Connect with us

កីឡា

ដើម្បី​ក្តី​ស្រមៃ​កីឡាប្រដាល់ Julie ចោ​ល​ការសិក្សា លែងលះ​ប្តី ចោល​ហាង​ភី​ហ្សា​

បានផុស

នៅ

ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ កីឡាការិនី Julie Mezabarba បាន​តស៊ូ និង​លះបង់​ច្រើនណាស់​។

កីឡាការិនី​ប្រេ​ស៊ី​ល​អាយុ​២៨​ឆ្នាំ​បាន​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Grand Prix ដោយ​ត្រូវ​ជួប​កីឡាការិនី​ថៃ Stamp Fairtex នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN នា​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា​នេះ​។

​នាង​បាន​រៀបរាប់​ថា «​ការចុះ​កុងត្រា​ចូល​ស្ថាប័ន ONE ហើយ​កូនប្រុស​បានផ្តល់​កម្លាំង​ចិត្ត​ខ្ញុំ​ខ្លាំងណាស់​ដើម្បី​ស្វែងរក​បំពេញ​ក្តី​ស្រមៃ​។ ឥឡូវនេះ ខ្ញុំ​ឃើញ​ផ្លូវ​ដើរ​ត្រូវ​ហើយ​»​។

​នាង Mezabarba ធំ​ដឹងក្តី​នៅ Jardim America ដែលជា​សហគមន៍​ក្រីក្រ​មួយ​នៅក្នុង​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។ ឪពុក​របស់​នាង​បាន​ស្លាប់ចោល​តាំងពី​នាង​ទើប​អាយុ​២​ឆ្នាំ ហើយ​ម្តាយ​មេម៉ាយ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយមាន​ហាង​នំ​ភី​ហ្សា​មួយកន្លែង​។

នាង​និយាយ​ថា «​ពេលទំនេរ ខ្ញុំ​មិនដឹង​ធ្វើ​អ្វី ហើយ​ខ្ញុំ​ក៏​ចាប់ផ្តើម​លើក​ទម្ងន់ តែ​ខ្ញុំ​អត់​ចូលចិត្ត​។ បន្ទាប់មក ខ្ញុំ​មើលឃើញ​កីឡាប្រដាល់ ហើយ​ចូលចិត្ត​។ ពេលនោះ​ខ្ញុំ​ចាប់ផ្តើម​ហាត់​ជាមួយ​លោកគ្រូ​គុន​ចម្រុះ Renato Dominguez»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​កន្លែង​ហាត់​ប្រដាល់​នោះ​ដែល​ធ្វើ​ឲ្យ Mezabarba បាន​ជួប​អតីត​ស្វាមី និង​មាន​ផ្ទៃពោះ​រហូត​សម្រាល​បានកូន​ប្រុស​ម្នាក់​ដាក់ឈ្មោះ Lorenzo នៅពេល​នាង​ទើប​អាយុ​បាន​២៣​ឆ្នាំ​។ ដោយសារ​នាង​ផ្តោត​ទាំងស្រុង​លើ​កីឡា​បានធ្វើ​ឲ្យ​នាង​មាន​បញ្ហា​ជាមួយ​ស្វាមី​រហូត​លែងលះគ្នា ប៉ុន្តែ​នាង​មិន​ចោល​អាជីព​ប្រដាល់​ឡើយ​។

Mezabarba និយាយ​ពី​អតីត​ប្តី​ថា «​ពេល​ខ្ញុំ​ចាប់ផ្តើម​ប្រកួត​ឈ្នះ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជាមួយ​ប្តី។ ញឹកញាប់​ណាស់ គាត់​ព្យាយាម​បញ្ឈប់​ការ​ផ្តោតលើ​កីឡា​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​សាង​វិថី​កីឡា​គុន​ចម្រុះ​បាន តែ​គាត់​មិន​ព្រម​។ ដូច្នេះ គាត់​មាន​ផ្លូវ​របស់គាត់ យើង​បែក​គ្នា​។ ក្នុងនាម​ជា​ម្តាយ​មេម៉ាយ​កូន​មួយ​វា​មិន​ស្រួល​ទេ តែ​អរគុណ​ព្រះ​ជា​ម្ចាស់ និង​គ្រួសារ ពិសេស​កូនប្រុស​ខ្ញុំ​មិន​រំខាន​ខ្ញុំ​ឡើយ​»​។

នាង​បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​លះបង់​ច្រើនណាស់​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ដែល​ខ្ញុំ​ជឿថា អាចធ្វើ​បាន​។ ខ្ញុំ​បាន​បោះបង់ចោល​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ ខ្ញុំ​លះបង់​ហាង​ភី​ហ្សា​របស់​ម្តាយ​ដែលមាន​ប្រាក់ចំណូល​ល្អ ពីព្រោះ​ម៉ាក់​និយាយថា ឲ្យ​ខ្ញុំ​គ្រប់គ្រង​ហាង​នំ​ភី​ហ្សា​»​។

ការលះបង់​របស់ Mezabarba មាន​កត្តា​តែមួយគត់​ជះឥទ្ធិពល​លើ​ចិត្ត​របស់​នាង​គឺ​កីឡាប្រដាល់​។ បន្ទាប់ពី​ចេញ​ប្រកួត​ទទួលបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់ នាង​បានសម្រេច​ចុះ​កុងត្រា​ចូល ONE Championship នៅ​ដើមឆ្នាំ​២០២១​នេះ​។

ការឡើង​ប្រកួត​លើកដំបូង​របស់​នាង​គឺ​បានឈ្នះ​កីឡាការិនី​ជប៉ុន Mei Yamaguchi សម្រាប់​ការប្រកួត​បម្រុង​កម្មវិធី​ខ្សែក្រវាត់ Grand Prix​។ នៅពេល​កីឡាការិនី​កូរ៉េខាងត្បូង Ham Seo Hee បាន​ដកខ្លួន នាង​ត្រូវបាន​ដាក់ជំនួស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ជួប​ក្រមុំ​ថៃ Stamp​។

នាង​និយាយ​ថា «​ប្រសិនបើ​ឈ្នះ Stamp នឹង​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​។ ខ្ញុំ​នឹង​ផ្តោតលើ​ការហ្វឹកហាត់​កាន់តែខ្លាំង ហើយ​ជួយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ពី​ការឡើង​សង្វៀន​»​។

«​ខ្ញុំ​សង្ឃឹមថា ប្រវត្តិ​ប្រដាល់​របស់ខ្ញុំ​ជួយ​ជំរុញ​លើកទឹកចិត្ត​ដល់​ក្មេងស្រី​ជំនាន់​ក្រោយ ហើយ​បង្ហាញថា នារី​ក៏​អាច​ចាប់អារម្មណ៍​កីឡា​គុន​ចម្រុះ ឬ​កីឡា​ផ្សេងៗ​ឡើង​ឈានដល់​កម្រិត​កំពូល​បានដែរ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម