Connect with us

កីឡា

ម្ចាស់ខ្សែ​​ក្រវាត់​ពិភព​លោក​​​កណ្តាប់​​ដៃ​​ធ្ងន់​កំពូល​ទាំង​១០​រូប​ឆ្នាំ​២០២១

បានផុស

នៅ

កំពូល​អ្នក​ប្រដាល់​សកល​លើ​លោក​ដូច​ជា Muhammad Ali, Mike Tyson, Tommy Hearns, George Foreman និង​ Felix Trinidad ជា​ដើម​​​​ជា​កំពូល​អ្នក​មាន​កណ្តាប់​ដៃ​ធ្ងន់​បំផុត​កាល​ពី​អតីត​កាល។

ប៉ុន្តែ​​សម្រាប់​កំពូល​អ្នក​ប្រដាល់​សកល​សម័យ​ទំនើប​នេះ​វិញ​ដែល​កំពុង​នៅ​អង្រួន​សង្វៀន​សព្វ​ថ្ងៃ​នេះ តើ​នរណា​​មាន​​កណ្តាប់​ដៃ​មហា​ទម្ងន់​ប្រចាំ​ឆ្នាំ​២០២១​? បន្ទាប់​ពី​ជើង​ខ្លាំង​ម៉ិកស៊ិក Canelo Alvarez ផ្តួល​កីឡាករអាមេរិក Caleb Plant កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ឥឡូវ​នេះ​បញ្ជី​កីឡាករ​ខ្លាំង​កណ្តាប់​ដៃ​ទាំង​១០​រូប​ក្នុង​លោក​ចេញ​ហើយ។

លំដាប់ទី១០៖ អ្នក​ប្រដាល់​អង់គ្លេស​ Anthony Joshua

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​អង់គ្លេស​ទម្ងន់​យក្ស​រូប​នេះ​ធ្លាប់​ប្រកួត​២៦​​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២២​ដង និង​ចាញ់​២​ដង។​ រូប​គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ផ្តួល​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ដូច​ជា Dillian Whyte, Wladimir Klitschko និង​ Alexander Povetkin ឲ្យ​សន្លប់។

លំដាប់​ទី៩៖ អ្នក​ប្រដាល់​​អាមេរិក  Terence Crawford

ប្រកួត​ក្នុង​ទម្ងន់ Welterweight ជើង​ខ្លាំង​រូប​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ ក្រោយ​ប្រកួត​ឈ្នះ​៣៧​ដង ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​២៨​ដង។ ក្នុង​កំណត់​ត្រា​មិន​ទាន់​បរាជ័យ​ម្តង​ណា​សោះ រូប​គេ​បាន​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៨​លើក​ជាប់​គ្នា​គិត​ចាប់​ពី​ឆ្នាំ​២០១៦​មក។

លំដាប់ទី​៨៖ អ្នក​ប្រដាល់​គុយបា Yuniel Dorticos

ប្រកួត​ក្នុង​ទម្ងន់ Cruiserweight ជើង​ខ្លាំង​គុយបា​រូប​នេះ​ប្រកួត​ឈ្នះ​២៦​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២៤​ដង ហើយ​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ។ ចាញ់​២​គឺ​ដោយ​ពិន្ទុ​របស់​កីឡាករ Murat Gassiev និង Mairis Briedis ប៉ុន្តែ​ស្ថិតិ​បញ្ឈប់​ដៃ​គូ​ពាក់​កណ្តាល​ដល់​ទៅ​៨៦​%។

លំដាប់ទី៧៖ អ្នក​ប្រដាល់កាហ្សាស្ថាន Gennady Golovkin

ប្រកួត​ក្នុង​ទម្ងន់ Middleweight ជើង​ខ្លាំង​រូប​នេះ​ប្រកួត​ឈ្នះ​៤១​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៣៦​ដង ហើយ​ស្មើ១​ដង និង​ចាញ់​តែ​១​ដង​គត់។ ពេល​វេលា​ដ៏​លេច​ធ្លោ​បំផុត កីឡាករ​វ័យ​៣៩​ឆ្នាំ​បាន​ប្រកួត​​ឈ្នះ​២៣​លើក​ជាប់​គ្នា និង​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៩​លើក​ជាប់​គ្នា។

លំដាប់ទី​៦៖ អ្នក​ប្រដាល់​អាមេរិក Teofimo Lopez

ថ្វី​បើ​ទើប​អាយុ​២៤​ឆ្នាំ ប៉ុន្តែ​កីឡាករ​ប្រកួត​ក្នុង​ទម្ងន់ Lightweight នេះ​មិន​ទាន់​ស្គាល់​ចាញ់ ឬ​ស្មើ​ឡើង បន្ទាប់​ពី​ឡើង​សង្វៀន​អាជីព​១៦​ដង ឈ្នះទាំង​អស់ ហើយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១២​ដង។ អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ​រូប​គេ​បញ្ចប់​កំណត់​ត្រា​ជ័យជម្នះ​៣២​លើក​ជាប់​គ្នា​របស់​ជើងខ្លាំង Richard Commey ក្នុង​ទឹក​ទី​២។

លំដាប់ទី​៥៖ អ្នក​ប្រដាល់​ម៉ិកស៊ិក Canelo Alvarez

បរាជ័យ​​តែ​១​ដង​គត់ និង​ស្មើ​២​ដង ប៉ុន្តែ​ឈ្នះ​៥៦​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៣៨​ដង។ កីឡាករ​ប្រកួតទម្ងន់ Super-middleweight នេះ​ចាញ់​តែ​១​ដង​គត់​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Floyd Meayweather។ នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​វិច្ឆិកា​នេះ រូប​គេ​ផ្តួល Caleb Plant ក្នុង​ទឹក​ទី​១១។

លំដាប់ទី​៤៖ អ្នក​ប្រដាល់​រុស្ស៊ី  Artur Beterbiev

ឡើង​សង្វៀន​​១៦ដង ឈ្នះ​ទាំង​អស់ ហើយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​អស់​ពិត​ជា​មិន​ធម្មតា​សម្រាប់​កីឡាករ​រុស្ស៊ី​ប្រកួត​ក្នុង​ទម្ងន់ Light-heavyweight នេះ។ និយាយ​ទៅ​ស្ថិតិ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ល្អ​ឥត​ខ្ចោះ​គឺ​១០០​%​តែ​ម្តង។

លំដាប់ទី​៣៖ អ្នក​ប្រដាល់​អាមេរិក Gervonta Davis

ឡើង​សង្វៀន​​២៥​ដង ឈ្នះ​ទាំង​អស់ ហើយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​២៤​​​ក៏​មិនណយដែរ​សម្រាប់សម្រាប់​កីឡាករ​​អាមេរិក​​ប្រកួត​ក្នុង​ទម្ងន់ Lightweight នេះ។

លំដាប់ទី​២៖ អ្នក​ប្រដាល់អាមេរិក Deontay Wilder

ជើង​ខ្លាំង​ទម្ងន់​យក្ស​អាមេរិក​នេះ ស្គាល់​បរាជ័យ​២​ដង និង​​ស្មើ​១ដង ប៉ុន្តែ​ឈ្នះ​៤២​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៤១​ដង​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​ពោល​គឺ​ឈ្នះ​ពិន្ទុ​តែ​ម្តង​គត់។

លំដាប់​ទី​១៖ អ្នក​ប្រដាល់​ជប៉ុន​ Naoya Inoue

វា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ​ដែល​កីឡាករ​ជប៉ុន​ស្ថិត​ក្នុង​លំដាប់​លេខ​១​នៃ​អ្នក​ប្រដាល់​កណ្តាប់​ដៃ​ធ្ងន់​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រកួត​ក្នុង​ទម្ងន់ Bantamweight រូប​គេ​ឡើង​សង្វៀន​២១​ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​១៨ និង​មិន​ដែល​ចាញ់​ឬ​ស្មើ​សោះ​។ រូប​គេ​ផ្តួល​ដៃ​១២​លើក​ជាប់​គ្នា​ចុង​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ talksport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម