Connect with us

កីឡា

តើ​កម្ពុជា​ស្គាល់​ជ័យជម្នះ​លើកដំបូង​ទេ​ប៉ះ​ឡាវ​ល្ងាច​នេះ?

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ វេលា​ម៉ោង​៤:៣០​នាទីល្ងាច​នេះ​ក្នុង​ពាន AFF Cup នៅ​ប្រទេស​សិង្ហបុរី។

កម្ពុជា និង​​ឡាវ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ម្តង​ណា​ឡើយ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល B ក្នុង​នោះ​កម្ពុជា​ចាញ់​២​ប្រកួត​​ធ្វើ​ឲ្យ​​​ឱកាស​​​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ស្តួច​ស្តើង​ ខណៈ​ឡាវ​​អស់​ឱកាស​ហើយ​ក្រោយ​ចាញ់​៣​ប្រកួត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២​​​ប្រកួត​របស់​ក្រុម​គោព្រៃ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី​ ១-៣ និង​ចាញ់​ឥណ្ឌូណេស៊ី ២-៤។ បរាជ័យ​ទាំង​ពីរ​លើក​នេះ កម្ពុជា​ស៊ុត​ចូល​ដៃ​គូ​បាន​៣​គ្រាប់ ខណៈ​ដៃ​គូ​ស៊ុត​ចូល​វិញ​៧​គ្រាប់។

ចំណែក​ក្រុម​ជម្រើស​ជាតិ​ឡាវ​វិញ​រកបាន​តែ​១​គ្រាប់ប៉ុណ្ណោះ​ពី​បរាជ័យ​ទាំង​៣​លើក ហើយ​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​វិញ​១១​គ្រាប់​ក្នុង​នោះ​ចាញ់​វៀតណាម ២-០, ចាញ់​ម៉ាឡេស៊ី ៤-០ និង​ចាញ់​ឥណ្ឌូណេស៊ី ៥-១។

ឡាវ​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​គឺ​ជា​ការ​បញ្ចប់​ភារកិច្ច​ក្នុង​ពាន​ AFF Cup 2020 នេះ មុន​ពេល​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ចំពោះ​កម្ពុជា​​ ថ្ងៃ​នេះ​ជា​ការ​ប្រកួត​ទី៣ និង​ត្រូវ​ប្រកួត​បញ្ចប់វគ្គ​សន្សំ​ពិន្ទុ​ក្នុងពូលជា​មួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ វៀតណាម នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

រហូត​ដល់​ពេល​នេះ នៅ B មិន​ទាន់​រក​ឃើញ​ក្រុម​ណា​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ឡើយ​ដោយ​​មាន​៣​ក្រុម​គឺ​ឥណ្ឌូណេស៊ី វៀតណាម និង​ម៉ាឡេស៊ី មាន​៦​ពិន្ទុ​ស្មើ​គ្នា។

រវាង​កម្ពុជា និង​ ឡាវ ប្រសិន​បើ ក្រុម​ណា​ឈ្នះ​ ឬ​ក្រុម​ទាំង​ពីរ​ស្មើ​​​ល្ងាច​នេះ​មាន​ន័យ​ថា នឹង​ស្គាល់​ជ័យជម្នះ ឬ​ពិន្ទុ​ជា​លើក​ដំបូង។ នៅ​វេលា​ម៉ោង​៧:៣០​នាទី​យប់​នេះ​នៅ​ពូល​ជា​មួយ​គ្នា​ វៀតណាម ប្រកួត​ជា​មួយ​ឥណ្ឌូណេស៊ី។

ចំពោះ​នៅ​ពូល A វិញ​រក​ឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​អស់​ហើយ​គឺ ម្ចាស់​ផ្ទះ​សិង្ហបុរី និង​ថៃ ខណៈ​​ហ្វីលីពីន មីយ៉ាន់ម៉ា និង​ទីម័រ​ខាង​កើត​អស់​ឱកាស​ហើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម