Connect with us

កីឡា

CAMSOC អំពាវនាវពលរដ្ឋជនពិការ ចូលហ្វឹកហាត់ ត្រៀម អាស៊ានប៉ារ៉ាហ្គេម ២០២៣

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានចាត់ទុកថា ប្រភេទកីឡាជនពិការធ្លាប់មានសក្តានុពលខ្លាំងក្លា ដោយធ្លាប់ឈ្នះមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ ជាច្រើនព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នាពេលកន្លងមក ប៉ុន្តែយើងកំពុងពង្រឹងសមត្ថភាពបន្ថែម ដើម្បីដណ្តើមកិត្តិយសដ៏ធំធេង ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជនពិការ ឆ្នាំ២០២៣។ ជាមួយគ្នានោះ យើងកំពុងកៀរគរស្វែងរកកីឡាករ កីឡាការិនីជនពិការប្រកបដោយទេពកោសល្យ និងឆន្ទៈមោះមុតបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានធ្វើការអំពាវនាវបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។

លោកអគ្គលេខាធិការ បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋជាជនពិការ ទាំងយុវជន និងអ្នកដែលមានកម្លាំងមាំមួន អាចលេងកីឡាបាន អាចទាក់ទងមក CAMSOC ឬ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិជនពិការ។ យើងនៅខ្វះខាតអត្តពលិកពិការច្រើនទៀត ជាពិសេសគឺកីឡាការិនីពិការនៅមានតិចនៅឡើយ ខណៈកីឡាការិនីពិការភាពនៅក្នុងអាស៊ាន ក៏នៅមានចំនួនតិចតួចនៅឡើយដែរ”។

ជាធម្មតាការប្រកួតកីឡាជនពិការនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ការប្រកួតស៊ីហ្គេមប្រមាណ២សប្តាហ៍ រៀងរាល់២ឆ្នាំម្តង។ លោកវ៉ាត់ ចំរើន បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើកនេះ CAMSOC បានធ្វើផែនការលម្អិត ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជនពិការ ដោយកំណត់ជាគោលការណ៍ចំនួន ១៣ ប្រភេទកីឡា ជាមួយនឹងការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធកីឡាជនពិការ និងការប្រើប្រាស់គណៈកម្មការជំនាញនានារបស់ CAMSOC ដើម្បីបម្រើការរួមគ្នាជាមួយនឹងគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ដោយបានបង្ហាញពីមោទនភាពចំពោះកម្ពុជា ដែលបានទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ បន្ទាប់ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ចំនួន ២ លើកចុងក្រោយនោះ ត្រូវបានលុបចោល។ លោកបញ្ជាក់ថា អាស៊ានប៉ារ៉ាហ្គេម ២ លើកចុងក្រោយ ដែលលុបចោលនោះ គឺទី១ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ កាលពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងលើកទី២ អាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅប្រទេសវៀតណាម នាឆ្នាំ ២០២២ ខាងមុខ។

ដូចនេះ កម្ពុជាពិតជាមានមោទនភាពដែលខ្លួនកំពុងសម្រួចគោលដៅប្រកបដោយភាពជឿជាក់ក្នុងការរៀបចំឡើងវិញ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អាស៊ានប៉ារ៉ាហ្គេម ២ លើកនេះ ម្ចាស់ផ្ទះមិនធ្វើដោយលុបចោលតែម្តង ប៉ុន្តែពេលដល់វេនកម្ពុជា គឺយើងរៀបចំធ្វើ។ លោកអគ្គលេខាធិការ CAMSOC លើកឡើងថា ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេស ផ្តល់គ្រូបង្វឹកបរទេស ការផ្គត់ផ្គង់ ក៏ដូចជាការឧបត្ថម្ភលើកទឹកចិត្តសម្រាប់ប្រភេទកីឡាជនពិការ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្គត់ផ្គង់ជូនដូចគ្នា ជាមួយនឹងប្រភេទកីឡាមិនពិការដែរ។

ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ធ្វើយ៉ាងណាជំរុញឱ្យព្រឹត្តិការណ៍កីឡាជនពិការនេះ មានសមភាពដូចគ្នានឹងកីឡាមិនពិការ ព្រមទាំងសម្រួចគោលដៅការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ដូចគ្នានឹងស៊ីហ្គេមលើកទី ៣២ ដែរ៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម