Connect with us

កីឡា

ប្រដាល់សកល ដាក់គោលដៅ យកឱ្យបានមេដាយមាស១ នៅស៊ីហ្គេម២០២៣

បានផុស

នៅ

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានបង្ហាញ​នូវ​គោលដៅ​របស់​សហព័ន្ធ សម្រាប់​គោលដៅ​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ​នេះ ដោយប្តេជ្ញាបង្កើនមេដាយ នៅស៊ីហ្គេមនាប្រទេសវៀតណាម នៅឆ្នាំ២០២២ និងគោលដៅ បង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យ​ឈ្នះ​មេដាយ មាស​១​គ្រឿង ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ប្រជែង​មេដាយ​នេះ គឺ​ដោយយោង​ទៅ លើ​ការខិតខំ​យ៉ាងខ្លាំង​ក្លា តាមរយៈ​ការបោះ​ជំរំ​ហ្វឹកហាត់​ត្រៀម​របស់​ក្រុម​ជម្រើស ជាតិ​ប្រដាល់សកល​កម្ពុជា និង​ការបង្កើត​ព្រឹត្តិការណ៍​ប្រដាល់​ថ្មី​មួយ គឺ Ultimate Boxing Championship និង​កំពុង​ស្នើសុំ​ឱ្យមាន​ការប្រកួត​ប្រចាំ​សប្តាហ៍ នៅ ក្នុង​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ តាម​បណ្តា​ស្ថានីយទូរទស្សន៍​នានា នៅក្នុង​ស្រុក​។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អះអាងថា សម្រាប់​ការត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម គឺ​សហព័ន្ធ​ប្រដាល់សកល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ចន្លោះ​ពី​៨​ទៅ​៩​នាក់ នៅក្នុង​ព្រឹត្តិការណ៍ រៀងរាល់​២​ឆ្នាំ​ម្តង​មួយ​នេះ ដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​លើក ពេល​ពី​ចុងឆ្នាំ​២០២១​ទៅ​អំឡុង​ពាក់ កណ្តាល​ឆ្នាំ​២០២២ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា ប្រចាំឆ្នាំ​២០២១ មាន​ចំនួន​សរុប ១៣​នាក់ ក្នុងនោះ​មាន​កីឡាការិនី​២​នាក់ និង​មានកីឡាករ​ចំនួន ១១​នាក់ ដែល​កំពុង​ហ្វឹកហាត់​នៅ​នាយកដ្ឋា​ន​អង្គរក្ស និង​កីឡាករ​ម្នាក់ទៀត​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​វៀតណាម​។

លោក​បន្ថែមថា សហព័ន្ធ​នឹង​ព្យាយាម​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ឱ្យ​ដណ្តើម​មេដាយ​បាន​ច្រើន ឬ​ឈានទៅរក​មេដាយ​កម្រិត​ខ្ពស់ជាង​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩ ដោយ​ធ្លាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ចំនួន ៥​គ្រឿង​។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បានដាក់​ក្តីសង្ឃឹម ថា ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា នឹង​អាចមាន​លទ្ធភាព​ប្រជែង​បាន​មេដាយ​ច្រើន ជាង​ស៊ី​ហ្គេម​កន្លងមក ដើម្បី​បំបែក​កំណត់ត្រា​ថ្មី​មួយ​របស់​ប្រភេទ​កីឡា​ប្រដាល់សកល​។ ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណា​ម គឺជា​ហ្គេម​យុទ្ធសាស្ត្រ​ចុងក្រោយ ដើម្បី​កំណត់​គោលដៅ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ នៅ​កម្ពុជា ដោយ​សហព័ន្ធ​ជំនាញ មួយ​នេះ​នឹង​បន្ត​ពង្រឹង​បច្ចេកទេស​របស់​ក្រុម​ជម្រើស ជាតិ ដែល​កំពុង​ហ្វឹកហាត់​ក្នុងស្រុក និង​កីឡាករ​កំពុង​ហ្វឹកហាត់​នៅក្រៅ​ប្រទេស (​ទម្ងន់​៩០​គីឡូក្រាម​) ធ្វើយ៉ាងណា​ឲ្យ​ប្រជែង​បាន​មេដាយមាស​១​គ្រឿង ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់ខ្លួន​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម