Jenelyn Olsim គ្រោងធ្វើឲ្យភ្ញាក់ផ្អើលខ្សែក្រវាត់ Grand Prix វគ្គ១/២ផ្តាច់ព្រ័ត្រស្អែក
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Jenelyn Olsim គ្រោងធ្វើឲ្យភ្ញាក់ផ្អើលខ្សែក្រវាត់ Grand Prix វគ្គ១/២ផ្តាច់ព្រ័ត្រស្អែក

បានផុស

នៅ

ថ្វីបើទើបទទួលបានដំណឹងឲ្យចូលរួមប្រកួតមុនត្រឹមតែ៤ថ្ងៃ ប៉ុន្តែអ្នកលេងគុនចម្រុះហ្វីលីពីន Jenelyn Olsim មានអ្វីដែលពិសេសប្លែកនឹងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសម្រាប់ការប្រកួតថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាការិនី​ហ្វីលីពីន Olsim ត្រូវ​ប្រឈម​នឹង​ខ្លា​ញី​ឥណ្ឌា Ritu Phogat ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Grand Prix នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: NEXTGEN ថ្ងៃ​សុក្រ ទី​២៩ ខែតុលា​នេះ​។ តាមពិតទៅ Olsim ទើប​ទទួលបាន​ដំណឹង​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ខ្សែក្រវាត់​នេះ ​កាលពី​ថ្ងៃអង្គារ​ក្នុង​សប្តាហ៍​នេះ​ ពោលគឺ​មុន​៤​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាការិនី​ជប៉ុន Itsuki Hirata បាន​ដកខ្លួន​ចេញ​កាលពីដើម​សប្តាហ៍​នេះ​ដោយសារ​ខ្លួន​ឡើងក​ម្តៅ​ខ្លាំង ប៉ុន្តែ​មិនមែន​ឆ្លង​កូ​វីដ​-១៩​ទេ​។

​កីឡាការិនី​ហ្វីលីពីន​បាន​និយាយថា ៖«​ខ្ញុំ​មិន​រំពឹងថា​ទទួលបាន​ដំណឹង​ចូលរួម​ប្រកួត​យ៉ាងខ្លី​បែបនេះ​ទេ​។ រយៈពេល​ខ្លី​ហើយ ប្រកួត​ខ្សែក្រវាត់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទៀត​។ នេះ​ជា​ឱកាសល្អ​កម្រ​ណាស់​ដែល ONE ផ្តល់​ឲ្យ​ខ្ញុំ​»​។

Jenelyn Olsim បាន​ប្រកួត​នៅ​ស្ថាប័ន​ប្រដាល់​ពិភពលោក​នេះ​ពីរលើក​ហើយ​ក្នុងនោះ​លើក​ទី​១​បញ្ឈប់ Maira Mazar និង​លើក​ទី​២​ឈ្នះ​ពិន្ទុ Bi Nguyen​។ សម្រាប់​ការប្រកួត​ខាងមុខនេះ Olsim បាន​និយាយថា ៖«​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ជឿជាក់ និង​ហ្វឹកហាត់​រាល់ថ្ងៃ​តាំង​ពីមុន​ទទួលបាន​ឱកាស​លើក​នេះ​ម្ល៉េះ​។ ខ្ញុំ​ជឿថា ខ្ញុំ​អាច​ប្រកួត​ជាមួយ​នរណា​ក៏បាន​ឲ្យ​ផ្គូផ្គង​ជាមួយ​ខ្ញុំ​»​។

«​ខ្ញុំ​ពិតជា​រំភើប​រីករាយ​។ វា​ក៏មាន​សម្ពាធ​ខ្លះ​ដែរ​ក្នុង​ការប្រកួត​ខ្សែក្រវាត់ Grand Prix ហើយ​ខ្ញុំ​ត្រូវ​ប៉ះ Ritu​។ ខ្ញុំ​ចូលចិត្ត​គាត់ ហើយ​ខ្ញុំ​មានការ​ជំរុញ​ទឹកចិត្ត​តាមរយៈ​ភាពយន្ត​រឿង ‘Dangal’​របស់គាត់ ដូច្នេះ​មាន​សម្ពាធ​ខ្លះ​ហើយ តែ​ខ្ញុំ​ពេញចិត្ត​»​។ Olsim និយាយថា ៖«​ទទួលស្គាល់ថា ជំនាញ​ចំបាប់​របស់គាត់​ល្អ តែ​ខ្ញុំ​អាច​ដោះស្រាយបាន​។ ខ្ញុំ​ចង់​បញ្ជាក់ថា ខ្ញុំ​មិនមែនជា​អ្នក​ជម្រើស​ចុងក្រោយ​នោះទេ​។ ខ្ញុំ​គិតថា មាន​ក្បាច់​ក្រោម​ដោះស្រាយ​ចំបាប់​គាត់​បាន​»​។​

​មែនទែនទៅ ពីរ​ប្រកួត​ដែល​ទទួលបាន​ជ័យជម្នះ​កន្លងមក​ គឺ​ជួប​ដៃគូ​ដែលមាន​សមត្ថភាព​ក្បាច់​ក្រោម​ល្អៗ ដូច្នេះ​ការជួប Ritu ដែល​ល្អ​ចំបាប់​ក៏​គ្មាន​បញ្ហា​សម្រាប់ Olsim ដែរ ហើយ​រឹតតែ​ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត​ទៅវិញ​។

​នាង​និយាយថា ៖«​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង ដូច្នេះហើយ​បានជា​ខ្ញុំ​ហ៊ាន​និយាយ​។ អ្នក​គ្រប់គ្នា​នឹង​ភ្ញាក់ផ្អើល ហើយ​ខ្ញុំ​មិន​ទុក​ឲ្យ​ចៅក្រម​ជា​អ្នក​កាត់សេចក្តី​ទេ​។ ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​នឹង​បញ្ឈប់​ការប្រកួត​នេះ ​គឺអាច​ប្រើ​ក្បាច់​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត ឬ​ផ្តួល​ឲ្យ​សន្លប់​តែម្តង​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services