchai ពិត​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​។ មិន​ត្រឹមតែ​អ្នកគាំទ្រ​នៅ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​ចាប់អារម្មណ៍​ខ្លាំង​ដែរ​។

Sitthichai បាន​ចូល​ប្រឡូក​ប្រដាល់​មួយ​ថៃ​យូរ​មក​មុន​ពេល​ចាប់​អាជីព​ប្រដាល់​ឃី​ក​បុក​សី​ង​។ សម្រាប់​ជំនាញ​ឃី​ក​បុក​សី​ង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​ផ្តល់​ឲ្យ​រូបគេ​ទទួលបាន​ឱកាស​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ច្រើនណាស់​ដូចជា​ចិន និង​ជប៉ុន​ជាដើម​។ ជា​មួយគ្នានេះ​ រូបគេ​បានឈ្នះ​ជើងឯក​ឃី​ក​បុក​សី​ង​ពិភព Glory និង​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការប្រកួត​ថ្ងៃ​សុក្រ​នេះ​អាច​ចាត់ទុកថា​ជា​ឱកាស​ធំ​ដើម្បី​ឆ្ពោះទៅ​គោលដៅ​ចុងក្រោយ ពីព្រោះ​កម្មវិធី​បាន​រៀបចំ​ទុកជា​ស្រេច​ហើយ​។ ប្រសិនបើ​រូបគេ​ទទួល​បាន​ជ័យជម្នះ​នឹង​បោះជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ONE Featherweight ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ដែលជា​មិត្ត​រួម​ជាតិ Petchmorakot​។

ចំណែក​កីឡាករ​វ័យ​ល្បី​ទាត់​ធ្ងន់ Tawanchai ល្បីល្បាញ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​រូបគេ​មិនសូវ​បាន​ចេញ​ទៅ​ប្រកួត​ក្រៅប្រទេស​ច្រើន​ឡើយ​។ តាមរយៈ​រូបរាង​សង្ហា និង​វ៉ៃ​ពោរពេញ​ដោយ​បច្ចេកទេស រូបគេ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ណាស់​ពី​អ្នកគាំទ្រ​។

មិន​ខុសពី​ដៃគូ​ទេ ប្រុស​ស្អាត Tawanchai ក៏​ជា​ឱកាស​ធំ​សម្រាប់​ការប្រកួត​នេះដែរ​។ រូបគេ​ត្រៀប​ផ្គូផ្គង​ជាស្រេច​ហើយ​ថា ប្រសិនបើ​ទទួលបាន​ជ័យជម្នះ​នឹងត្រូវ​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​មិត្ត​រួម​ជាតិ Nong-O ប៉ុន្តែ​រូបគេ​ក៏​អាច​សម្រេចចិត្ត​ទៅ​ប្រកួត​ជាមួយ Petchmorakot បានដែរ​។

ទី​២៖ ខ្លា​ចាស់​អាយុ​៤២​ឆ្នាំ​ថៃ Dejdamrong ប៉ះ​ជើង​ខ្លាំង​ចិន​វ័យក្មេង Banma លើក​ទី​៣

​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​កីឡាករ​ចាស់វស្សា​អាយុ​៤២​ឆ្នាំ​របស់​ថៃ Dejdamrong ទទួលបាន​ឱកាស​ប្រកួត​ជាមួយ​កីឡាករ​វ័យក្មេង​របស់​ចិន Bunma Duoji ដល់ទី​៣​ដង​។ តែ​នេះ​ជា​សមត្ថភាព​ពិតៗ​។

គេ​នៅ​ចាំបាន​ថា ការជួបគ្នា​លើក​ទី​២​កាលពី​ឆ្នាំ​២០១៨ ជើង​ខ្លាំង​វ័យ​២៤​ឆ្នាំ​របស់​ចិន Bunma Duoji បាន​ផ្តួល​ខ្លា​កំណាច​របស់​ថៃ Dejdamrong ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​តាមរយៈ​កណ្តាប់ដៃ​។ នៅ​ឆ្នាំ​២០១៩​ពួកគេ​ជួបគ្នា​ជា​លើក​ទី​២​ហើយ​ពេលនោះ​ខ្លា​ចាស់ និង​ជា​គ្រូបង្ហាត់​ប្រដាល់​នៅ​សិង្ហ​បុរី​សងសឹក​វិញ​បានសម្រេច​ដោយ​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​ដោយ​រន្ទះ​ជើង​។

ដូច្នេះ​ជំនួប​គ្នា​លើក​ទី​៣​គឺ​ដើម្បី​ជម្រះបញ្ជី​ឲ្យ​ដាច់​ស្រឡះ​ថា នរណា​ជា​ខ្លា​កំណាច​នៅ​លើ​សង្វៀន​ពិតប្រាកដ​។ អ្នកគាំទ្រ​ប្រហែលជា​គិតក្នុងចិត្ត​ថា គូ​នេះ​នឹង​មិន​ចប់​៣​ទឹក​ទេ​។ ច្បាស់​ជា​មាន​ម្នាក់​សន្លប់​ដូច​ពីរលើក​មុន​។

ទី​៣៖ ជើង​ខ្លាំង​កូរ៉េ Dae Hwan Kim ប៉ះ​តារា​កំពុង​រះ​ចិន Xie Wei

វា​កាន់​ច្បាស់​មាន​ដើរ​ធំ​ទូលាយ​សម្រាប់​អ្នក​ប្រដាល់​ចិន​កំពុង​ល្បី Xie Wei បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​មុនពេល​ជួប Dae Hwan Kim​។ កីឡាករ​ចិន​ម្នាក់នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​នៅ​ផ្តួល​ជើង​ខ្លាំង​លេខ​១​កម្ពុជា ចាន់ រតនា នៅ​ចុង​ទឹក​ទី​៣ និង​បន្ត​ឈ្នះ​កីឡាករ​ឥណ្ឌា Kantharaj Agasa​។ ប្រសិនបើ​ឈ្នះ​ការប្រកួត​នេះ រូបគេ​អាច​នឹង​ឃើញ​ផ្លូវ​វ៉ៃ​ខ្សែក្រវាត់​ពិភពលោក​។

ចំណែក​អ្នកលេង​គុន​ចម្រុះ​កូរ៉េ Dae Hwan Kim ត្រូវបាន​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ម្នាក់ និង​ឆ្លងកាត់​ដៃគូ​ខ្លាំងៗ​នៅលើ​សង្វៀន​ជាច្រើន​នាក់​មកហើយ​។ ដូច្នេះ​ការជួប Xie Wei ហាក់​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ព្រោះ​រូបគេ​ពូកែ​ជំនាញ​ក្រោម ខណៈ​កីឡាករ​ចិន​ពូកែ​កណ្តាប់ដៃ​វ៉ៃ​ឈរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម