Connect with us

កីឡា

សហព័ន្ធនឹងព្យាយាមផ្គូផ្គងកីឡាករប្រដាល់សកលអាជីព ឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា បន្ទាប់ពីសន្លប់ច្រើន

បានផុស

នៅ

​ព្រឹត្តិការណ៍​កីឡា​ប្រដាល់សកល «ULTIMATE BOXING CHAMPIONSHIP 2021» បានចាប់ផ្តើម​ប្រកួត​សប្តាហ៍​ទី​១ កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ក្លិប​ប្រដាល់​របស់​នាយកដ្ឋានអង្គរក្ស ដែល​នេះ​ជាការ​បោះជំហាន​ប្រកបដោយ​ក្តីសង្ឃឹម ដើម្បី​គោលដៅ​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​និយាយ​ឲ្យ​ដឹង​ បន្ទាប់ពី​ការបញ្ចប់​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​ថា ដោយសារ​ការប្រកួត​សប្តាហ៍​ដំបូង​នេះ មាន​គូប្រកួត​មួយចំនួន​មាន​កម្រិត​បច្ចេកទេស​ខុស​ឆ្ងាយ​បន្តិច ហើយ​នៅពេល​ខាងមុខ សហព័ន្ធ​នឹង​ព្យាយាម​រៀបចំ​ផ្គូផ្គង​ចាប់​គូ​ឲ្យ​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​ល្អមើល ហើយ​កាត់បន្ថយ កុំ​ឲ្យ​សន្លប់​ច្រើនពេក ដោយសារ​កម្រិត​បច្ចេកទេស​ខុសគ្នា​ឆ្ងាយ​ពេក​។​

​ទោះជា​យ៉ាងណា លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា យើង​សង្កេតឃើញថា ការប្រកួត​បាន​ដំណើរការបាន​ដោយ​រលូន​ហើយ ទោះបី​ជាមាន​បញ្ហា​រអាក់រអួល​បន្តិចបន្តួច​លើ​ការរៀបចំ​ផ្នែក​បច្ចេកទេស​ក៏ដោយ ក៏​យើង​សង្កេតឃើញថា​កីឡាករ កីឡាការិនី បាន​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​របស់​ខ្លួន​។ «​យើង​ជឿជាក់ថា ការប្រកួត​លើក​ក្រោយ​យើង​នឹង​ព្យាយាម​កែលម្អ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ដែល​យើង​ទទួលស្គាល់​នៅពេល​នេះហើយ ​យើង​នឹង​បន្ត​រៀបចំ​កាន់តែ​ល្អ ដើម្បី​ទាក់ទាញ​មហាជន​ឲ្យ​ចូលរួម​គាំទ្រ​ឲ្យ​បាន​កាន់តែច្រើន ក្នុង​គោលដៅ​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ជាពិសេស​គឺ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​តែម្តង​»​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍​ទី​១​នេះ ដែលមាន​៦​ប្រកួត ក្នុងនោះ​គូ​ទី​១​អ្នក​ប្រដាល់ ថា រី​វ៉ា ក្លិប​នាគរាជ​មានជ័យ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ រិ​ទ្ធ មករា ក្លិប​គុជ​សារ ដែល​គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម ។​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៩​គីឡូក្រាម​ដែរនោះ ​អ្នក​ប្រដាល់​ អំ ខេ​ម ​ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​លី ប៊ុនហួរ ក្លិប​មី​ស្ទ័​រលី​ខេត្តសៀមរាប។​

អ្នក​ប្រដាល់ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ សៅ រង្ស៊ី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ដោយ​គូ​នេះ​ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម។​ អ្នក​ប្រដាល់​អ៊ូច ធា​រិ​ទ្ធ ក្លិប​គុជ​សារ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ពេជ្រ សំរិទ្ធ ក្លិប​អា​រុណ​រះ​កីឡា​ដោយ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម ។​

ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​អ្នក​ប្រដាល់​អូ​ច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ស៊ឹម ពិសិដ្ឋ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ចំពោះ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​វិញ​នោះ​អ្នក​ប្រដាល់ សែត សារិទ្ធ ក្លិប​នាគរាជ​មានជ័យ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ម៉ាង ព្រហ្ម​ម៉ាញ​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ។​

ថ្លែងប្រាប់ក្រោយ​បញ្ចប់​ការប្រកួត​លោក ​ប៊ុ​យ សោ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា​បញ្ជាក់ថា ការប្រកួត​គឺ​កីឡាករ​បាន​ប្រកួត​ដោយ​អស់ពី​សមត្ថភាព​ហើយ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា ការប្រកួត​ពិតជា​មាន​ការ​សន្លប់​ច្រើន​ដោយសារតែ​សមត្ថភាព​ខុសគ្នា​តែ​សហព័ន្ធ​នឹង​បង្កើត​នូវ​គណៈកម្មការ​ផ្គូផ្គង​ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​អស្ចារ្យ។​ ​លោក​បញ្ជាក់ដែរថា នេះ​ជាការ​ប្រកួត​ដែលមាន​សារសំខាន់​ព្រោះ​វា​ជា​ឱកាស​សម្រាប់​ដុសខាត់​សមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​ខ្ពស់​ហើយ​សម្រាប់​ថ្ងៃ​អនាគត​ប្រសិនបើ​កូ​វីដ ១៩​ថមថយ​ធូរស្រាល​នោះ​សហព័ន្ធ​នឹង​បើក​ឲ្យ​ទស្សនិកជន​បាន​ចូល​ទស្សនា​ហើយ​សហព័ន្ធ​នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ទៀតផង៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម